ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត

(កំពង់ចាម) :នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។ សន្និបាតនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានសាលាដំបូង តំណាងយោធភូមិភាគ២ កងកម្លាំងទាំង៣ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយក នាយករងរដ្ឋបាល ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុក មេឃុំចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមនឹងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្ត ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទី ភារកិច្ច តាមកំណត់ នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំង ចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើឱ្យរដ្ឋបាលខេត្តកំពង់ចាម សម្រេចបានសមិទ្ធផលនានា នៅរយៈពេលកន្លងមកនេះ។

ឯកឧត្ដមអភិបាលខេត្ត លើកឡើងថា ស្របតាមការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ អង្គសន្និបាតរបស់យើងនាពេលនេះ គឺជាឱកាសដ៏សមស្រប សម្រាប់យើងទាំងអស់គ្នា រួមគ្នាធ្វើការវាយតម្លៃ អំពីលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក និងលើកយកបញ្ហាប្រឈមនៅសេសសស់ ដើម្បី កំណត់ទិសដៅការងារ អនុវត្តក្នុងឆ្នាំ២០២២ ឱ្យកាន់តែមានប្រសិទ្ធភាព ។ ឯកឧត្ដម លើកឡើងថា នៅក្នុងឆ្នាំ២០២១ កន្លងទៅ សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយបានល្អ យើងទាំងអស់គ្នា បន្តជម្រុញដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម មានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ ។ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងកំពង់ចាម បានសហការនឹងបានចូលរួមពីកម្លាំងអនុវត្តច្បាប់នានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រការចូលរួម ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បានរួមគ្នាយ៉ាងសកម្ម ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានា ក្នុងខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដូចជា បញ្ហាប្រឈម ពិសេស បញ្ហាគ្រឿងញៀនខុសច្បាប់ ការអនុវត្តច្បាប់ចរាចរណ៍ ការបង្ក្រាបល្បែងស៊ីសង ការប្រយុទ្ធប្រឆាំងនឹងការជួញដូរ ការដោះស្រាយជម្លោះដីធ្លី របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការអនុវត្តដំណើរការ នៃការចុះបញ្ជីជាលក្ខណៈប្រព័ន្ធ នៅមិនទាន់បានចប់សព្វគ្រប់នៅឡើយ ការឆ្លើយតបនឹងការគ្រប់គ្រងគ្រោះមហន្តរាយដោយធម្មជាតិ ដែលកើតមាននៅក្នុងខេត្ត រួមនឹងការអនុវត្តវិធានការ បទបញ្ជានានា របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ អាជ្ញាធរ មូលដ្ឋាន រួមនឹងកងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ បានចូលរួមយ៉ាងសស្រាក់សស្រាំ និងចាត់វិធានការបង្ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ទន្ទឹមនឹងសមិទ្ធផលទាំងអស់នេះ យើងក៏កត់សម្គាល់ឃើញការងារ ដែលនៅសេសសល់ និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់រដ្ឋបាលខេត្តយើង ដែលបានគូសបញ្ជាក់ក្នុងរបាយការណ៍ ហើយថ្នាក់ដឹកនាំខេត្ត បានឯកភាពកំណត់យកទិសដៅ និងបញ្ហាប្រឈមជាចំបងៗ រៀបចំជាប្រធានបទ សម្រាប់ពិភាក្សា នៅតាមក្រុម នាពេលនេះ ផងដែរ ។ ដូច្នេះ សូមលើកទឹកចិត្តឯកឧត្តមលោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃអង្គសន្និបាត ផ្ដល់នូវការគាំទ្រ និងចូលរួមខិតខំអស់កម្លាំងកាយ ប្រាជ្ញាស្មារតី ដើម្បី ពិភាក្សាឲ្យបានផុលផុសអំពីសមិទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងផ្ដល់នូវបទពិសោធន៍ល្អៗ សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារ ឆ្នាំ២០២២ នេះឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀត៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។