ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញជាអធិបតីក្នុងពិធី «ផ្សព្វផ្សាយផែនការសកម្មភាព ដើមី្បបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឆ្នាំ២០២១-២០២៥» តាមប្រព័ន្ធអនឡាញ

(ភ្នំពែញ) នាព្រឹកថ្ងៃពុធ ៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធី «ផ្សព្វផ្សាយផែនការសកម្មភាព ដើមី្បបង្ការទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ឆ្នាំ២០២១-២០២៥» តាមប្រព័ន្ធអនឡាញ។

ពិធីផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ, ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី ក្រសួងស្ថាប័នពាក់ព័ន្ធ, ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា, អនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ, ឯកឧត្តម អគ្គស្នងការដ្ឋាននគរបាលជាតិ, អភិបាលនៃគណៈអភិបាល រាជធានី ខេត្ត, តំណាងក្រសួងស្ថាប័ននិងអង្កការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ជាការពិត ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ជាបញ្ហាសកល ហើយពិភពលោកកំពុងតែយកចិត្តទុកដាក់ និងរួមគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការរំលោភបំពានក្នុងបរិបទប្រព័ន្ធបច្ចេក វិទ្យាព័ត៌មាន ដែលក្នុងនោះ កម្ពុជាជាប្រទេសដែលបោះជំហានទៅមុខក្នុងការចួលរួមចំណែកសំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារ ទាំងកម្ពុជា ក៏ដូចជាពិភពលោកផងដែរ។

សម្ដេច មានប្រសាសន៍បន្តថាបន្ទាប់ពី កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងលើពិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារ ស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ ព្រមទាំងលើពិធីសារបន្ថែម ស្តីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះ ប្រដាប់អាវុធ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០២រួចមក រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានទាំងនោះ ដោយខិតខំដាក់បញ្ចូលខ្លឹមសារពាក់ព័ន្ធទៅក្នុងច្បាប់ គោលនយោបាយ ផែនការនានា សំដៅពង្រឹងកិច្ចការពារកុមារពីភាពរងគ្រោះទាំងឡាយឲ្យកាន់តែល្អប្រសើរ។

សម្ដេចបានបង្ហាញការកត់សម្គាល់ថា ស្របពេលនឹងវិបត្តិកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន រឹតតែមានសារសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំងការសិក្សាអប់រំរបស់កុមារ និងយុវជន យុវនារី ទាំងនៅទីក្រុង ទាំងជនបទ ប៉ុន្តែក៏កើតមានជ្រុងអវិជ្ជមានតាមរយៈការប្រើប្រាស់ខុសគោលដៅ និងដោយមានការជ្រៀតចូលពីក្រុមឧក្រឹដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ដោយខុសច្បាប់ និងប្រាសចាកពីគន្លងសីលធម៌ និងការអភិវឌ្ឍន៍ ដោយបង្កើតឱ្យមានការកេងប្រវ័ញ្ច និងឧក្រឹដ្ឋកម្មគ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មីមួយកំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារនៅលើពិភពលោក រួមទាំងកម្ពុជា។

ដោយមើលឃើញនូវបញ្ហាប្រឈម និងផលប៉ះពាល់ជាអវិជ្ជមានធ្ងន់ធ្ងរបែបនេះ សម្ដេចឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កម្ពុជា បានសម្រេចចូលជារដ្ឋភាគីហត្ថលេខីនៃសេចក្តីថ្លែងការណ៍សកម្មភាពសកល កាលពីឆ្នាំ២០១៥, ចូលជាសមាជិកនៃប្រទេសភាពជាដៃគូសកល ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារនៅឆ្នាំ២០១៩, អនុម័តលើសេចក្តីថ្លែងការណ៍អាស៊ានជំរុញការប្រើប្រាស់បទដ្ឋានកម្រិតខ្ពស់ ដើម្បីការពារកុមារពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ និងបានរៀបចំផែនការសកម្មភាពទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១ ដើម្បីជាមូលដ្ឋានបង្អែក និងជំរុញការចូលរួមពីក្រសួង ស្ថាប័ន អាជ្ញាធរ និងអង្គភាពពាក់ព័ន្ធក្នុងរាជរដ្ឋាភិបាលរួមគ្នាទប់ស្កាត់អំពើហិង្សា និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឲ្យកាន់តែខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។

ដោយផ្អែកលើវឌ្ឍនភាពការងារដូចបានបានបញ្ជាក់មកនេះ សម្ដេចក្រឡាហោម បានសម្តែងនូវការកោតសរសើរ ចំពោះការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក៏ដូចជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដែលបានបំពេញតួនាទីយ៉ាងល្អប្រសើរ ក្នុងការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ព្រមទាំងបទដ្ឋានគតិ្តយុតិជាតិ និងអន្តរជាតិជាច្រើនដែលមានជាធរមាន និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រួសារ និងសហគមន៍ រួមទាំងកុមារទាំងឡាយ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បីកុមារទទួលបាននូវសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិ និងអន្តរជាតិ។

