ព័ត៌មានជាតិ

សម្ដេច ហេង សំរិន សូមបងប្អូនជនរួមជាតិទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

(ភ្នំពេញ) ៖ រយៈពេល៦ថ្ងៃមកហើយ ដែលយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានដំណើរការយ៉ាងរលូន តម្លាភាព និងគ្មានអំពើហិង្សា ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រមួយដែលមានសារៈសំខាន់ជាទីបំផុតចំពោះជាតិយើង។

ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ក្នុងការបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ ប្រើប្រាស់សិទ្ធិ សេរីភាពរបស់ខ្លួនក្នុងការជ្រើសរើសថ្នាក់ដឹកនាំប្រទេសជាតិដែលខ្លួនពេញចិត្ត ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍបន្តទៀត។ បងប្អូនជនរួមជាតិ បានមើលឃើញជាក់ស្តែងរួចហើយនូវការរីកចម្រើនរបស់ ប្រទេសយើង ដោយទទួលបាននូវសុខសន្តិភាព ឯករាជ្យ ឯកភាព អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញរហូតទល់ពេលបច្ចុប្បន្ននេះ នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិសម្រាប់នីតិកាលទី៧ ជាបន្តទៀត។

រយៈពេលជាង ៤៤ឆ្នាំ កន្លងទៅនេះ បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករាជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍ ប៉ុល ពត គណបក្សប្រជាជនកម្ពុជា បានផ្សារភ្ជាប់ រួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គ ដឹកនាំប្រទេសឱ្យចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យប្រកបដោយមោទនភាពជាទីបំផុត។

កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងពីទឹកដីដែលរចនាសម្ព័ន្ធសង្គមត្រូវបំផ្លាញដល់ឫសគល់ ទៅជាទឹកដីដ៏ស្រស់បំព្រងដែលប្រជាជនបានរស់នៅយ៉ាងសម្បូរសប្បាយ សុខដុមរមនាក្នុងសន្តិភាព ឯកភាពជាតិ សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ហើយកំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ បន្តយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតីដើម្បីកសាង និងការពារមាតុភូមិរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ជឿនលឿនបន្ថែមទៀត។

សូមជូនពរជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ ចម្រើនគ្រប់ក្រុមគ្រួសារ និងទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។