ព័ត៌មានជាតិ

សមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់និងខ្មែរម្នាក់ជាប់សង្ស័យករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិន

(បន្ទាយមានជ័យ) ៖ ជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញ
ស្លាប់ក្នុងប្រឡាយទឹកក្បែរទីលានចាក់សំរាមនៅវេលាម៉ោង០៩និង៣៤នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចម្ការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចប្រាប់ថាៈ ជនរងគ្រោះម្នាក់ឈ្មោះ SHEN JIANGUO ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន រស់នៅក្នុងបុរីសានហូ ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ជនរងគ្រោះមានស្នាមរបួសដោយគ្រាប់កាំភ្លើងនៅចំណុចក្បាលខាងក្រោយផ្នែកខាងឆ្វេងធ្លាយមកមុខត្រង់ចំណុចថ្ងាសខាងឆ្វេង ហើយនៅជុំវិញបរិវេណកន្លែងកើតហេតុបានបន្សល់ទុកសំបកគ្រាប់កាំភ្លើងខ្លីចំនួន៣គ្រាប់, សំបកផ្ទុះ២គ្រាប់និងគ្រាប់មិនទាន់ផ្ទុះ១គ្រាប់ ជាប្រភេទកាំភ្លើងខ្លីម៉ាកម៉ាក់GLOUK-17 ។

នៅកន្លែងកើតហេតុគេឃើញមានលោក លឹម ប៊ុនសុភ័ក្រ្ត ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញកងរាជអាវុធក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង២២និង៣០នាទី ថ្ងៃខែឆ្នាំដដែលទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់រួមមាន៖

១-ឈ្មោះ ZHOU YONG (ហៅម៉ាទីន) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន។

២-ឈ្មោះ ឡោ លឹមហាប់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យខាងលើស្នាក់នៅក្នុងបុរីសុខស្រេង ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

វត្ថុតាងចាប់យក៖

១-កាំភ្លើងខ្លីម៉ាកGLOUK-17 លេខតួTSV665(បង់០១ គ្រាប់០៥គ្រាប់) ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ឈ្មោះ Zhou Yong។

២-កាំភ្លើងខ្លីម៉ាកK54 លេខតួ29103187 (បង់០១ គ្រាប់០៧គ្រាប់) ចំនួន០១ដើម ជាកម្មសិទ្ធិរបស់ឈ្មោះ ឡោ លឹមហាប់។

ដើមបណ្ដឹងឈ្មោះ Li Zhong Guo ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត (ត្រូវជាបងជីដូនមួយជនរងគ្រោះ)។

បច្ចុប្បន្ននេះ ជនសង្ស័យរួមជាមួយវត្ថុតាងខាងលើត្រូវបានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតយកទៅសួរនាំដើម្បីរៀបចំចាត់ការតាមនីតិវិធី ច្បាប់៕ដោយ ព្រ ហម

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។