ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងថា៖ យើងត្រូវបន្តការអភិវឌ្ឍន៍រៀងរាល់ឆ្នាំ ទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចធ្វើយ៉ាងណា ឲ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ទាំងប្រាក់ចំណូល សុខមាលភាព និងការអប់រំ

(កំពង់ចាម) ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា៖ យើងត្រូវបន្តលើការអភិវឌ្ឍន៍ ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តរភាព ចេរភាព បរិយាប័ណ្ណធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណា ឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខមាលភាព ការងារអប់រំសិក្សាធិការ ជាមូលដ្ឋាន។
ថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងវេទិកាពិគ្រោះយោបល់និងផ្សព្វផ្សាយសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ នៅមន្ទីរផែនការខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នា២០២៣។ ពិធីក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលក្រុង/ស្រុក លោក លោកស្រី ជាប្រធានអនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត តំណាងអង្កការមិនមែនរដ្ឋាភិបាល ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍បន្តថា៖ រដ្ឋបាលខេត្តកំពង់ចាម បានអភិវឌ្ឍន៍ទាំងផ្នែករូបវ័ន្ត និងអរូបវ័ន្ត ជាពិសេសការកែលម្អសោភ័ណ្ឌភាពទីក្រុង និងការលើកកម្ពស់គុណភាពការផ្តល់សេវាសាធារណៈជូនដល់ប្រជា ពលរដ្ឋអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្រប់តាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ ។ ជាក់ស្តែងការអនុវត្តគោលនយោបាយគាំពារសង្គមសំដៅជួយសម្រាលការលំបាកនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ កម្មវិធីឧបត្ថមសាច់ប្រាក់ចំពោះកម្មការី ដែលជាស្ត្រីមានផ្ទៃពោះ និងគ្រួសារដែលមានជីវភាពក្រីក្រ និងកម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។
ឯកឧត្តម បានគូសបញ្ជាក់ថា៖ ត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ គ្រួសារក្រីក្រមានប្រមាណ ៤៧,៣០១ គ្រួសារ បានទទួលប្រាក់ឧបត្ថមប្រចាំខែ និងគ្រួសារមានហានិភ័យ និងងាយរងគ្រោះមាន ចំនួន២៦,៣៧៥គ្រួសារដែលត្រូវទទួលប្រាក់ឧបត្ថមរៀងរាល់បីខែម្តងពីរាជរដ្ឋាភិបាល។ ក្នុងន័យនេះបានបញ្ជាក់យ៉ាងច្បាស់នូវការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងដែនដីរដ្ឋបាលក្រុង/ស្រុកឃុំ/សង្កាត់ ដើម្បីសម្រេចបានយុទ្ធសាស្ត្រ បញ្ចកោណតំណាក់កាលទី១ ដើម្បីកំណើនការងារសមធ៌មប្រសិទ្ធភាព និងចេរភាពដែលដឹកនាំដោយសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៌បានជំរុញឲ្យរដ្ឋបាលក្រុងស្រុកមន្ទីរអង្គភាពពាក់ព័ន្ធត្រូវបន្តសហការ អនុវត្តគោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាព និងយុទ្ធសាស្ត្របញ្ចកោណ តំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចេរភាពផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។