ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានចូលរួមចំណែកក្នុងការគិតគូដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងស្រុកទាំងបី

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រុកជើងព្រៃ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានបំពេញតួនាទីក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមរាជរដ្ឋាភិបាល ដោយបានចូលរួមចំណែកក្នុងការគិតគូដោះស្រាយនូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងស្រុកទាំងបីធ្វើយ៉ាងណា ដើម្បីអភិវឌ្ឍមូលដ្ឋានលើគ្រប់វិស័យ ធានាបាននូវសន្តិសុខស្បៀង សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងជា ពិសេសសកម្មចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ តាមរយ:ការជួយឧបត្ថម្ភសំភារបរិក្ខាពេទ្យ ជាស្បៀងអាហារ ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាពិបាល និងក៏ដូចជាក្រសួងសុខាភិបាល ហើយចាំចាប់អនុវត្តឲ្យបានជាប់ជាប្រចាំនូវវិធានការ ៣កុំ ៣ការពារ។

ដើម្បីជួយសម្រួលបញ្ហាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ នៅសាលាស្រុកជើងព្រៃ នារសៀលថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញានេះ ឯកឧត្តមប្រធានក្រុមការងាររួមជាមួយសហការីនៃសមាជិកក្រុម ការងារចុះមូលដ្ឋានស្រុកជើងព្រៃ បាននាំយកគ្រឿងបរិភោគមកជូនអភិបាលស្រុកទុកសម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក។ ភ្ជាប់ជាមួយអំណោយនេះ ឯកឧត្តមប្រធានក្រុមការងារបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុក គ្រូពេទ្យស្ម័គ្រចិត្ត មន្រ្តីសុខាភិបាល និងអាជ្ញាធរស្រុកគ្រប់ជាន់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់គ្រប់គ្រង និងអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និងបានរៀបចំធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន ៤១៨ គ្រួសារ ស្នើ ២៤២ខ្នងផ្ទះ ក្នុងភូមិទទោល ឃុំគោករវៀង ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ទោះបីយ៉ាងណាក៏ដោយ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំឲ្យអភិបាលនៃគណៈអភិបាលស្រុក លោកមេឃុំ ភូមិ និងជាពិសេសបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកជើងព្រៃ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រូវបន្តផ្សព្វផ្សាយការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងជាពិសេសត្រូវអនុវត្ត ៣កុំ ៣ការពារ ដើម្បីរួមគ្នាបង្កា និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះឱ្យមានប្រសិទ្ធភាព និងដោយឡែកបងប្អូនដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះនោះត្រូវយកចិត្តទុកដាក់អនុវត្តតាមការ ណែនាំពីមន្រ្តីសុខាភិបាលឲ្យបានជាប់ជាប្រចាំ ហើយបានជូនពរ និងផ្តល់កំលាំងចិត្តឲ្យបានឆាប់ជាសះស្បើយគ្រប់ៗគ្នា។

លោកបានណែនាំឲ្យលោកអភិបាលស្រុក ប្រញាប់នាំយកស្បៀងនេះ ទៅចែកជូនបងប្អូនឲ្យបានទាន់ពេលវេលា ហើយត្រូវរួមគ្នាសហការជាមួយឯកឧត្តមប្រធាន អនុប្រធាន និងសមាជិកក្រុម ការងារចុះមូលដ្ឋានឃុំ ពិនិត្យតាមដានស្ថានភាពទូទៅឲ្យបានជាប់ជាប្រចាំ ដើម្បីចៀសវាងនូវរាល់បញ្ហាប្រឈមដែលអាចបណ្តាលឲ្យមានការរាលឆ្លងជំងឺនេះ (ការពារប្រសើរជាងព្យាបាល)។ សូមជម្រាបជូនថា គ្រឿងបរិភោគដែលបានយកមកជូននាថ្ងៃនេះមាន ៖ អង្ករ ១០តោន មី ៥០០កេះ ត្រីខ ៥០០យួរ សរុបទឹកប្រាក់អស់ចំនួន ១០ ០០០ដុល្លារ និងឧបត្ថម្ភថវិកា ២ ០០០ ០០០រៀលជូនលោកអភិបាលស្រុកបន្ថែមទៀត ទុកដោះស្រាយការងារបន្ទាន់ចំពោះមុខតាមការចាំបាច់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។