ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រីឯកអគ្គរដ្ឋទូតទើបត្រូវបានតែងតាំងថ្មីនៃរដ្ឋអ៊ីស្រាអែល (State of Israel) ប្រចាំកម្ពុជា

(ភ្នំពេញ) :នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ នៅក្នុងសប្តាហ៍ទីបួន ក្នុងខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Orna SAGIV ឯកអគ្គរដ្ឋទូតទើបត្រូវបានតែងតាំងថ្មីនៃរដ្ឋអ៊ីស្រាអែល (State of Israel) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។

លោកជំទាវបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីកម្មវត្ថុនៃដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសមកជួបឯកឧត្តមរដ្ឋមន្រ្តីនារសៀលថ្ងៃនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ តាមរយ:លោកជំទាវឯកអគ្គរដ្ឋទូត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរក្នុងការជួយអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្មតាមរយ:ការផ្តល់ឱកាសឲ្យនិស្សិតកម្ពុជាឆ្នាំទី៣ បានទៅធ្វើហាត់ការនៅប្រទេសអ៊ីស្រាអែលតាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្នមានរយ: ពេល ១៤ឆ្នាំហើយ សរុបនិស្សតុចំនួន ១ ៤៦៩នាក់ ហើយបច្ចុប្បន្នពួកគេបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធន៍ល្អៗទាក់ទងបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលទទួលបានពីប្រទេសអ៊ីស្រាអែលដើម្បីអភិវឌ្ឍវិស័យនេះឲ្យកាន់តែរីកចម្រើនស្របតាម ផែនការជាយុទ្ធសាស្រ្តក្នុងការធ្វើទំនើបកម្មកសិកម្ម។

ជំនួបពិភាក្សាប្រើពេលជិតមួយម៉ោង ដោយភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗទាក់ទងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការលើវិស័យកសិកម្ម មកពិភាក្សាក្នុងនោះមាន ៖

១- ការបណ្តុះបណ្តាលធនធានមនុស្ស (និស្សិត) និងការផ្តល់នូវបទពិសោធន៍ដល់សាស្រ្តាចារ្យ ក្នុងការបណ្តុះបណ្តាលនិស្សិតនៅសកលវិទ្យាល័យ។ ចំណុចនេះបាននិងកំពុងអនុវត្តយ៉ាងសកម្ម ទន្ទឹមនឹងនេះ ភាគីកម្ពុជាចង់ស្នើសុំបង្កើនកូតា ឬរក្សាឲ្យនៅត្រឹម ២០០នាក់/ឆ្នាំ ព្រោះកន្លងមក ភាគីអ៊ីស្រាអែលមានបំណងចង់កាត់បន្ថយមកនៅត្រឹម ១០០នាក់ ប៉ុន្តែតាមរយៈការប្រឹងប្រែងរបស់លោកជំទាវ តាមការស្នើសុំរបស់ភាគីកម្ពុជា រដ្ឋាភិបាលអីស្រាអែលថានឹងពិនិត្យ ពិចារណារក្សាតាមការស្នើសុំរបស់កម្ពុជា។

២- ភាគីអីស្រាអែលមានបំណងចុះ MOU រវាងរដ្ឋាភិបាលទាំងពីរ (G to G Umbralla) ដើម្បីនាំយកពលករកម្ពុជាទៅបម្រើការក្នុងវិស័យកសិកម្មនៅប្រទេសអ៊ីស្រាអែល។ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញឆន្ទ:គាំទ្រលើគម្រោងនេះ ព្រោះបើអាចកើតឡើងបាននោះវានឹងជួយពង្រឹង និងពង្រីកសមត្ថភាពកសិករកម្ពុជាទាំងផ្នែកទ្រឹស្តី និងការអនុវត្តអំពីការប្រើប្រាស់បច្ចេកទេសកសិកម្ម ទំនើបរបស់អ៊ីស្រាអែល។ ទាក់ទងនឹងបញ្ហានេះ លោកជំទាវមានក្តីសង្ឃឹមថា នឹងទទួលបានការសហការល្អពីក្រសួងការងារ ហើយនិងឈានចុះហត្ថលេខាក្នុងពេលដ៏ខ្លីខាងមុខនេះ ។

៣- ការបង្កើតកសិដ្ឋានបង្ហាញ (Demonstration Farm) នៅកម្ពុជា។ ករណីនេះ អាចសហការជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលរួមចំណែកធ្វើការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មឲ្យកាន់តែទូលំទូលាយដល់កសិករ និងនិស្សិត។

៤- លើកកម្ពស់កិច្ចសហការលើវិស័យសន្តិសុខស្បៀង និងសន្តិសុខទឹក នៅតាមសហគមន៍ព្រៃឈើ។

៥- ពង្រឹងការងារកសិធុរកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសសម្រាប់និស្សិតដែលបានបញ្ចប់កម្មសិក្សាពីប្រទេសអ៊ីស្រាអែល។

៦- ពង្រឹង និងពង្រីកបច្ចេកវិទ្យាក្រោយពេលប្រមូលផល (Post Harvest Technology)។

តបតាមការអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រីថានឹងដឹកនាំគណប្រតិភូកម្ពុជា រួមទាំងវិស័យឯកជនផងដែរ អញ្ជើញទៅបំពេញទស្សនកិច្ចសិក្សានៅប្រទេសអ៊ីស្រាអែល នាពេលអនាគតដ៏ខ្លី ដើម្បីសិក្សា ស្វែងយល់ និងដកស្រង់បទពិសោធន៍បន្ថែមទាក់ទងការអភិវឌ្ឍវិស័យកសិកម្ម និងកសិធុរកិច្ច ជាពិសេសអនុវិស័យសាកវប្បកម្ម និងប្រព័ន្ធដំណក់ទឹក រួមទាំងការកែច្នៃ។ ជំនួបនេះត្រូវបានបញ្ចប់ក្នុងបរិយាកាសសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។