ព័ត៌មានជាតិ

សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នឹងប្រព្រឹត្តិទៅ នាព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២

(ភ្នំពេញ)  :សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន និងកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦។

ជាលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលបានធ្វើឡើងតាមប្រព័ន្ឋវីដេអូ ( Zoom) បានកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ ដោយមានរបៀបវារៈសំខាន់ចំនួន៤ រួមមាន៖

១- ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

២- របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី៦។

៣- ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ ៩ ឆ្នាំ ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៦។

៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹក ថ្ងៃទី២៥ ខែមីនា នេះ ក៏បានអនុម័តផងដែរ លើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ចំនួន៣រូប រួមមាន ឯកឧត្តម សត្យា វុធ, ឯកឧត្តម សុខ ផេង និង ឯកឧត្តម សេរី កុសល៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។