ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យក្រុមការងារ ចុះសួរសុខទុក្ខ និង នាំយក​អំណោយមនុស្សធម៌ ផ្តល់ជូនស្ត្រីមេម៉ាយ ១គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ រស់នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់

(កំពង់ចាម) នៅព្រឹកថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានចាត់ឲ្យលោក ប៉ែន ម៉ារឌី អនុប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ ទូច ឆៃ លោកនាយកប្រតិបត្តិសាខា មន្ត្រីអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ អញ្ជើញចុះសួរសុខទុក្ខ និង នាំយក​អំណោយមនុស្សធម៌ ទៅផ្តល់ជូនស្ត្រីមេម៉ាយ ១គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យ រស់នៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១រសៀល ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២១ ដោយសារតែឆ្លងចរន្តអគ្គិសនី ស្របពេលដែលផ្ទះគ្រួសារនេះ នៅផ្លូវក្រោយឆ្ងាយពីគេ ហើយគ្មានប្រភពទឹក មិនអាចជួយអន្តរាគមន៍បាន ទើបបណ្តាលអោយផ្ទះ ១ខ្នង ធ្វើពីឈើប្រក់សង្កសី ទំហំ ៥ម ×៧ម ត្រូវភ្លើងឆាបឆេះ អស់ទាំងស្រុង ។

លោក ប៉ែន ម៉ារឌី បានចូលរួមសម្តែងការសោក ស្តាយជាពន់ពេក ជាមួយក្រុមគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិ អស់គ្មានសល់ ។ លោកអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុតពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរ បារម្ភអំពីសុខទុក្ខរបស់បង​ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះដោយមិនប្រកាន់វណ្ណៈជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។​

អំណោយមនុស្សធម៌ ដែលបានផ្តល់ជូន រួមមាន ៖
អង្ករ ៥០ គក្រ, មីជាតិ ១កេស, ត្រីខ ១យួរ , ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រម៉ា ) ១កញ្ចប់, តង់ ១, អាវយឺត ៨, សម្ភារ ផ្ទះបាយ ១ សម្រាប់ ព្រមទាំង ថវិកា ចំនួន ១,០០០,០០០ រៀល ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។