ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម លទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ ដោយសារទឹកជំនន់នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តរតនគិរី និងខេត្តកណ្តាល ដែលទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១

(ភ្នំពេញ) ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ ដោយសារទឹកជំនន់នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ខេត្តរតនគិរី និងខេត្តកណ្តាល ដែលទទួលបាននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១

១. ខេត្តបន្ទាយមានជ័យ

 ការដាំដុះដំណាំស្រូវឆ្នាំ២០២១ សម្រេចបានចំនួន ២៦៤ ៩០៥ ហ.ត ស្មើនឹង ១០៤.៩៩% នៃផែនការ
 ដោយសារឥទ្ធិពលនៃព្យុះបង្កឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងទទួលទឹកជំនន់មកពីប្រទេសថៃចាប់ពីថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២១ ដែលបានធ្វើឲ្យស្រុកចំនួន ៣ បានរងផលប៉ះពាល់ដំណាំស្រូវឡើងទឹក និងស្រូវកណ្តាល លើផ្ទែដី សរុបចំនួន ៣៧ ២២៣ ហ.ត និងខូចខាតអស់សរុបចំនួន ២៤ ៦៦១ ហ.ត ក្នុងនេះរួមមាន៖
o ស្រុកព្រះនេត្រព្រះ បានប៉ះពាល់ចំនួន ១០ ៣១៤ ហ.ត និងខូចទាំងស្រុងចំនួន ៧ ១៧៨ ហ.ត
o ស្រុកភ្នំស្រុក បានប៉ះពាល់ចំនួន ៩ ៣៧៥ ហ.ត និងខូចទាំងស្រុងចំនួន ៦ ៩៥៥ ហ.ត និង
o ស្រុកមង្គលបូរី បានប៉ះពាល់ចំនួន ៦ ៣៣៦ ហ.ត ខូចខាតទាំងស្រុងចំនួន ៥ ១១០ ហ.ត ភាគច្រើនជាប្រភេទស្រូវស្រាលដាំដុះលើដី ដែលកសិករបានប្រមូលផលស្រូវដើមរដូវវស្សាម្ដងរួចហើយ ដែលស្ថិតនៅប៉ែកខាងលិចផ្លូវជាតិលេខ៥ គឺឃុំចំណោម និងឃុំសឿ។
 ដំណាំឧស្សាហកម្ម ដំណាំបន្លែ និងដំណាំរួមផ្សំបានទទួលរងផលប៉ះពាល់លើផ្ទៃដាំដុះសរុបចំនួន ៦ ៦៧៨ ហ.ត និងខូចខាតសរុបចំនួន ២ ៧០២ ហ.ត ។ ស្រុកដែលរងផលប៉ះពាល់ច្រើនជាងគេ គឺ
o ស្រុកភ្នំស្រុកចំនួន ២ ២៨០ ហ.ត
o ស្រុកថ្មពួកចំនួន ២ ១៣៧ ហ.ត និង
o ស្រុកម៉ាឡៃចំនួន ៦៧៣ ហ.ត ។
 ផ្ទៃដីដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារទឹកជំនន់មានចំនួន ១៤,០៥% និងផ្ទៃដីខូចខាតមានចំនួន ៩,៣០% បើធៀបនឹងផ្ទៃដីផលិតកម្មស្រូវវស្សាសរុបចំនួន ២៦៤ ៩០៥ ហ.ត ។
 ដោយអនុវត្តយន្តការថ្មីតាមអនុក្រឹត្យលេខ១២៤ អនក្របក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មកដល់ពេលនេះ អាជ្ញាធរខេត្តបានស្នើសុំគ្រាប់ពូជស្រូវចំនួន ៣៧៥ តោន សម្រាប់ធ្វើការស្តារឡើងវិញ។

