ព័ត៌មានជាតិ

អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ : គាំទ្រសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត..

(ភ្នំពេញ)៖ អង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាឱឡារិកនូវការគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និងគាំទ្រលោក ហ៊ុន ម៉ាណត ជាបេក្ខភាពនាយករដ្ឋ មន្ត្រីសម្រាប់ពេលអនាគត។ នេះបេីយោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផល នៃអង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។

គណបក្សប្រជាជនកម្ពុជា បានប្រារព្ធសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្ស នៅវិមាន៧មករា រយ:ពេលពីរ ថ្ងៃនៅថ្ងៃទី ១៦ និង ១៧ ខែកក្កដាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, លោកជំទាវ កិត្តិសង្គហបន្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងមានការចូលរួមពីសមាជិកគណកម្មាធិការកណ្ដាលគណបក្ស ចំនួន ៧៤៣រូប លើ ៨៦៥រូប ។

អង្គសន្និបាតក៏បានបើកទូលាយដោយមានការអញ្ជើញឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង-ស្ថាប័នរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គការមហាជន ក្រុមការងារចុះជួយមូលដ្ឋាន ឱ្យចូលរួម និងមានការផ្តល់វេទិបញ្ចេញមតិពិភាក្សាលើរបាយការណ៍ សំដៅស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ និងកំណត់ទិសដៅសម្រាប់ភារកិច្ចនៅពេលបន្តទៀត ក្នុងនោះមានចំនួនសរុប ៣.៤៧៤រូប។

អង្គសន្និបាត បានធ្វើឡើងនាពេលនេះ ស្របពេលដែលគណបក្សទទួលបានជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលថ្មីៗកន្លងមកនេះ។

ថ្លែងបើកសន្និបាត សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានលើកឡើងថា សន្និបាតនៅពេលនេះ បានបើកទូលាយទាំងគណៈកម្មាធិការកណ្ដាលផង និងមន្ត្រីនៅថ្នាក់មូលដ្ឋានមកចូលរួមជាមួយផងដែរ។

សម្ដេចប្រធានបានបន្តថា ដោយសារស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានរំខានដល់ការជួបជុំរបស់យើង ហើយស្ថានភាពនេះបានធូស្រាល យើងក៏មានការជួបជុំនៅពេលនេះ។
សម្ដេចតេជោ បានបញ្ជាក់ថា ការបើកសន្និបាតនាពេលនេះ ក៏ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយស្វែងរកហេតុ និងផល ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមក ហើយនឹងពិភាក្សាពីគោលដៅ ដើម្បីបំពេញបន្ថែម ឈានទៅរកការឈ្នះឆ្នោតក្នុងការបោះឆ្នោតតំណារាស្ត្រ នាឆ្នាំ២០២៣ ពេលខាងមុខនេះ។

សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា មានសមាជិកគណកម្មាធិការកណ្ដាលចំនួន ៨៦៥រូប តែមកដល់ថ្ងៃនេះ មានសមាជិក បានទទួលមរណភាព និងសុំលាឈប់ពីគណបក្ស ទៅធ្វើជាសមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយបច្ចុប្បន្ន មានសមាជិកគណកម្មាធិការកណ្ដាលនៅសល់ចំនួន ៨២៦រូប ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។