ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន រួមជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋ ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី “The Feed the Future Cambodia Harvest III” ក្នុងកញ្ចប់ថវិកា ២៥លានដុល្លារអាមេរិក សម្រាប់រយ:ពេល ៥ឆ្នាំ

(ភ្នំពេញ) :សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ វេលាម៉ោង ១៣:០០ រសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន រួមជាមួយ ឯកឧត្តម W. Partrick Murphy ឯកអគ្គរដ្ឋ ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី “The Feed the Future Cambodia Harvest III” ក្នុងកញ្ចប់ថវិកា ២៥លានដុល្លារអាមេរិក សម្រាប់រយ:ពេល ៥ឆ្នាំ។ ក្នុងពិធីនេះក៏មានវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា តំណាងអង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងសហគមន៍កសិកម្មជាច្រើនផងដែរ។

មានចំណាប់អារម្មណ៍នាឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ថវិកាប្រមាណជិត ១០០លានដុល្លារក្នុងរយៈ ពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្មកម្ពុជា។ ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន ដូច្នេះគម្រោង “កម្ពុជាហាវេស III” នេះគឺបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាមេរិកក្នុងការសម្រេចគោលដៅមួយនេះ។ គម្រោងនេះត្រូវ បានប្រកាសជាផ្លូវការកាលពីថ្ងៃទី៤ សីហាកន្លងទៅ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken ក្នុងអំឡុងពេលការធ្វើទស្សនកិច្ចរបស់លោកនៅកម្ពុជា។

គម្រោងនេះនឹងធ្វើការជាមួយដៃគូក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការ ងារ និងចាប់យកឱកាសទីផ្សារនានានៅក្នុងវិស័យកសិកម្ម តាមរយៈការចាប់ដៃគូជា មួយនឹងវិស័យឯកជន។ តម្រោងនឹងបន្តធ្វើការអភិវឌ្ឍទៅលើការងារដែល USAID បានធ្វើកន្លងមកដើម្បីលើកស្ទួយឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ តាមរយៈកិច្ចសហការជាមួយវិស័យឯកជន គម្រោងនឹងជួយលើក កម្ពស់ជីវភាព ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ USAID រំពឹងថានឹងជំរុញឲ្យមានការវិនិយោគពីឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង ៣.០០០កន្លែង ជួយកសិករ និងក្រុមហ៊ុនឯកជនឲ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥លានដុល្លា និងបង្កើនការលក់កសិផលឲ្យបាន ១០០លានដុល្លារ។

ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ជូនចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋ​អាមេរិក ដែលបាននិងកំពុងដើរតួនាទីក្នុង​ភាពជាដៃគូ ផ្តល់កិច្ចសហប្រតិបត្តិការក្នុងការជួយគាំទ្រ​ដល់​ការអភិវឌ្ឍ វិស័យកសិកម្មតាម​រយៈ USAID ក្នុងនោះការអនុវត្ត​កម្ម​វិធី និងគម្រោង​ជាច្រើនមានគោលបំណងជួយជំរុញកំណើនសេដ្ឋកិច្ច ក្នុងនោះគម្រោង “The Feed the Future Cambodia Harvest III” ដែលកំពុងដំណើរការនាពេលនេះ នឹងចូល រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាពតាមរយ:ការបង្កើនពិពិធកម្ម និងការប្រកួតប្រជែងទីផ្សារកសិផល ដែលកំពុងមាននិន្នាការកើនឡើងជា លំដាប់។ ឯកឧត្តមរដ្ឋមន្ដ្រីបានវាយតម្លៃចំពោះវត្តមាន​សមា​ជិក សមាជិកា​ គឺពិត​ជា​បង្ហាញនូវស្មារតី​ទទួលខុសត្រូវ ផ្តល់កិច្ចសហការ​រវាង​​ក្រសួង ស្ថាប័ន​​ពាក់ព័ន្ធ ដៃគូ​អភិ​វឌ្ឍន៍ និង​វិស័យ​ឯកជនក្នុងការ​ចូល​រួម​អភិវឌ្ឍន៍វិស័យ​កសិកម្ម​​ ជាពិសេសចំណាប់​អារម្មណ៍ដ៏មានអត្ថន័យរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់អំពីគុណសម្បត្តិរបស់គម្រោង និងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាង​ប្រទេស​ពីរដើម្បីជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍វិស័យកសិកម្មឲ្យមានការរីកចម្រើនទាំងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

តាមរយ:គម្រោងនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានបង្ហាញនូវសុទុដ្ឋិនិយមថាពិតជានឹងចូលរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសជួយជំរុញវិស័យកសិកម្ម​ឱ្យកាន់តែទំនើប មានភាពប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជួយបង្កើនសមត្ថភាពវិស័យឯកជនក្នុងការផលិត ធានាគុណភាព សុវត្ថិភាព និងជំរុញការនាំចេញ។ លោកបានបន្តថា វិស័យឯកជនកំពុងដើរតួនាទីសំខាន់ក្នុងការផលិត ការបង្កើនផលិត​ភាព និងការប្រកួតប្រជែង ធានាស្ថិរភាព​ម៉ាក្រូ​​សេដ្ឋកិច្ច ជួយបង្កើតការងារ និងប្រាក់ចំណូល​។ ដោយឡែក គម្រោងខាងលើពិតជាមានសារៈសំខាន់ណាស់ក្នុងការគាំទ្រ​ផ្នែក​ធន ធានថវិកាសម្រាប់ពង្រីកការវិនិយោគ និងផ្តល់បច្ចេក​ទេសផលិត​ដល់​វិស័យ​ឯកជន ពិសេសសហគមន៍កសិកម្មតាមរយ: ÷ ១. ការបង្កើន​ទុន​វិនិយោគ​ដើម្បីពង្រឹងផលិត ភាពកែច្នៃ និងពង្រីកប្រព័ន្ធទីផ្សារ​លក់។ ២.​ ការពង្រឹង​សមត្ថភាព​​កែច្នៃ និង​សមត្ថភាព​គ្រប់​គ្រង​​​កសិដ្ឋាន​។ ៣. ការបង្កើនបរិមាណកសិផលចូលទីផ្សារ និង ៤. ការកែ​លម្អ​គុណ​ភាព​​ ពង្រឹងប្រព័ន្ធត្រួតពិនិត្យអនាម័យតាម រយៈការជំរុញឱ្យប្រើប្រាស់នូវ​បច្ចេក វិទ្យា​​សម​ស្រប និងនវានុវត្តន៍​។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់អ្នកគ្រប់គ្រងគម្រោងឲ្យបន្តពង្រឹងកិច្ចសហការ​ជាមួយ​អង្គ​ភាព​ជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឱ្យការអនុវត្តគម្រោងដំណើរទៅដោយរលូន មានប្រសិទ្ធភាព និងទទួលបានជោគជ័យ ផ្តល់ផលប្រយោជន៍ពិតប្រាកដជូនប្រជាកសិករ និងសហគមន៍កសិកម្ម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។