២. ខេត្តបាត់ដំបង

 ការដាំដុះដំណាំស្រូវរដូវវស្សាសម្រេចបានលើផ្ទៃដីសរុបចំនួន ៣៩៧ ៦២៨ ហ.ត ស្មើនឹង ១២០,៤៩% នៃផែនការ ៣៣០ ០០០ ហ.ត
 មានស្រុកចំនួន៥ ដែលបានទទួលរងផលប៉ះពាល់ដោយជំនន់គឺ ស្រុកថ្មគោល បវេល មោងឫស្សី ឯកភ្នំ និងស្រុករុក្ខគីរី ដែលក្នុងនោះ ផ្ទៃដីដំណាំស្រូវដែលប៉ះពាល់សរុបមានចំនួន ២៨ ៨៥៧ ហ.ត និងខូចខាតទាំងស្រុងមានចំនួន ១៤ ៧០៤ ហ.ត ហើយស្រុកដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ច្រើនជាងគេ គឺ៖
o ស្រុក ថ្មគោល បានប៉ះពាល់ចំនួន ៩ ៩៦៨ ហ.ត និងខូចខាតចំនួន ៥ ១០៤ ហ.ត
o ស្រុកបវេល បានប៉ះពាល់ចំនួន ៩ ២៦០ ហ.ត និងខូចខាតចំនួន ៥ ១៨៧ ហ.ត និង
o ស្រុកមោងឫស្សី បានប៉ះពាល់ចំនួន ៧ ៧០២ ហ.ត និងខូចខាតចំនួន ៣ ៧៧៥ ហ.ត។
 ដំណាំស្រូវដែលរងផលប៉ះពាល់ និងខូចខាតភាគច្រើន គឺជាស្រូវដែលទើបបានធ្វើការដាំដុះស្តារឡើងវិញ បន្ទាប់ពីខូចខាតដោយសារគ្រោះរាំងស្ងួត និងស្រូវដែលទើបដាំដុះបន្ទាប់ពីប្រមូលផលស្រូវដើមរដូវវស្សារួច។
 ដំណាំឧស្សាហកម្ម និងដំណាំសាកវប្បកម្ម បានទទួលរងផលប៉ះពាល់មានចំនួន ៣ ៩០៨ ហ.ត និងខូចខាត ចំនួន ៥៣៧ ហ.ត ដែលក្នុងនេះ៖
o ស្រុករតនមណ្ឌលចំនួន ២០៧ ហ.ត ខូចខាតចំនួន ១០៨ ហ.ត
o ស្រុកបវេលចំនួន ១ ០៩៣ ហ.ត ខូចខាតចំនួន ៤២៩ ហ.ត
o ស្រុកបាណន់ចំនួន ១០១ ហ.ត
o ស្រុកភ្នំព្រឹកចំនួន ២ ៦៣៣ ហ.ត និង
o ស្រុកគាស់ក្រឡចំនួន ១ ២៧៥ ហ.ត
 ទឹកជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២១នេះ បានធ្វើឱ្យផ្ទៃដីផលិតកម្មដំណាំស្រូវវស្សា ទទួលរងផលប៉ះពាល់ សរុបចំនួន៧,៨៩% និងខូចខាតអស់ចំនួន ៤,០២% បើធៀបនឹងផ្ទៃដីផលិតកម្មដំណាំស្រូវវស្សា ដែលអនុវត្តបាន
 ទឹកជំនន់ពីស្ទឹងសង្កែថ្មីៗនេះ មិនបង្កផលប៉ះពាល់ដល់ដំណាំស្រូវប្រភេទស្រូវកណ្តាល និងស្រូវធ្ងន់ ដែលដាំដុះតាមបណ្តោយស្ទឹងសង្កែនោះទេ ព្រោះទឹកជន់លិចរយៈពេលខ្លីបំផុត និងមិនលិចដល់កួរស្រូវទេ។ ផ្ទុយទៅវិញ វាធ្វើឱ្យដំណាំស្រូវលូតលាស់កាន់តែល្អប្រសើរមួយកម្រិតថែមទៀត ។
 នៅស្រុកឯកភ្នំ ដំណាំស្រូវដែលទើបនឹងដាំដុះបន្ទាប់ពីប្រមូលផលស្រូវដើមរដូវវស្សា បានរងផលប៉ះពាល់ខ្លះ ប៉ុន្តែមួយចំនួនបានលូតលាស់ល្អឡើងវិញបណ្តើរៗហើយ។ កសិករបាននិងកំពុងចាប់ផ្ដើមដាំដុះស្តារឡើងវិញជាបណ្តើរៗ ហើយសម្រាប់ស្រុកថ្មគោល និងស្រុកបវេល កសិករនឹងចាប់ផ្តើមដាំដុះស្តារឡើងវិញឆាប់ៗនេះ បន្ទាប់ពីទឹកជំនន់ស្រកចុះ ក្នុងលក្ខណៈជាស្រូវបណ្ដេញទឹក ដែលចាត់ចូលជាស្រូវប្រាំងឆ្នាំ២០២២ ។
 ដោយអនុវត្តយន្តការថ្មីតាមអនុក្រឹត្យលេខ១២៤ អនក្របក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ មកដល់ពេលនេះ អាជ្ញាធរខេត្តបានស្នើសុំគ្រាប់ពូជស្រូវចំនួន ៦៥៣,៥ តោន សម្រាប់ស្រុកបវេល និងស្រុកថ្មគោល សម្រាប់ធ្វើការស្តារឡើងវិញ។

