ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ និងសហ ការីបានអញ្ជើញមកពិនិត្យសកម្មភាពជួសជុល កែលម្អផ្លូវលំក្រាលគ្រួសក្រហម ដែលបានរៀបចំជួសជុលកែលម្អដោយក្រុមការងារចុះជួយឃុំរអាង និងឃុំទ្រាន

(កំពង់ចាម) :ចេញពីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ឯកឧត្តមប្រធានក្រុមការងារ និងសហ ការីបានអញ្ជើញមកពិនិត្យសកម្មភាពជួសជុល កែលម្អផ្លូវលំក្រាលគ្រួសក្រហម ដែលបានរៀបចំជួសជុលកែលម្អដោយក្រុមការងារចុះជួយឃុំរអាង និងឃុំទ្រាន។ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានឲ្យដឹងថាផ្លូវលំនេះមានប្រវែង ៨ ២០០ម៉ែត្រ កាត់ឃុំរអាង និងឃុំទ្រាន នៃស្រុកកំពង់សៀម ដែលគ្រោងចំណាយថវិកា ៦៥ ០០០ដុល្លារ។

ឯកឧត្តមប្រធានក្រុមការងារ បានកោតសរសើរចំពោះឯកឧត្តមប្រធានក្រុមការងារចុះឃុំរអាង សហការី អាជ្ញាធរឃុំ និងបងប្អូនប្រជាពលរដ្ឋ ដែលបានមូលមតិគ្នាផ្តួចផ្តើមជួសជុលផ្លូវលំនេះ
ឲ្យបានល្អឡើងវិញ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួម បម្រើឲ្យវិស័យសេដ្ឋកិច្ច និងសង្គម។ សកម្មភាពនេះ ឯកឧត្តមប្រធានក្រុមការងារបានបញ្ជាក់ថាវាពិតជាបានបង្ហាញឲ្យឃើញពីការគិតគូ យកចិត្តទុកដាក់ ទទួលខុសត្រូវ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងតាមការចាំបាច់ជាក់ស្តែង ដើម្បីអភិវឌ្ឍមូលដ្ឋានឲ្យមានការរីកចម្រើន បង្កលក្ខណងាយស្រួលក្នុងការធ្វើដំណើរ។

នាឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារបានសុំឲ្យអាជ្ញាធរឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋជួយថែរក្សា ការពារឲ្យបានគង់វង្សល្អទុកប្រើប្រាស់ជាសម្បត្តិរួម។ ឯកឧត្តមប្រធានក្រុមការងារក៏បានណែនាំឲ្យឯកឧត្តមប្រតិភូធ្វើទំនាក់ទំនងទៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីស្នើសុំកិច្ចសហការលើការងារសំខាន់ៗមួយចំនួនទៀត ធ្វើយ៉ាងណាឲ្យការជួសជុលផ្លូវនេះដំណើរការទៅដោយរលូន និងមានគុណភាព។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។