ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន និងចូលរួមលោកស្រី តំណាងអង្គការ JICA ប្រចាំកម្ពុជា បានបន្តមកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិត សម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្មចំរើនផលរាំងកេសី ស្ថិតនៅឃុំរាំងកេសី ស្រុកសង្កែរ ខេត្តបាត់ដំបង

(បាត់ដំបង) :អញ្ជើញចេញពីកម្មវិធីចែកប័ណ្ណកម្មសិទ្ធិក្បាលដី ឯកឧត្តមរដ្ឋមន្ដ្រី ឯកឧត្តម សឿម ប៉ុនរិទ្ធិ អភិបាលរងខេត្ត សហការី និងដោយមានការចូលរួមផងដែរលោកស្រី Akiyama San តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជាបានបន្តមកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិត សម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្មចំរើនផលរាំងកេសី ស្ថិតនៅឃុំរាំងកេសី ស្រុកសង្កែរ ខេត្តបាត់ដំបង។

ចំពោះសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយឧបត្ថម្ភ របស់អង្គការ JICA និងការខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសជំនាញការជប៉ុនដែលបានជួយជ្រោមជ្រែងទាំងបច្ចេកទេស និងហិរញ្ញវត្ថុធ្វើឲ្យសហគមន៍កសិកម្មចំរើនផលរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្ដ្រីបានធ្វើចំណាប់អារម្មណ៍ថា បច្ចុប្បន្នការផលិតកម្មផលិតពូជ ស្រូវសុទ្ធ មានគុណភាពល្អ ផ្តល់ទិន្នផលខ្ពស់ ធន់នឹងការប្រែប្រួលអាកាសធាតុ ធន់នឹងជំងឺ និងសត្វល្អិតចង្រៃនៅមិនទាន់បានគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាពតាមតម្រូវការប្រើប្រាស់ ហើយភាពខ្វះខាតនេះ គឺជាឧបសគ្គក្នុងការជំរុញផលិតកម្មដំណាំស្រូវប្រកបដោយផលិតភាព និងនិរន្តរភាព។ ឯកឧត្តមបន្តថា ឃ្លាំង លានហាលស្រូវ និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវ ដែលដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ នឹងចូលរួមចំណែកជំរុញការអនុវត្តគោលនយោបាយពូជស្រូវបានទូលំទូលាយ បង្កើនបរិមាណផលិតពូជស្រូវកាន់តែមាន ប្រសិទ្ធភាព តាមរយៈគម្រោងជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវ (RSPP) បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយ JICA កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ថា គម្រោងនេះបានជួយមន្ត្រីសហការទាំងនៅអគ្គនាយដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងនៅសហគមន៍កសិកម្មក្នុងខេត្តគោលដៅទាំង៤ មានខេត្តព្រៃវែង កំពង់ឆ្នាំ តាកែវ និងខេត្តបាត់ដំបង ទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសផលិតកម្ម ការគ្រប់គ្រងផលិតកម្មគ្រាប់ពូជស្រូវ ការរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាព និងការបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។ លើសពីនេះ គម្រោងបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមសហគមន៍កសិកម្មក្នុងខេត្តគោលដៅត្រូវបានបំពាក់ និងកែលម្អ ដែលនឹងជួយឱ្យដំណើរការធុរកិច្ចគ្រាប់ពូជស្រូវនៅក្នុងសហគមន៍ និងការប្រើប្រាស់គ្រាប់ពូជស្រូវកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ ជាក់ស្តែង តាមរយៈគម្រោង RSPP សហគមន៍ចំរើនផលរាំងកេសីបានទទួលការគាំទ្រថវិកាសរុបចំនួន ២៣៨ ២១៤ដុល្លារ ក្នុងនោះសម្រាប់សាងសង់ឃ្លាំង និងលានហាលមានចំនួន ១៧០ ១២២ដុល្លារ ទិញម៉ាស៊ីនសម្អាតគ្រាប់ពូជស្រូវចំនួន ៣០ ៧៥០ដុល្លារ និងសេវាកម្មទីប្រឹក្សាមានចំនួន៣៧ ៣៤២ ដុល្លារ។

ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តាំផ្ញើឲ្យអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានដំណាំស្រូវ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្តខិតខំប្រឹងប្រែងជួយដល់សហគមន៍កសិកម្មទូទាំងខេត្តគោលដៅទាំងបច្ចេកទេស ការងារគ្របគ្រងផលិតកម្ម រដ្ឋបាល និងហិរញ្ញវត្ថុ ធ្វើយ៉ាងណាឲ្យសហគមន៍ផលិតគ្រាប់ពូជស្រូវមាននិរន្តរភាព ធានាបានបរិមាណផលិត និងគុណភាពគ្រាប់ពូជខ្ពស់។ ចំពោះសហគមន៍កសិកម្មចំរើនផល ត្រូវខិតខំរួមសាមគ្គីគ្នាមើលថែទាំ និងប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវឲ្យអស់លទ្ធភាព ធានាបានទាំងប្រសិទ្ធភាពផលិតកម្ម និងសេដ្ឋកិច្ច ដើម្បីចូលរួមលើកកម្ពស់សមត្ថភាពផលិតគ្រាប់ពូជស្រូវ និងលើកកម្ពស់កម្រិតជីវភាពសមាជិកសហគមន៍ និងជាពិសេសឈានទៅជាសហគ្រិនផលិតគ្រាប់ពូជស្រូវក្នុងតំបន់នេះនាពេលអនាគត។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។