ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង២៦រូប ដែលនឹងបន្តការសិក្សានៅប្រទេសជប៉ុន

(ភ្នំពេញ) ៖ក្នុងពិធីទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ពីកម្មវិធីអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន (JDS) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសជប៉ុន។

នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍ពីកម្មវិធីអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលជប៉ុន (JDS) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសជប៉ុន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង២៦រូប ដែលនឹងបន្តការសិក្សានៅប្រទេសជប៉ុន។ ការសិក្សានៅក្រៅប្រទេសគឺជាឱកាសមួយដ៏ល្អ ក្នុងការពង្រឹងសមត្ថភាព ដើម្បីយកនូវចំណេះ ជំនាញមកអភិវឌ្ឍប្រទេសយើង។ ជាមួយគ្នានេះដែរ ចាំបាច់ត្រូវរក្សានូវសាមគ្គីភាព បើកចិត្តទូលាយរៀនសូត្រអ្វីដែលថ្មី ស្វែងយល់ពីវប្បធម៌ ភាសារបស់គេ ដែលទាំងនេះជាមូលដ្ឋានគ្រឹះក្នុងការទំនាក់ទំនងជាមួយជប៉ុន។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៅកាន់ក្រុមនិស្សិតថា ការសិក្សាគឺជាមូលដ្ឋាន ហើយប្រការចាំបាច់គឺមានសមត្ថភាពពិតប្រាកដ ធ្វើការងារឱ្យពិតប្រាកដ មានលទ្ធផលការងារល្អ ធ្វើខ្លួនឱ្យមានតម្លៃ។ ដូច្នេះត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ មានគោលដៅជាក់លាក់ ធ្វើឱ្យពិតប្រាកដ និងឱ្យល្អបំផុត ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិយើង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។