ព័ត៌មានជាតិ

” កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC ” បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធានាគុណភាពពូជដំណាំ (ប.គ.ព) (Quality Declared Seed-QDS) សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវ ពិធីនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន

ខេត្តកំពង់ធំ ស្រុកកំពង់ស្វាយ ឃុំត្រពាំងឬស្សី ភូមិគោកងួន នៅសហគមន៍ត្រពាំងឬស្សី នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយគម្រោងស្តីពី ” កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC ” បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធានាគុណភាពពូជដំណាំ (ប.គ.ព) (Quality Declared Seed-QDS) សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវ។ ពិធីនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ងួន រតន: អភិបាលនៃគណអភិបាលខេត្ត លោកស្រី Amber Cernobs លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Miyahary AI តំណាងអង្គការ JICA។ ពិធីនេះក៏មានវត្តមានឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម (GDA) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក-លោកស្រីប្រធានសហគមន៍កសិកម្មទាំង ១០ តំណាងឲ្យខេត្តទាំង ៨ គឺ៖ សហគមន៍កសិកម្មអូរសារាយ (តាកែវ) សហគមន៍កសិកម្មផលិតពូជស្រូវសំរោងមានជ័យ (បន្ទាយមានជ័យ) សហគមន៍កសិកម្មស្រករពន្លកថ្មី (ពោធិ៍សាត់) សហគមន៍កសិកម្មជីក្រែងសាមគ្គី (សៀមរាប) សហគមន៍កសិកម្មចម្រើនផលរាំងកេសី ទឹកចិត្តកសិករគារមានជ័យ និងឃុំកំពង់ព្រៀង (បាត់ដំបង) សហគមន៍កសិកម្មខេមស៊ីដជេជចង្វារ (កំពង់ឆ្នាំង) សហគមន៍កសិកម្មបាភ្នំមាន ជ័យ (ព្រៃវែង) និងសហគមន៍កសិកម្មឃុំត្រពាំងឬស្សី (កំពង់ធំ)។ ក្រៅពីនេះ ក៏មានវត្តមានអង្គការ IRRI និង CARDI និង មន្រ្តីជំនាញអញ្ជើញមកពី GDA។

ជាបឋមលោកអភិបាលនៃគណអភិបាលខេត្តបានអានរបាយការណ៍ជូនអង្គពិធីជ្រាបអំពីភូមិសាស្រ្តរដ្ឋបាល ការងារសេដ្ឋកិច្ច សង្គម និងបង្កបង្កើនផល។ល។ បន្ទាប់មកលោកស្រីតំណាង អង្គការ JICA និងស្ថានទូតអូស្រ្តាលីបានធ្វើចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងកម្មវិធីនាព្រឹកនេះ ហើយពួកគាត់សង្ឃឹមថា ប.គ.ព នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាគុណភាពគ្រប់ពូជស្រូវ ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្រូវទាំងបរិមាណ និងគុណភាព មានការប្រកួតប្រជែង ឆ្លើយ តបតាមតម្រូវការទីផ្សារ និងជាពិសេសចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់សមាជិកសហគមន៍តាមរយ:ការផលិត និងលក់ចែកចាយគ្រាប់ពូជស្រូវមានគុណភាពជូនកសិករនាពេលអនាគត។

មានចំណាប់អារម្មណ៍ នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏មាន តម្លៃដែលតួអង្គពាក់ព័ន្ធ បានសហការគ្នារៀបចំពិធីដ៏មានសារសំខាន់នេះឡើងប្រកបដោយផ្លែផ្កា និងជាពិសេសចំណាប់អារម្មណ៍របស់លោកស្រី Miyahary AI និងលោកស្រី Amber Cernobs។ លោកបានជម្រាបជូនអង្គពិធីថា ប.គ.ព (QDS) ត្រូវបានរៀបចំដោយផ្អែកលើសៀវភៅគោលការណ៍ណែនាំរបស់អង្គការ FAO នៅឆ្នាំ២០០៦។ ចាប់តាំងពីឆ្នាំ២០១៩ អគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយគម្រោងកម្មវិធីស្តីពី “ ខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី ហៅកាត់ថា CAVAC” និង JICA ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយពី ប.គ.ព ដល់អ្នកពាក់ព័ន្ធសរុបចំនួន ៨៥នាក់ ដែលអញ្ជើញមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងកសិករផលិតគ្រាប់ពូជស្រូវនៅក្នុងខេត្តទាំង ៨ ខាងលើ។ បន្ទាប់មក អគ្គនាយកដ្ឋានកសិកម្មបានបណ្តុះបណ្តាលមន្ត្រីបង្គោលនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីសាកល្បងអនុវត្ត ប្រព័ន្ធ ប.គ.ព លើផលិតកម្មគ្រាប់ពូជស្រូវ នៅក្នុងរដូវវស្សាឆ្នាំ២០២០ និងឆ្នាំ២០២១ ជាមួយសហគមន៍កសិកម្មចំនួន១០។ នៅក្នុងឆ្នាំ២០២២ បានរៀបចំចងក្រង និងបោះពុម្ពឯកសារសំខាន់ៗមួយចំនួនដូចជា ១. គោលការណ៍ណែនាំស្តីពី ប.គ.ព ២. ឯកសារ ប.គ.ព សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវ និង៣. គោលការណ៍ណែនាំបច្ចេកទសេត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវតាម ប.គ.ព ដែលនឹងចែកជូន និងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ។

