ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ៖ យើងខិតខំប្រឹងប្រែងថ្ងៃនេះ ដើម្បីអនាគតកាន់តែល្អ ដល់កូនចៅយើងគ្រប់ៗគ្នាបន្តទៀត !

(កំពង់ស្ពឺ)៖ គ្រាដែលជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅឃុំត្រពាំងជោ និងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារចុះជួយខេត្តកំពង់ស្ពឺ បានលើកឡើងថា អ្វីដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងថ្ងៃនេះ ដើម្បីអនាគតកាន់តែល្អ ដល់កូនចៅយើងគ្រប់ៗគ្នាបន្ដទៀត។

ក្នុងជំនួបនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ ដែលត្រូវនឹងថ្ងៃទី០៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា «គ្មានអ្វីដែលធ្វើតម្រូវចិត្តមនុស្សគ្រប់ៗគ្នា នោះទេ ប៉ុន្តែយើងទាំងអស់គ្នា តែងតែមានស្មារតីធ្វើដោយចិត្តស្រលាញ់ និងមានទំនួលខុសត្រូវ ហើយការខិតខំប្រឹងថ្ងៃនេះគឺដើម្បីអនាគតកាន់តែល្អ ដល់កូនចៅយើងគ្រប់ៗគ្នា។ សកម្មភាពនាពេលកន្លងទៅរបស់គណបក្ស ប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយប្រជាជនហើយដោះស្រាយរាល់បញ្ហាជូនប្រជាជន មិនមែនតាមរដូវកាល»។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីសុក្រឹតភាព និងភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា និងធានាបាននូវការដោះស្រាយបញ្ហាជូនប្រជាជន។

ក្នុងជំនួបនេះ ឯកឧត្តម សំ រិទ្ធី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានបង្ហាញពីវិធីគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីធានាភាពសុក្រឹតដល់សន្លឹកឆ្នោតដែលយកជាការបាន។ បន្ថែមលើការចូលរួមស្តាប់យ៉ាងយកចិត្តទុកដាក់ អង្គពិធីទាំងអស់បានបង្ហាញពីស្មារតីយ៉ាងមោះមុត ដើម្បីធានាបានភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជាជានិច្ច។

គួរជម្រាបថា ពិធីសំណេះសំណាលនាពេលនេះ អាចប្រព្រឹត្តទៅបានក្រោមម្លប់ នៃសុខសន្តិភាព និងការដឹកនាំរបស់របស់រាជរដ្ឋាភិបាលនាពេលកន្លងមក បានធ្វើឲ្យពុកម៉ែ បងប្អូន អ៊ុំ ពូមីង និងក្មួយ មានឱកាសបានមកជួបជុំគ្នានៅក្នុងថ្ងៃនេះ គឺពិតមានអត្ថន័យ ហើយសកម្មភាពទាំងនេះនឹងនៅតែបន្តជារៀងរហូត ដើម្បីការឆ្ពោះទៅមុខកាន់តែមានការអភិវឌ្ឍនៅគ្រប់វិស័យ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។