ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកពារាំង ស្រុកសុីធរកណ្ដាល និងស្រុកកញ្ច្រៀច​ ខេត្តព្រៃវែង

(ព្រៃវែង) ៖ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកពារាំង ស្រុកសុីធរកណ្ដាល និងស្រុកកញ្ច្រៀច​ ខេត្តព្រៃវែង។

នាឱកាសនោះ ក្នុងនាមគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាពញាចក្រីហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានស្រុក សកម្មជន និងអ្នកគាំទ្រគណបក្សគ្រប់ភូមិ និងឃុំនៃស្រុកទាំង៣ដែលមានភក្ដីភាពជឿជាក់គាំទ្រឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា និងអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិក។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថ្លែងអំណរគុណប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និយាយជារួម និងនិយាយដោយឡែកក្នុងស្រុកពារាំង ស្រុកសុីធរកណ្ដាល និងស្រុកកញ្ជ្រៀចដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩ និងចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ។

សម្ដេចក៏បានអំពាវនាវសមាជិក សមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិបតេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង សុីវិល័យ និងឈរស្មើមុខលើឆាកអន្តរជាតិ។

សម្ដេចមានប្រសាសន៍ថាការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឱ្យខ្លួនឯង។ សម្ដេចបន្ថែមថាគណបក្សប្រជាជនកម្ពុជា បាននាមកនូវសុខសន្តិភាព និងធានាការពារសុខសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ សម្ដេចបន្ថែមថានៅក្នុងប្រវត្តិសាស្ត្រកម្ពុជា មានតែរាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាទេដែលការពារបានសុខសន្តិភាព បូរណភាពទឹកដី និងអភិវឌ្ឍន៍ជាតិរីកចម្រើនយ៉ាងច្រើនអនេក បើធៀបនឹងរបបដឹកនាំកន្លងមក។

សូមបញ្ជាក់ថាសម្ដេចក្រឡាហោម ស ខេង បានបើក និងបន្តធ្វើយុទ្ធនាការឃោសនាបោះឆ្នោតទាំងនៅមណ្ឌលខេត្តបាត់ដំបង និងមណ្ឌលខេត្តព្រៃវែង។ ក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោតនោះ សម្ដេចតែងបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដូចដែលកម្ពុជាបាននិងកំពុងអនុវត្តធ្វើឱ្យប្រទេសជាតិមានស្ថេរភាព ផ្ទុយពីរបបដឹកនាំមុនៗដែលឡើងកាន់អំណាចតាមរយៈការធ្វើសង្គ្រាមនាំឱ្យមានការបែកបាក់ជាតិ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។