ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន និងឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការគាំទ្រនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា និងការផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់នាំចេញផ្លែឈើស្រស់ទៅកាន់ប្រទេសចិន”

នៅសណ្ឋាគារ សូហ្វីតែល នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការគាំទ្រនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា និងការផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់នាំចេញផ្លែឈើស្រស់ទៅកាន់ប្រទេសចិន”។ សិក្ខាសាលាដ៏មានសារ:សំខាន់នេះ ក៏មានវត្តមានឯកឧត្តមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ៗនិងនេសាទ បណ្ឌិត Günter Riethmacher នាយកទីភ្នាក់ងារអភិវឌ្ឍអាល្លឺម៉ង់ ជី អាយ ហ្សិត (GIZ) ប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគមន៍កសិកម្ម និងមន្រ្តីជំនាញយ៉ាងច្រើនកុះករ។

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានសង្ខេបជូនអង្គសិក្ខាសាលាអំពីកម្មវត្ថុរបស់សិក្ខាសាលា សក្តានុពលផ្លែឈើត្រូពិចកម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិជារួម និងដោយឡែកទីផ្សារចិន លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញ និងលក្ខខណ្ឌ ឬគោលការណ៍ចាំបាច់មួយចំនួនទៀតដែលតម្រូវឲ្យក្រុមហ៊ុននាំចេញបំពេញ ហើយសិក្ខាសាលានាព្រឹកនេះនឹងបង្ហាញជូននូវលក្ខខណ្ឌសំខាន់ៗទាំងនោះជូនសិក្ខាកាម ដែលជាសំណុំធាតុចូលដ៏សំខាន់សម្រាប់វិស័យឯកជនយកទៅអនុវត្ត។ ដោយឡែក ឯកឧត្តម Christian Berger និងបណ្ឌិត Günter Riethmacher ក៏បានធ្វើចំណាប់អារម្មណ៍ជុំវិញសក្តានុពលវិស័យកសិកម្មកម្ពុជាសម្រាប់ធ្វើការនាំចេញ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ក្នុងវិស័យកសិកម្មក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ សមិទ្ធផលសំខាន់ៗដែល giz សម្រេចបាន និងទិសដៅអនាគតរបស់ giz ក្នុងការគាំទ្រ និងជំរុញដល់ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងជាពិសេសទីផ្សារចិន។ល។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវត្តមានឯកឧត្តមឯកអគ្គរដ្ឋទូត បណ្ឌិត Günter Riethmacher ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក្នុងពិធីបើកសិក្ខាសាលា ដែលបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។ លទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដែលបានគូស បញ្ជាក់ដោយបណ្ឌិត Günter Riethmacher និងឯកឧត្តមឯកអគ្គរដ្ឋ ពិតជាឆ្លើយតបទៅនឹងអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ក្នុងការរួមចំណែកបង្កើនផលិតភាព ពិពិធកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម រួមចំណែកលើកស្ទួយវិស័យកសិកម្ម ធានាសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព និងបរិយាប័ន្ន និងជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសគឺយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការ រស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ២០២១-២០២៣។

ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើចំណាប់អារម្មណ៍ជុំវិញខ្លឹមសាររួមនៃ អង្គសិក្ខាសាលាដែលជាផ្នែកមួយ នៃការផ្សព្វផ្សាយគោលនយោបាយជាយុទ្ធសាស្រ្តសម្រាប់ធ្វើការនាំចេញកសិផលកម្ពុជាជូនដល់គ្រប់ភាគីពាក់ព័ន្ធឲ្យកាន់តែទូលំទូលាយ ជាពិសេសវិធានការអនាម័យ និងភូតគាមអនាម័យ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលប្រសូតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងភាគីយើងទាំងពីរ ហើយសង្ឃឹម និងជឿជាក់ថាផ្តើមចេញពីសិក្ខាសាលានេះ ផលិតផលកសិកម្មកម្ពុជានឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិ កាន់តែច្រើនថែមទៀត ជាពិសេសទីផ្សារប្រទេសចិន និងសូមឲ្យសិក្ខាសាលាប្រព្រឹត្តទៅដោយទទួលបានជោគជ័យ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។