ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យគណៈប្រតិភូសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បានចូលជួប សម្តែងការគួរសមនិងពិភាក្សាការងារ

(ភ្នំពេញ) :នៅវេលាម៉ោងដប់និងសាមសិបនាទីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យគណៈប្រតិភូសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាមដឹកនាំ ដោយ ឯកឧត្តម Le Thanh Hung អគ្គនាយក VRG បានចូលជួប សម្តែងការគួរសមនិងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម លោក Le Thanh Hung បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដែលឯកឧត្តមរដ្ឋមន្រ្តីបានអនុញ្ញាតឲ្យគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងជម្រាបអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជា ។ ទន្ទឹមនឹងនេះ ឯកឧត្តម Le Thanh Hung ក៏បានរាយការណ៏យ់ាងក្បោះក្បាយពីវឌ្ឍនភាព និងលទ្ធផលសម្រេចបានគួជាទីមោទនដែលក្រុមហ៊ុនសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បានបោះទុនវិនិយោគលើការដាំដុះដំណាំកៅស៊ូ និងកសាងរោងចក្រនៅកម្ពុជាកន្លងមក ជាក់ស្តែងនៅក្នុងឆ្នាំ២០២១ សម្ព័ន្ធកៅស៊ូវៀតណាមបានសម្រេចផលិតជ័រកៅស៊ូចំនួន ១០៩ ៥២៦ តោន ហើយនៅបំណាច់ឆ្នាំ២០២២ មានក្តីសង្ឃឹមថានឹងសម្រេចបានចំនួន ១៤០ ០០០ តោន។ ជាមួយគ្នានេះ លោក Le Thanh Hung បានថ្លែងអំណរគុណយ់ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ការគ្រាំទ្រនិងលើកទឹកចិត្តដល់ការវិនិយោគកសិឧស្សាហកម្មរបស់វៀតណាម នៅព្រះរាជាណាចក្រកម្ពុជាកន្លងមក។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាមគមន៏យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាមដែលបានខិតខំបណ្តាក់ទុនធ្វើការវិយោគនៅកម្ពុជា រហូតទទួលបានជោគជ័យដ៏ល្អប្រសើរ ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថា ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជាគឺ៖១) រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា , ២) បានបង្កើតការងារដល់ប្រជាជននៅតំបន់ជនបទចំនួន ២០ ០០០ នាក់នៅក្នុងឆ្នាំ២០២២នេះ ពិសេលតាមបណ្តាតំបន់ដែលក្រុមហ៊ុនកំពុងវិនិយោគ, ៣) ដំណាំកៅស៊ូបានចូលរួមចំណែកបង្កើនគម្របដីប៉ៃតងយ៉ាងឆាប់រហ័សនៅកម្ពុជា ផងដែរ, ៤) បានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ។ ទន្ទឹមនឹងសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ ឯកឧត្តមរដ្ឋមន្រ្តី មានក្តីសង្ឃឹមថាសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម នឹងបន្តខិតខំសហការការងារលើការគ្រប់គ្រងដំណាំកៅស៊ូ និងខ្សែច្រវ៉ាក់ផលិតកម្ម ឲ្យកាន់តែបានល្អប្រសើរថែមទៀតជាមួយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា នាពេលខាងមុខ ។
ជាកិច្ចឆ្លើយតប ក្នុងគោលបំណងឲ្យភាគីកម្ពុជាបានស្វែងយល់ពីដំណើរការវិវត្តនៃកសិឧស្សាហកម្មរបស់សម្ព័ន្ធកៅស៊ូវៀតណាម នាប៉ុន្មានឆ្នាំចុងក្រោយនេះនៅសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Le Thanh Hung បានស្នើសុំអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូធ្វើទៅទស្សនកិច្ចជាផ្លូវការ នៅតំបន់សេដ្ឋកិច្ចពិសេស នៅខេត្ត ប៊ិន ភឿក ប្រទេសវៀតណាម ដើម្បីបានស្វែងយល់ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុង វិស័យកៅស៊ូរវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរថែមទៀត។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានទទួលយកសំណើរ និងពិនិត្យពេលវេលាសមស្របណាមួយដើម្បីធ្វើទស្សនកិច្ច នាពេលខាងមុខ។ ការជួបពិភាក្សាការងារបានបញ្ចប់ប្រកបដោយភាពស្និតស្នាល និងទទួលបានលទ្ឋផលយ៉ាងល្អប្រសើរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។