ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧

(ភ្នំពេញ) :នាព្រឹកព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ ។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមរដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលបាលជាតិ ព្រមទាំងសមាជិកសមាជិការជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គលេខធិការ អគ្គលេខាធិការរងតំណាងក្រសួស្ថាងប័នពាក់ព័ន្ធនានា អគ្គស្នងការរងនគរបាលជាតិ ថ្នាក់ដឹកនាំអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អងភិបាល អភិបាលរងរាជធានីខេត្ត មន្រ្តីពាក់ព័ន្ធ និងភ្ញៀវជាតិអន្តរជាតិ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើរបាយការណ៍ឱ្យដឹងថា ក្នុងរយៈកាលចុងក្រោយ ជាពិសេសនៅឆ្នាំ២០២១កន្លងទៅ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបានឆ្លៀតឱកាសដឹកជញ្ជូនគ្រឿងញៀនពីតំបន់ត្រីកោណមាសចូលមកកម្ពុជាតាមផ្លូវគោក និងផ្លូវទឹក ដើម្បីបន្តនាំចេញទៅប្រទេសទី៣ និងជួញដូរក្នុងស្រុក ហើយថ្មីៗនេះសមត្ថកិច្ចបានរកឃើញទីតាំងផលិតកែច្នៃគ្រឿងញៀនជ្រកក្រោមស្លាករោងចក្រ សិប្បកម្ម តាមខុនដូរ និងបុរីជាដើម ។

ឯកឧត្តមបានបន្ថែមថា ក្នុងឆ្នាំ២០២១ កងកម្លាំងអនុវត្តច្បាប់បង្ក្រាបបទល្មើសគ្រឿងញៀនសរុប ៦,៣០៨ករណី ខណៈឆ្នាំ២០២០ បង្ក្រាបបាន១០,៤៦១ករណី ឃាត់ខ្លួនជនសង្ស័យសរុប១៣,៩៧៩នាក់ ខណៈឆ្នាំ២០២០មានចំនួន២១,៥៦៦នាក់ ។ សមត្ថកិច្ចក៏បានចាប់យកសារធាតុញៀនសរុបជាង៤តោន ៦៨៩គីឡូក្រាម ខណៈឆ្នាំ២០២០មានជាង៣តោន ៨៧៥គីឡូក្រាម ។ ដោយឡែកករណីគ្រឿងញៀនចាប់ពី១គីឡូក្រាមឡើងមាន៧៣ករណី ចាប់មេខ្លោង៣១នាក់ ខ្សែរយៈ១៣៣នាក់ និងសាធាតុញៀនសរុបជាង៤ពាន់គីឡូក្រាម ។

បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វរិទ្ធ អគ្គលេខាធិការរអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានអានខ្លឹមសារនៃផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ រយៈពេលមួយឆ្នាំ ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ផ្ដោតលើការបន្តអប់រំផ្សព្វផ្សាយ ស្រាវជ្រាវ ស៊ើបអង្កេត និងបង្ការទប់ស្កាត់ បង្ក្រាប ពន្លឿនរាល់នីតិវិធីចាត់ចែងវត្ថុតាង និងទ្រព្យសម្បត្តិពាក់ព័ន្ធគ្រឿងញៀន លើកកម្ពស់សកម្មភាពប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបពង្រឹងនិងជំរុញសកម្មភាពអនុវត្តវិធានការព្យាបាល ស្ដារនីតិសម្បទា ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញថ្លែងជូនកិច្ចប្រជុំដោយគូសបញ្ជាក់អំពីការផ្លាស់ប្ដូរទិសនៃប្រតិបត្តិការបង្ក្រាបគ្រឿងញៀនតាមលំហរសមុទ្រដែលទាមទារនូវកិច្ចប្រជុំដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។ ជាមួយគ្នានេះឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានកត់សម្គាល់អំពីកំណើនករណីគ្រឿងញៀនទ្រង់ទ្រាយធំដែលកំពុងសំងំលួចលាក់កែច្នៃផលិតគ្រឿងញៀនដែលស្ថានភាពនេះមានការប្រែប្រួល និងទាមទារឱ្យមានការពិនិត្យឡើងវិញនូវវិធានបង្ក្រាបឱ្យមានប្រសិទ្ធភាព ។

