ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារសន្តិសុខរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២!

(កំពង់ចាម) :នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណ:ឣភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារសន្តិសុខរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ កិច្ចប្រជុំនេះមានការចូលរូមពីសំណាក់ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន ,ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ,ស្នងការ ស្នងការរងនគរបាលខេត្ត ,មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត , លោកមេបញ្ជាការរងអាវុធហត្ថខេត្ត -លោកឣភិបាល អភិបាលរងក្រុង ស្រុក ,លោកប្រធាន អនុប្រធានមន្ទីរឣង្គភាពជុំវិញខេត្ត , អធិការនគរបាលក្រុង ស្រុក ទាំង១០ នាយប៉ុស្តិ៍រដ្ឋបាល ទាំង១០៩ ឃុំ សង្កាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្ត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ គឺជាការបោះឆ្នោតសកល ដែលមានវិសាលភាពនៃការរៀបចំ មានទំហំធំធេង ដោយរាប់បញ្ចូលមានដំណាក់កាល ជាច្រើនក្នុងកិច្ចការនោះ បានដំណើរការទៅដោយរលូន មានសន្តិសុខល្អ សុវត្ថិភាព គ្មានការបំភិតបំភ័យក្នុងដំណាក់កាលនោះឡើយ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ជាការពិតណាស់ ប្រទេសនីមួយៗលើសកលលោក ដែលប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស ត្រូវមានយន្តការរៀបចំការបោះឆ្នោតជាចម្បង ហើយការរៀបចំបោះឆ្នោតអាចប្រព្រឹត្តិទៅ គឺអាស្រ័យលើប្រទេសជាតិនោះ មានសន្តិភាពដូចប្រទេសកម្ពុជាយើងបច្ចុប្បន្ន ពោលគឺមានទាំងស្ថេរភាពនយោបាយ ព្រមទាំងសន្តិសុខ សុវត្ថិភាពក្នុងសង្គម ត្រូវបានធានា និងមានការអភិវឌ្ឍ ទើបប្រទេសយើងអាចរៀបចំ ការបោះឆ្នោតប្រកបដោយរលូនទទួលបានលទ្ធផលល្អ ដូចជាយើងទទួលបានថ្មីៗនេះស្រាប់ ដោយមានការកោតសរសើរទាំងមតិជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ ដល់សមាជិកសមាជិកានៃអង្គប្រជុំ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំង ៣ប្រភេទ ដើរបានយកចិត្តទុកដាក់ បានប្រឹងប្រែងបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវ ឆ្លងកាត់គ្រប់ឧបសគ្គ មិនថាភ្លៀងផ្គរ គឺបានជម្នះគ្រប់ឧបសគ្គ ខិតខំបំពេញភារកិច្ចរបស់ខ្លួនរហូតទទួលបានលទ្ធផលជោគជ័យ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។