ព័ត៌មានជាតិ

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវា ៨ ឧសភា ឆ្នាំ២០២២

(ភ្នំពេញ) :សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជសារលិខិត និងព្រះរាជទ្រព្យចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

ព្រះរាជសារលិខិត និងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមខាងលើនេះត្រូវបាន ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនកាកបាទក្រហមកម្ពុជា ដែលតំណាងដោយ លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃសៅរ៍ ទី ២ ខែមេសា ឆ្នាំ២០២២នេះ។

បន្ទាប់ពីបានទទួលព្រះរាជសារលិខិត និងព្រះរាជទ្រព្យរួចមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលមានខ្លឹមសារថា ៖ «ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយយ៉ាងក្រៃលែង ដោយបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន 50.000 USD ( ហាសិបពាន់ដុល្លារអាមេរិក ) អំពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ នៅក្នុងឱកាសខួបទី១៥៩ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាគ្រប់ពេលវេលា។

ខ្ញុំម្ចាស់ និងសហការី នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះ ក្នុងសកម្មភាពមនុស្សធម៌ សម្រាប់ជាប្រយោជន៍ដល់ប្រជារាស្ត្រកម្ពុជាក្រីក្រ ទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំម្ចាស់ និងសហការី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ បវរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ សម្រាប់ប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាកូនចៅ ចៅទួត របស់ព្រះអង្គជ្រកកោនតរៀងទៅ។»

ខាងក្រោមជាខ្លឹមសារទាំងស្រុង នៃព្រះរាជសារលិខិតរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសារលិខិតថ្លែងអំណរព្រះរាជគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។