ព័ត៌មានជាតិ

រដ្ឋបាលខេត្តឧត្ដរមានជ័យ ប្រារព្ធពិធីបុណ្យរុក្ខទិវា និងទិវាមច្ឆាជាតិ នៅបរិវេណស្ថានីយកសិកម្មកូនក្រៀល

(ឧត្ដរមានជ័យ)៖ នាព្រឹកថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរពិធីបុណ្យរុក្ខទិវា និងទិវាមច្ឆាជាតិ ក្នុងដែលក៏មានការអញ្ជើញចូលរួមពីណាក់ឯកឧត្តមលោកជំទាវអភិបាលរងខេត្តមន្ទីរអង្គភាពអភិបាលក្រុងស្រុកកងកម្លាំងប្រដាប់អាវុធទាំងបី ប្រភេទ យុវជនស.ស.យ.ក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជិត៤០០ នាក់ ពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណស្ថានីយកសិកម្មកូនក្រៀល ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

តាមរបាយការណ៍របស់ លោកសូត្រ ស៊ីសុខឃាង បានឲ្យដឹងថាថ្ងៃនេះដែរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដាំកូនឈើប្រមាណ៣០០០ ដើម នៅលើផ្ទៃដី០៣ ហិកតា និងប្រលែងត្រីចំនួន២០០០០ កូន ដើម្បីអបអរសាទរពិធីបុណ្យរុក្ខទិវា និងទិវាមច្ឆាជាតិ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ពិធីបុណ្យ « រុក្ខទិវា ៩កក្កដា » គឺជាចលនាបំផុសបំផុលការដាំដុះដើមឈើដ៏ធំមួយ និងជាប្រពៃណីដ៏ល្អផូរផង់ឧត្តុង្គឧត្តមនៃព្រះរាជាណាចក្រកម្ពុជាយើង ដែលចលនានេះចាប់មានតាំងពី « សម័យសង្គមរាស្រ្តនិយម » ក្រោមព្រះ រាជបូជនីយកិច្ចផ្ដួច ផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាកសិកម្មជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងបានក្លាយទៅជាសកម្មភាពយ៉ាងធំទូលំទូលាយ ក្នុងចលនា ទិវាពលកម្មដាំដើម ឈើនៅក្នុងសង្គម ដែលទីបំផុតត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិ មួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ច លេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។
បច្ចុប្បន្ន « រុក្ខទិវា » ត្រូវបានទទួលស្គាល់ជាផ្លូវការដោយមានចែងក្នុងច្បាប់ស្ដីពីព្រៃឈើ នាឆ្នាំ២០០២ ជំពូកទី១២ មាត្រាទី៦០ បានចែងថា៖ ដើម្បីជំរុញការអប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីសារសំខាន់ និងផលប្រយោជន៍ព្រៃឈើ ទិវាពលកម្មដាំកូនឈើ ជាប្រពៃណីជាតិហៅថា «រុក្ខទិវា» ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ខេត្តឧត្តរមានជ័យឆ្នាំនេះខេត្តឧត្ដរមានជ័យត្រូវបានលើកពេលមកប្រារព្ធនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២៕

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា ក្នុងនាមអង្គភាពបំរើសេវាសាធារណៈ ត្រូវតែរៀបចំកែលម្អអង្គភាពរបស់ខ្លួនឲ្យបានស្អាតដោយរៀបចំសួនច្បារ ដាំកូនឈើ និងមានអំពូលភ្លើងបំភ្លឺ ក្នុងបរិវេណមន្ទីរ-អង្គភាពរបស់ខ្លួន ដើម្បីឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋមករកសេវា មានទំនុកចិត្ត។ ទន្ទឹមនឹងនោះដែរឯកឧត្តមអភិបាលខេត្ត បានដាក់បទបញ្ជាឲ្យលោកស្នងការនគរបាលខេត្ត គ្រប់រថយន្តធន់ធំទាំងអស់មិនត្រូវធ្វើចរាចរណ៍នៅលើផ្លូវក្នុងក្រុងសំរោងឡើយ ដោយតម្រូវឲ្យប្រើប្រាស់ផ្លូវវាងក្រុងជំនួសវិញ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។