ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ពិធីបុណ្យចូលឆ្នាំខ្មែរនៅតែធ្វើ តែត្រូវរៀបចំនៅក្នុងផ្ទះ ដើម្បីធានាសុវត្ថិភាពពីជំងឺកូវីដ-១៩

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខនេះ នៅតែធ្វើធម្មតា ប៉ុន្តែត្រូវតែរៀបចំនៅក្នុងផ្ទះរៀងៗខ្លួន ដោយមិនមានការដើរកម្សាន្ត និងជួបជុំឡើយ ដើម្បីធានាសុវត្ថិភាពពលរដ្ឋពីជំងឺកូវីដ១៩។
ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងតាមរយៈវីដេអូមួយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ។ លោកនាយករដ្ឋមន្រ្តីបានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ឱ្យទ្រាំនឹងការលំបាកបន្តិច ប្រសើរជាងការស្លាប់ដោយសារជំងឺកូវីដ-១៩ ជារៀងរហូត។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដើម្បីកាត់ផ្តាច់ការចម្លងពីម្នាក់ទៅម្នាក់ ត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ» ហើយបើមិនចាំបាច់កុំចេញក្រៅផ្ទះ។
សម្ដេចតេជោ ហ៊ុន សែន ស្នើអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ពិនិត្យឱ្យបានល្អិតល្អន់លើការអនុវត្តវិធានការធ្វើដំណើរឆ្លងខេត្ត ព្រោះមានព័ត៌មាន មានអ្នកបន្លំដេកតាមរថយន្តដឹកទំនិញ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា អ្នកបន្លំនេះ ត្រូវតែផ្តន្ទាទោសតាមច្បាប់។ ប៉ុន្តែត្រូវមានការយោគយល់ចំពោះអ្នកមានភាពចាំបាច់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់វិធានការមិនឱ្យមានការឆ្លងពីខេត្តមួយទៅខេត្តមួយនោះឡើយ នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ សម្រាប់នៅរាចធានីភ្នំពេញ ដែលមានការឆ្លងខ្លាំងក្លាជាងគេ ត្រូវបានដាក់បម្រាមគោចរនាពេលរាត្រីថែមទៀត ដោយមិនឱ្យមានការធ្វើដំណើរចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។