ព័ត៌មានជាតិ

សូមប្រយត្ន័ !! មន្ត្រីជំនាញកម្ពុជា​រក​ឃើញ​ម្សៅ​លាប​ខ្លួន​ទារក​និង​កុមារ ១២​ប្រភេទ ផ្ទុក​សារធាតុគីមី​ដែល​អាច​បង្ក​ជំងឺមហារីក !

(​ភ្នំពេញ)  :អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» នៅ​ថ្ងៃ​ទី​២៣ ខែសីហា នេះ​បាន​ប្រកាស ​រក​ឃើញ ​ម្សៅ​លាប​ខ្លួន​ទារក និង​កុមា​ដែល​ចរាចរ​នៅ​លើ​ទីផ្សារ​កម្ពុជា ចំនួន​១២​ប្រភេទ មាន​ផ្ទុក​សារធាតុ​គីមី អាស​បេ​ស្តុ​ស (Asbestos) ដែល​បង្ក​គ្រោះថ្នាក់​យ៉ាង​ខ្លាំង ចំពោះ​សុខភាព​មនុស្ស ជា​ពិសេស គឺ​អាច​បង្ក​ឲ្យ​កើត​ជំងឺមហារីក​ដល់​អ្នក​ប្រើប្រាស់ ។

អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នៃក្រសួងពាណិជ្ជកម្ម បានអោយ​ដឹង​ថា ក្នុង​គោលបំណង​ការពារ​សុខុមាលភាព និង​ផលប្រយោជន៍​អ្នក​ប្រើប្រាស់ ពិសេស​ទារក និង​កុមារ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​អនុវត្ត​ការងារ​ចុះ​យក​សំណាក​គំរូ និង​ធ្វើតេស្ត​វិភាគ​លើ​ផលិតផល​ម្សៅ​លាប​ទារក និង​កុមារ (Baby Talcum Powders) មួយ​ចំនួន​ដើម្បី​វិភាគ​រក​សារធាតុ​អាស​បេ​ស្តុ​ស (Asbestos) ដែល​ជា​សារធាតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​ប្រើប្រាស់ ។

យោង​លទ្ធផល​វិភាគ​របស់​មន្ទីរពិសោធន៍ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា សំណាក​គំរូ​ផលិតផល​ម្សៅ​លាប​ទារក និង​កុមារ​មួយ​ចំនួន មាន​វត្តមាន​សារធាតុ​អា​បេ​ស្តុ​ស (​ដូច​មាន​ក្នុង​តារាង​ឧ​ប​សម្ព័ន្ធ​) ។

ដើម្បី​ការពារ​សុខភាព​អ្នក​ប្រើប្រាស់ ជា​ពិសេស​ទារក​និង​កុមារ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​ដាក់​ចេញនូវ​វិធានការ​បណ្ដោះអាសន្ន​មួយ​ចំនួន ដូច​ខាងក្រោម ៖

១. ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផលិតផល​ម្សៅ​លាប​ទារក និង​កុមារ ដូច​មាន​ក្នុង​តារាង​ឧ​ប​សម្ព័ន្ធនៃ​សេចក្តីជូនដំណឹង​នេះ​ត្រូវ ៖
-​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​នាំ​ចូល​និង​ចែកចាយ​រាល់​ផលិតផល​ដែល​មាន​ក្នុង​តារាង​ឧ​ប​សម្ព័ន្ធ
មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។
-​ប្រមូល​ពី​ទីផ្សារ​នូវ​ផលិតផល​ម្សៅ​លាប​ទារក​និង​កុមារ និង​រាយការណ៍​មក​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. អំពី​បរិមាណ​ផលិតផល​ដែល​ប្រមូល​។

២. អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ទុក​រយៈពេល ២(​ពីរ​) ស​ប្ដា​ហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២២ ដើម្បី​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ក្នុង​ការ​នាំ​យក​នូវ​សំណាក​នៃ​ផលិតផល ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​សារធាតុ​អាស​បេ​ស្តុ​ស​ទៅ​វិភាគ​តប​នៅ​មន្ទីរពិសោធន៍​ភាគី​ទី​៣ ដែល​មាន​សមត្ថភាព និង​ការ​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​។

៣. ក្រុមហ៊ុន​ត្រូវ​បន្ត​កិច្ចសហការ ជាមួយ​រោងចក្រ​ផលិត និង​សមត្ថកិច្ច ក​.​ប​.​ប​. ដោយ​ឈរ​លើ​គោលការណ៍​តម្លាភាព និង​គាំទ្រ ដោយ​មូលដ្ឋាន​វិទ្យាសាស្ត្រ ដើម្បី​ធានា​ថា រាល់​ផលិតផល​ម្សៅ​លាប​ទារក និង​កុមារ ដែល​ត្រូវ​បាន​ចែកចាយ និង​ដាក់​លក់​នៅ​លើ​ទីផ្សារ មិន​ត្រូវ​មាន​សារធាតុ​អា​បេ​ស្តូ​ស​ឡើយ ។

៤. អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នឹង​ជូនដំណឹង​អំពី​ព័ត៌មាន​លម្អិត និង​វិធានការ​បន្ថែម​ទៀត នៅ​ពេល
ដែល​ទទួល​បាន​លទ្ធផល​វិភាគ ពី​មន្ទីរពិសោធន៍​ភាគី ទី​៣ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​មាន​តម្លាភាព ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា សារធាតុ​អាស​បេ​ស្តុ​ស មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​វត្ត​មាននៅ​ក្នុង​ផលិតផលគ្រឿងសម្អាង​ទេ ។ វត្តមាន​នៃ​សារធាតុ​នេះ អាច​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​មនុស្ស ជា​ពិសេស​អាច​បណ្តាល​ឱ្យ​កើត​ជំងឺមហារីក ។

ជាមួយនឹង​វិធានការ​ខាងលើ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ប្រជុំ​ជាមួយ​ក្រុមហ៊ុន DKSH តាម​រយៈ​ប្រព័ន្ធ​អន​ឡ​ញ ក្រោម​អធិបតីភាព​លោក ផា​ន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. និង​តំណាង​ក្រុមហ៊ុន DKSH ។

កិច្ចប្រជុំ​នេះ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ធ្វើ​បទ​បង្ហាញ​អំពី​លទ្ធផល​វិភាគ​ម្សៅ​ទារក និង​កុមារ ដែល​ធ្វើ​ពី​ម្សៅតាល់ (Talc) ដែល​មាន​សារធាតុ​អាស​បេ​ស្តុ​ស ហើយ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ចរាចរ​ផលិតផល​ម្សៅ​លាប​ទារក និង​កុមារ​របស់​ខ្លួន ដោយ​រង់ចាំ​លទ្ធផល​វិភាគ​ផ្ទៀងផ្ទាត់​ពី​មន្ទីរពិសោធន៍​ភាគី ទី​៣ ។

ប្រភេទ​ម្ស៉ៅ ទាំងនោះ រួម​មាន ៖
Johson’s baby powder 380g,
Johson’s blossoms baby powder 380g,
D-nee Kids baby powder 380g,
D-nee Newborn baby powder 380g,
Pureen baby powder 125g,
Laffair Be Love 320g,
Kodomo baby powder 180g,
BHAESAJ Cool powder 35g,
និង​Baby mild Natural’N Mild 180g ។
ម្សៅ​លាប​ខ្លួន​ទារក និង​កុមារ​ទាំងនេះ ក​.​ប​.​ប បាន​បញ្ជាក់​ថា ជា​ផលិតផល​ដែល​ផលិត​នៅ​រោងចក្រ ក្នុង​ប្រទេស​ថៃ និង​ម៉ាឡេស៊ី ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។