៣. ខេត្តរតនគិរី

 បានសម្រេចធ្វើការដាំដុះ៖
o ស្រូវវស្សាលើផ្ទៃដីចំនួន ៣០ ៨៤៤ ហ.ត ស្មើនឹង ១០២,៨១% នៃផែនការចំនួន ៣០ ០០០ ហ.ត
o ដំណាំសាកវប្បកម្មរយៈពេលខ្លីសរុបចំនួន ១៥៩ ហ.ត ស្មើនឹង ១៥៧,៤៣% នៃផែនការចំនួន ១០១ ហ.ត និង
o ដំណាំឧស្សាហកម្មរយៈពេលខ្លីសរុបចំនួន ១៩ ៦៦៩ ហ.ត ស្មើនឹង១២៦,១២%នៃផែនការចំនួន ១៥ ៥៩៦ ហ.ត
 ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងលើដំណាំស្រូវ គ្រប់ដណ្តប់លើឃុំចំនួន១៩ ដែលមានផ្ទៃដីដាំដុះចំនួន ៣ ៩៧១ ហ.ត ក្នុងនេះមានការខូចខាតចំនួន ៥១១ ហ.ត ស្ថិតក្នុងស្រុកចំនួន៥ គឺស្រុកលំផាត់ ស្រុកកូនមុំ ស្រុកវ៉ើនសៃ តាវែង និង ស្រុកអូរយ៉ាដាវ ដែលក្នុងនោះស្រុកដែលរងផលប៉ះពាល់ខ្លាំងជាងគេ មានដូចជា៖
o ស្រុកលំផាត់ បានប៉ះពាល់លើផ្ទៃដីចំនួន ១ ៨៧៧ ហ.ត និងខូចខាតចំនួន ១៩១ ហ.ត និង
o ស្រុកកូនមុំ បានប៉ះពាល់លើផ្ទៃដីចំនួន ១ ៤១១ ហ.ត និងខូចខាតមានចំនួន ២៥៣ ហ.ត។
 ផលប៉ះពាល់ដំណាំសាកវប្បកម្មរយៈពេលខ្លីសរុបមានចំនួន ១២៤ ហ.ត និងខូចខាតចំនួន ៥ ហ.ត
 ផលប៉ះពាល់ដំណាំឧស្សាហកម្មរយៈពេលខ្លីសរុបមានចំនួន ១ ៩៨៦ ហ.ត និងខូចខាតចំនួន ៣០៨ ហ.ត។
តាមការវាយតម្លៃជាក់ស្តែងរបស់ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្រ្តីកសិកម្មស្រុក យើងអាចសន្និដ្ឋានដូចខាងក្រោម៖
 ដំណាំស្រូវដែលដាំដុះនៅតំបន់ទំនាប និងចំមុខទឹក គឺបានខូចខាតទាំងស្រុង ដែលផ្ទៃដីនេះមានប្រមាណ ២% បើធៀបនឹងផ្ទៃដីផលិតកម្មដំណាំស្រូវវស្សាដែលអនុវត្តបានក្នុងខេត្តរតនគីរី ដែលទទួលរងគ្រោះ ។
 ដំណាំស្រូវដែលស្ថិតក្នុងដំណាក់កាលចេញកួរចេញផ្កា និងដាក់ទឹកដោះដែលរងផលប៉ះពាល់ នឹងអាចថយចុះទិន្នផលប្រមាណ ៤០%។ ផ្ទៃដីដំណាំស្រូវដែលរងផលប៉ះពាល់ក្នុងងដំណាក់កាលនេះ មានប្រមាណ ១០% បើធៀបនឹងផ្ទៃដីផលិតកម្មដំណាំស្រូវវស្សាដែលអនុវត្តបានក្នុងខេត្ត ដែលទទួលរងគ្រោះ ។
 ចំពោះដំណាំស្រូវដែលស្ថិតក្នុងដំណាក់កាលពន្លូតដើម និងទុំដែលបានដាំដុះនៅតំបន់ខ្ពស់ពុំមានការខូចខាតទេ ។
 ចំពោះផ្ទៃដីខូចខាតជារួមក្នុងខេត្ត ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនឹងសហការជាមួយអាជ្ញាធរភូមិ ឃុំ និងស្រុក ស្រង់តួលេខលម្អិតតាមស្រុកនីមួយៗឱ្យបានច្បាស់លាស់តាមស្ថានភាពជាក់ស្តែងនៅពេលក្រោយ
 ចំពោះលទ្ធភាពអន្តរាគមន៍ដាំដុះស្តារឡើងវិញសម្រាប់ដំណាំស្រូវ គឺមិនមានទេ ព្រោះខ្វះប្រភពទឹក។ ប៉ុន្តែរាជរដ្ឋាភិបាលអាចគាំទ្រគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំ ជូនកសិកររងគ្រោះដែលខូចខាតដំណាំស្រូវ ដើម្បីដាំដុះសម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារនៅពេលខាងមុខ។

៤. ខេត្តកណ្តាល

 ការដាំដុះដំណាំស្រូវរដូវវស្សាសម្រេចបានលើផ្ទៃដីសរុបចំនួន ៣៩ ៨៩០ ហ.ត ស្មើនឹង ១៣០,៣៥% នៃផែនការ ៣០ ៦០០ ហ.ត ច្រើនជាងឆ្នាំមុន ៨ ០៣១ ហ.ត
 ការប្រមូលផលស្រូវរដូវវស្សាសម្រេចបានលើផ្ទៃដីសរុបចំនួន ២២ ៦៦៤ ហ.ត ទទួលបានទិន្នផលមធ្យម ចំនួន ៤,០៩៧ ត/ ហត និងបរិមាណផលចំនួន ៩២ ៨៤៥ តោន ។
 ផលប៉ះពាល់ដោយគ្រោះធម្មជាតិ៖
បានទទួលរងផលប៉ះពាល់ផ្ទៃដីដាំដុះដំណាំស្រូវសរុបចំនួន ១ ៧០២ ហ.ត និងបានធ្វើឲ្យខូចខាត ចំនួន ១៧៧ ហ.ត ស្ថិតនៅក្នុងស្រុកចំនួនពីរ៖
o គ្រោះរាំងស្ងួត៖ បានធ្វើឲ្យប៉ះពាល់ស្រូវរដូវវស្សាសរុបចំនួន ១ ១៦៩ ហ.ត ខូចខាត ១៧៧ ហ.ត
o គ្រោះទឹកជំនន់៖ បានធ្វើឲ្យប៉ះពាល់ស្រូវរដូវវស្សាសរុបចំនួន ៥៣៣ ហ.ត ស្ថិតនៅក្នុងឃុំរកា និងឃុំដើមឬស ។ បច្ចុប្បន្នដំណាំស្រូវទាំងនោះពុំទាន់មានការខូចខាតនៅឡើយទេ ។

៥. វិធានការ

 ក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាត់ដំបង និងខេត្តបន្ទាយមានជ័យឱ្យតាមដានស្ថានភាពទឹកជំនន់នេះ ចុះជួយវាយតម្លៃផលប៉ះពាល់ កំណត់តំបន់និងទំហំដែលអាចដាំដុះស្តារឡើងវិញ ដើម្បីរាយការណ៍ជូនអភិបាលខេត្ត និងថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
 ចំពោះវិធានការកាត់បន្ថយផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅឆ្នាំខាងមុខនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រុមការងារបានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តជួយផ្សព្វផ្សាយ និងជំរុញកសិករជាលក្ខណៈបុគ្គល ឬលក្ខណៈសហគមន៍លើកជាទំនប់ ឬភ្លឺព័ទ្ធជុំវិញឱ្យបានខ្ពស់ ដើម្បីការពារទឹកលិចស្រែនៅពេលដែលស្រូវមិនទាន់អាចប្រមូលបាន និងអាចឱ្យកសិករ ចាប់ផ្ដើមការដាំដុះស្តារឡើងវិញបានលឿននៅពេលទឹកចាប់ផ្តើមស្រកចុះផុតភ្លឺស្រែ (បូមទឹកចេញពី ស្រែដើម្បីដាំដុះ) ខណៈទឹកនៅក្នុងតំបន់នៅមានច្រើននៅឡើយ។ ការធ្វើបែបនេះ អាចឱ្យកសិករ កាត់បន្ថយហានិភ័យខ្វះទឹក នៅពេលដាំដុះស្តារឡើងវិញ។
 ចំពោះការត្រៀមបម្រុងគ្រាប់ពូជស្រូវសម្រាប់អន្តរាគមន៍ អគ្គនាយកដ្ឋានកសិកម្មបានណែនាំឱ្យលោកប្រធានកសិដ្ឋានផលិតពូជស្រូវទួលសំរោង ត្រៀមលក្ខណៈ ដឹកជញ្ជូនគ្រាប់ពូជស្រូវទៅតាមគោលដៅនីមួយៗ នៅពេលមានការអនុម័តពីប្រព័ន្ធស្បៀងបម្រុងកម្ពុជាឱ្យបានទាន់ពេលវេលា។
 មកដល់ពេលនេះ អគ្គនាយកដ្ឋានកសិកម្ម បានទទួលលិខិតអនុញ្ញាតបញ្ចេញគ្រាប់ពូជស្រូវអន្តរាគមន៍ជំហានទី១ពីលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចំនួន ១ ០២៨,៥ តោន ជូនដល់កសិករក្នុងខេត្តបន្ទាយមានជ័យចំនួន ៣៧៥ តោន និងខេត្តបាត់ដំបង ៦៥៣,៥ តោន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។