ឯកឧត្តមប្រធានអាជ្ញាធរជាតិ ក៏បានទាញចំណាប់អារម្មណ៍អំពីការពិនិត្យឡើងវិញនូវវិធានការគ្រប់គ្រងសារធាតុគីមីដែលបំរើឱ្យវិស័យសង្គម និងសេដ្ឋកិច្ច ហើយដែលក្រុមឧក្រិដ្ឋជនអាចបង្វែយកទៅផលិតកែច្នៃជាគ្រឿងញៀនខុសច្បាប់ ដ្បិតវិធានការចាស់មានវិសាលភាពមិនទាន់ទូលំទូលាយ និងមិនទាន់ឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង ។ ជាមួយគ្នានេះឯកឧត្តមក៏បានលើកឡើងនូវយោបល់មួយជំនួនជូនអង្គប្រជុំ និងដើម្បីស្នើសុំការណែនាំបន្ថែមពីសម្ដេចក្រឡាហោម ស ខេង ប្រធានគណៈអធិបតីផងដែរ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបង្ក្រាបបានគ្រឿងញៀន និងសារធាតុគីមីផ្សុំជាច្រើនគួរឱ្យកត់សម្គាល់ក្នុងយុទ្ធនាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ឆ្នាំ២០២១កន្លងទៅ បើទោះបីជាត្រូវប្រឈមមុខនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។ សម្ដេចបន្ថែមថា ប្រតិបត្តិការនេះបានរួមចំណែកដ៏សំខាន់ក្នុងការការពារ និងថែរក្សាសន្តិសុខសាធារណៈ និងសុវត្ថិភាពសង្គមដែលជាមូលដ្ឋាននៃការអភិវឌ្ឍជាតិគ្រប់វិស័យ។

សម្ដេចក៏បានចាត់ទុកសមិទ្ធផលទាំងនេះថា ជាការបង្ហាញឱ្យឃើញពីការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋាន ពិសេសពីសំណាក់ប្រជាពលរដ្ឋទូទៅ និងវិស័យឯកជន រួមទាំងសប្បុរសជននានាដែលបានចូលរួមគ្រប់សកម្មភាពក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ក្នុងគោលដៅធ្វើឱ្យសម្រេចបានតាមទស្សនៈវិស័យចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀនខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា និងពិភពលោកកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មឃ្លៀវក្លាដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។

សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីនិន្នាការនៃការកែច្នៃសារធាតុគីមីផ្សុំផលិតជាគ្រឿងញៀន និងគូសបញ្ជាក់អំពីសារៈសំខាន់នៃការរិះរកយន្តការដើម្បីពង្រឹងការគ្រប់គ្រងសារធាតុគីមីដែលនាំចូលមកស្របច្បាប់ ហើយបញ្ចៀសកុំឱ្យឧក្រិដ្ឋជនយកទៅកែច្នៃផលិតជាគ្រឿងញៀន និងបានលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធបង្កើនការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការងារនេះ ។ ជាមួយគ្នានេះសម្ដេចក៏បានជំរុញឱ្យខិតខំបង្កើនការពង្រឹងគុណភាពនៃការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងបង្កើនការប្រុងប្រយ័ត្នករណីអ្នកវិលមកប្រើប្រាស់គ្រឿងញៀនវិញ ។

សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍អំពីសារៈសំខាន់នៃការអនុវត្តយុទ្ធនាការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ ក្នុងស្មារតីប្រកបដោយការទទួលខុសត្រូវ និងបានផ្ដល់អនុសាសន៍ឱ្យបន្តផ្សព្វផ្សាយអប់រំឱ្យកាន់តែប្រសើរជាងមុនដោយផ្ដោតឱ្យចំមុខសញ្ញា មានខ្លឹមសារស៊ីជម្រៅ ហើយពង្រីកសកម្មភាពឱ្យបានគ្រប់មធ្យោបាយ និងទីកន្លែង ព្រមទាំងជំរុញការផ្សព្វផ្សាយបន្តសំដៅធ្វើឱ្យជនគ្រប់រូបចៀសផុត និងមិនពាក់ព័ន្ធនឹងគ្រឿងញៀន ពិសេសការអនុវត្តទិសស្លោក៣កុំ ១រាយការណ៍។

សម្ដេចក្រឡាហោមក៏បានផ្ដល់អនុសាសន៍ឱ្យយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយលើមុខសញ្ញាមួយចំនួន ដូចជាស្រទាប់យុវវ័យ និងឪពុកម្ដាយអាណាព្យាបាល ។ សម្ដេចក៏បានសង្កត់ធ្ងន់ថា បន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះក៏ទាមទារជាចាំបាច់នូវការចូលរួមពីសំណាក់ឪពុកម្ដាយនិងអាណាព្យាបាល ធ្វើយ៉ាងណាខិតខំអប់រំកូនចៅរបស់ខ្លួនកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន ខណៈអាជ្ញាធរក៏ត្រូវខិតខំរិះរកវិធីសាស្រ្តផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព និងត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះជនជួញដូរគ្រឿងញៀន។

ពាក់ព័ន្ធនឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្ដេចក្រឡាហោម បានសម្ដែងការគាំទ្រ និងលើកទឹកចិត្តខ្ពស់ឱ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចបន្តអនុវត្តវិធានការរដ្ឋបាលត្រួតពិនិត្យរកបទល្មើសគ្រឿងញៀននៅតាមគោលដៅប្រឈមខ្ពស់នានា ដូចជាទីតាំងកំសាន្តពេលរាត្រី ខុនដូ ផ្ទះសំណាក់ និងការដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវនៅពេលយប់ដើម្បីធានាបានការបង្ក្រាបប្រកបដោយប្រសិទ្ធភាពតាមគ្រប់មធ្យោបាយ។ សម្ដេចក៏លើកទឹកចិត្តឱ្យម្ចាស់ទីតាំងនានាផ្ដល់កិច្ចសហការឱ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចដែរ។

ជាមួយគ្នានេះ សម្ដេចបានផ្ដល់ការណែនាំឱ្យបន្តទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនឆ្លងកាត់ព្រំដេន លើកកម្ពស់សមត្ថភាព ក្រមសីលធម៌ និងវិជ្ជាជីវៈមន្រ្តីអនុវត្តច្បាប់ជាមួយនឹងការលើកទឹកចិត្តចំពោះមន្រ្តីមានស្នាដៃ។ សម្ដេចបន្តថាមន្រ្តីអនុវត្តច្បាប់បង្ក្រាបគ្រឿងញៀននេះពិតជាមានឆន្ទៈ និងមនសិការស្នេហាជាតិខ្ពស់ណាស់ ដ្បិតសម្ដេចទទួលស្គាល់ថាការបែងចែកថវិកាលើកទឹកចិត្តមន្រ្តីនៅមិនទាន់គ្រប់គ្រាន់ដូចឆន្ទៈរបស់រាជរដ្ឋាភិបាលនៅឡើយទេ ។ យ៉ាងណាសម្ដេចបន្តថារាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងដើម្បីផ្ដល់ការលើកទឹកចិត្តតាមគ្រប់មធ្យោបាយបន្ថែមទៀត ។

មុននឹងបញ្ចប់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើមន្ត្រីពាក់ព័ន្ធឱ្យបន្តលើកកម្ពស់ការទទួលខុសត្រូវក្នុងការអនុវត្តការងារជាក់ស្ដែងដើម្បីធានាឱ្យការអនុវត្តយុទ្ធនារការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧នេះបន្តទទួលបានជោគជ័យ រួមចំណែកថែរក្សាសុខភាពសាធារណៈ និងធានាស្ថិរភាពសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសជាតិ ៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។