ព័ត៌មានជាតិ

អបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២១ ក្រោមប្រធានបទ”ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើង-ទាំងអស់គ្នាបន្តធ្វើសកម្ម ភាពដោយមិនឈប់ឈរឡើយ”

(ព្រៃវែង) ៖ក្នុងតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ណែនាំ និងតម្រង់ទិស ជាពិសេសយុវជន អ្នកស្ម័គ្រចិត្ត ដែលជាប្រតិបត្តិករនៅមូលដ្ឋានផ្ទាល់នឹងជាកម្លាំងស្ម័គ្រចិត្តចូលរួមបំពេញការងារដោយក្ដីស្រឡាញ់ និងស្នាមញញឹម ។ ដើម្បីអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២១ ក្រោមប្រធានបទ”ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើង-ទាំងអស់គ្នាបន្តធ្វើសកម្មភាពដោយមិនឈប់ឈរឡើយ” នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ព្រមទាំងមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត មន្ត្រីទំនាក់ទំនងទីប្រឹក្សាយុវជន ទីប្រឹក្សាយុវជន កក្រក យុវជនកាកបាទក្រហមកម្ពុជា សរុបអ្នកចូលរួមចំនួន ១១៩នាក់ ពិធីនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

លោក ស្រី អ៊ុក មាសសូលីណា នាយិកាកាសាខា បានអានរបាយការណ៍ នៅក្នុងឆ្នាំ២០២១ រយៈពេល ១១ខែ អ្នកស្ម័គ្រចិត្ត កក្រក ក្រុងស្រុកទាំង ១៣ សរុបចំនួន ២៥៧នាក់ បានចូលរួមសកម្មភាពផ្តល់អំណោយគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ទិវាឆ្មបជាតិ ផ្សព្វផ្សាយអំពីការបង្ការជំងឺគ្រុនឈាម បញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីការបង្ការ និងការរាតត្បាតនៃជំងឺកូវីដ-១៩ ផ្តល់ស្បៀងដល់កុមារងាយរងគ្រោះដោយសារមេរោគអេដស៍/ជំងឺអេដស៍ បញ្រ្ជាបអំពីការធ្វើតេស្តឈាមរកមេរោគអេដស៍/ជំងឺអេដស៍ ផ្សព្វផ្សាយអំពីសុខភាពមនុស្សចាស់ និងជួយសាងសង់ផ្ទះ សរុបចំនួន ៣៦៤លើក មន្ត្រីទំនាក់ទំនងទីប្រឹក្សាយុវជន ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៣៥៤នាក់ បានចូលរួមសកម្មភាពផ្តល់អំណោយដល់ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ភ្លើងឆេះផ្ទះ ខ្យល់កន្ត្រាក់បាក់រលំផ្ទះ ឧប្បទវហេតុផ្សេងៗ ជួយសាងសង់ផ្ទះ ផ្តល់រទេះជនពិការ សម្អាតបរិស្ថាន ផ្តល់ស្បៀងដល់កុមារអេដស៍ ពិធីពិនិត្យ និងព្យាបាលជំងឺ សម្របសម្រួលការចាក់វ៉ាក់សាំង ចូលរួមបាញ់ថ្នាំសម្លាប់មេរោគ បាញ់អាល់កុល សម្អាតបរិស្ថានសាលារៀន ផ្តល់អំណោយដល់គ្រួសារក្រីក្រ អ្នកមានជំងឺ ផ្សព្វផ្សាយការកៀរគរមូលនិធី ច្បាប់ចរាចរណ៍ ចូលរួមវគ្គបណ្តុះបណ្តាលតាមអនឡាញស្តីពីសុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសាស្ត្រសង្គម និងការចូលរួមការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវីដ-១៩ សុវត្ថិភាពចរាចរណ៍ និងពិការភាព ចូលរួមសម្ភោធសាលា និងសមិទ្ធផលនានាក្នុងវត្ត ពិធីបុណ្យផ្សេងៗ សរុបចំនួន ៩០លើក។ ហើយបច្ចុប្បន្នភាពអ្នកស្ម័គ្រចិត្តអនុសាខាក្រុង ស្រុក ទាំង១៣ មានចំនួន ១,៧៧៦នាក់ ស្រី ៧៤៧នាក់ និងយុវជនកាកបាទក្រហមកម្ពុជា ទាំង ៣២វិទ្យាល័យ មានចំនួន ៣,៣៧២នាក់ ស្រី ២,១៥៣នាក់ សម្រាប់ឆ្នាំ២០២១ ។

ក្នុងឱកាសនោះដែរលោក ប៉ាវ សុធីរ សមាជិកគណៈកម្មាធិការសាខា ទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្ត បានអានសារលិខិតទាំងស្រុងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារនិងអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ដ៏ប្រសើរថ្លៃថ្នានេះ ក្នុងព្រះបរមនាម ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស សូមថ្លែងការកោតសរសើរ និងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្មួយៗ ជាយុវជនកាកបាទក្រហមកម្ពុជា បង-ប្អូនជាអ្នកស្ម័គ្រចិត្តទាំងអស់ ដែលក្នុងគ្រប់កាលៈទេសៈ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំនូវការប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធនានា បង-ប្អូនអ្នកស្ម័គ្រចិត្ត ក្មួយៗ ជាយុវជនកាកបាទ ក្រហមកម្ពុជាទាំងអស់ ដែលកំពុងបម្រើការងារផ្នែកមនុស្សធម៌នៅទូទាំងខេត្តព្រៃវែង។

ឯកឧត្តមឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍ បានបន្ថែមទៀតថា ដើម្បីអបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្ត តែងតែរៀបចំពិធីនេះធ្វើឡើងក្នុងគោលបំណង កោតសរសើរ និងថ្លែងអំណរគុណ ការខិតខំប្រឹងប្រែងរបស់ យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ មិនមែនមានតែយុវជន និងអ្នកស្ម័គ្រកាកបាទក្រហមកម្ពុជាមួយទេ គឺគ្រប់ស្ថាប័ន អង្គការនានា ដែលបានបំពេញភារកិច្ចជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត ។ ឯកឧត្តមឧកញ៉ា បានបន្តទៀតថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាមិនត្រឹមមាននៅតាមសហគមន៍នោះទេ ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា និងថ្នាក់ដឹកនាំគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង១៣ ក៏ជាអ្នកស្ម័គ្រចិត្ត ដែលបានប្រឹងប្រែងទំាងកម្លាំងកាយចិត្ត និងចំណាយពេលវេលាផ្ទាល់ខ្លួនដោយមិនខ្លាចនឿយហត់ ដើម្បីចូលរួមការងារមនុស្សធម៌។

ក្នុងនោះដែរ ឯកឧត្តមឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានប្រគល់ប័ណ្ណសរសើរដល់អ្នកស្ម័គ្រចិត្ត ចំនួន ១៦០នាក់ និងយុវជនកក្រក ចំនួន ១៣នាក់។ សាខា ក៍បានផ្តល់វត្ថុអនុសាវរីយ៍ មានឃីតអនាម័យ ១កញ្ចប់(ជែល សាប៊ូ ម៉ាស់) និងឧបត្ថម្ភថវិកាដល់អ្នកស្ម័គ្រចិត្ត ចំនួន ៥០,០០០រៀល និងយុវជនកក្រក ថវិកាចំនួន ២០,០០០រៀល៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។