សមិទ្ធផលដែលយើងសម្រេចបានខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាវាពិតជាបានឆ្លើយតប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យកសិកម្ម គឺការធ្វើទំនើបកម្មវិស័យកសិកម្ម ការបង្កើនតម្លៃបន្ថែម និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ និងការប្រកួតប្រជែងក្នុងតំបន់ និងនៅលើសាកលលោក ជាពិសេសការធានាចីរភាពកំណើនសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ ការបង្កើតការងារ កាត់បន្ថយចំណាកស្រុក និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង ចីរភាព និង បរិយាប័ន្នដោយផ្សារភ្ជាប់ទៅនឹង “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា” នាឆ្នាំ២០៣០ ។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យ នាយកដ្ឋានពូជដំណាំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងជាពិសេសដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគមន៍កសិកម្ម និងស្ថាប័នពាក់ព័ន្ធបន្តគាំទ្រ ជួយសហការអនុវត្ត ប.គ.ព នេះឱ្យទទួលបានជោគជ័យ សំដៅរួមគ្នាលើកស្ទួយវិស័យពូជដំណាំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងបង្កើនភាពជឿទុកចិត្ត និងបន្តគាំទ្រ។ សម្រាប់ទិសដៅអនុវត្តបន្ត ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្មយកចិត្តទុកដាក់លើចំណុចសំខាន់ៗខាងក្រោម ៖

ទី១. ត្រូវជំរុញការផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ និងគោលនយោបាយពូជដំណាំនៅកម្ពុជាឱ្យបានទូលំទូលាយ។

ទី២. ត្រូវជំរុញឱ្យអ្នកផលិតពូជ និងអ្នកធ្វើអាជីវកម្មពូជដំណាំនៅកម្ពុជា ចុះបញ្ជីប្រភេទពូជដំណាំដើម្បីធានាបាននូវគ្រាប់ពូជដែលមានគុណភាពល្អ។

ទី៣. ត្រូវពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ជាតិកសិកម្មសម្រាប់វិភាគគុណភាពពូជដំណាំ ដើម្បីគាំទ្រដល់ការត្រួតពិនិត្យគុណភាពពូជដំណាំដែលស្ថិតនៅក្រោមប្រព័ន្ធផ្តល់វិញ្ញាបនបត្រ និងសម្រាប់តាមដានគុណភាពពូជដំណាំដែលចរាចរនៅលើទីផ្សារ។

ទី៤. ត្រូវលើកទឹកចិត្តនិងជំរុញផលិតកម្មគ្រាប់ពូជ ដោយផ្សារភ្ជាប់រវាងអ្នកផលិត ជាមួយសហគមន៍កសិករ ឬអ្នកផលិតជាមួយក្រុមហ៊ុន តាមរយៈការអនុវត្តផលិតកម្មគ្រាប់ពូជតាមកិច្ចសន្យា។

ទី៥. ត្រូវចងក្រងនិងបោះពុម្ពឯកសារបច្ចេកទេស គោលការណ៍ណែនាំផ្សេងៗទាក់ទងនឹង ប.គ.ព និងផ្សាយឱ្យបានទូលំទូលាយ ។

ជាថ្មីម្តងទី ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះរដ្ឋាភិបាលអូស្រ្តាលី តាមរយ:កម្មវិធី CAVAC និងរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:អង្គការ JICA ដែលបានសហការជួបឧបត្ថម្ភទាំងសម្ភារ ឧបករណ៍បច្ចេកទេស និងថវិកា ដើម្បីគាំទ្រលើការអនុវត្តគម្រោងនេះ ហើយឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថាគម្រោងនឹងត្រូវបានពង្រឹង និងពង្រីកឲ្យបានកាន់តែទូលំទូលាយទូទាំងប្រទេស ដោយឈរលើការធានាគុណភាពគ្រប់ពូជខ្ពស់ជាចំបង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។