ដើម្បីរួមគ្នាជំរុញ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចការពារកុមារ តាមប្រព័ន្ធអនឡាញនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានក្រើនរំលឹក គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់បញ្ចូល ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ឆ្នាំ២០២១-២០២៥ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់អង្គភាពសាម៉ី។ នាយកដ្ឋាន និងការិយាល័យ ជំនាញដែលមានសមត្ថកិច្ចក្នុងការធ្វើអន្តរាគមន៍ និងដោះស្រាយករណីបទល្មើសបច្ចេកវិទ្យា ត្រូវបន្តការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ អនុលោមតាមច្បាប់ជាតិ និងអន្តរជាតិដែលមានជាធរមាន ជាពិសេស ផ្តោតការយកចិត្តទុកដាក់ជាអាទិភាពលើការដោះស្រាយករណីកុមារ ឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ទោះបីកុមារស្ថិតក្នុងស្ថានភាពណាក៏ដោយដើម្បីជាឧត្តមប្រយោជន៍របស់កុមារដែលជាអនាគតប្រទេសជាតិ។

សម្ដេចមានប្រសាសន៍ណែនាំឱ្យសិក្សាឡើងវិញនូវភាពខ្វះចន្លាះនៃបទបញ្ញត្តិដែលមានជាធរមានលើបទល្មើសឧក្រិដ្ឋកម្មបច្ចេក វិទ្យាលើកុមារ ដោយស្មារតី និងឆន្ទៈទទួលខុសត្រូវខ្ពស់ ជាពិសេសក្នុងករណីមិនមានចែងនៅក្នុងច្បាប់ សូមអនុវត្តដោយឈរលើគោលការណ៍នៃការសម្រេច ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងសិទ្ធិកុមារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គប្បីបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយប្រើប្រាស់យន្តការដែលមានស្រាប់ លើកកម្ពស់ការអនុវត្ត សំដៅធ្វើឲ្យសម្រេចនូវយុទ្ធសាស្រ្តទាំង៦ដែលមាននៅក្នុងផែនការនេះ។ លើសពីនេះទៀត ត្រូវពង្រឹងប្រព័ន្ធតាមដាន និងវាយតម្លៃ ជាពិសេស បង្កើតប្រព័ន្ធទិន្នន័យកុមារទូទាំងប្រទេស ហើយត្រូវបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាល។

សម្ដេចក៏បានអំពាវនាវឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គប្បីបន្តការគ្រប់គ្រងឱ្យបានហ្មត់ចត់ នូវក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិត ក្នុងការកំណត់នូវស្តង់ដាដែលអាច បង្កើត ចែកផ្សាយ និងរក្សាកំណត់ត្រាទិន្នន័យ ជាពិសេស បង្កើតគោលនយោបាយការពារកុមារ ដែលអាចឆ្លើយតបឆាប់រហ័ស និងការទទួលខុសត្រូវចំពោះមាតិតារូបភាពនិងសម្ភារអាសអាភាសដែលរក្សាទុកនៅក្រុមហ៊ុន ហើយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គប្បីបន្តការលើកកម្ពស់សេវាសង្គម ជាពិសេស ការផ្តល់ប្រឹក្សាយោបល់ ការស្តារនីតិសម្បទា និងសមាហរណកម្មចំពោះកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងបទល្មើសបច្ចេកវិទ្យាពត៌មាន ដោយផ្តល់អាទិភាពជាចម្បងដល់កុមារី កុមារជាជនជាតិដើមភាគតិច និងកុមារមានពិការភាព។

ជាមួយគ្នានេះ សម្ដេចបានទទូចឱ្យគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនិងអង្គការដៃគូ គប្បីជំរុញ លើកកម្ពស់ការយល់ដឹងអំពីព័ត៌មានសង្គមដល់មាតាបិតា និងអ្នកដែលមានទំនាក់ទំនងជាមួយកុមារអំពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណិត បញ្ហាគ្រោះថ្នាក់ដែលកើតមានចំពោះកុមារតាមប្រព័ន្ធអ៊ីនធើណិត និងផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ពីរបៀបបង្ការ ជៀសវាងពីទំនាក់ទំនងជាមួយជនខិលខូចនៅក្នុងប្រព័ន្ធអ៊ីនធើណិត និងពង្រឹងការអនុវត្តប្រព័ន្ធរាយការណ៍ទាន់ហេតុការណ៍ (Internet Hotline) និងយន្តការឆ្លើយតប ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ចំពោះករណីរំលោភបំពានកុមារតាមប្រព័ន្ធអ៊ីនធើណិត ព្រមទាំងពង្រឹងបណ្តាញប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសមត្ថភាពអនុវត្តនៅថ្នាក់ក្រោមជាតិ ដោយរួមសហការជាមួយដៃគូពាក់ព័ន្ធ ជាតិ និង អន្តរជាតិ ក្នុងការបង្ការ ទប់សា្កត់ និងឆ្លើយតបករណីរូបភាព និងសម្ភាសអាសអាភាសកុមារឱ្យទាន់ពេលវេលា។

សម្ដេចក៏បានផ្ដល់អនុសាសន៍ឱ្យពិនិត្យលទ្ធភាពក្នុងការវិនិយោគ លើធនធានមន្រ្តីទទួលបន្ទុកការងារសង្គមកិច្ច តាមបណ្តាឃុំ-សង្កាត់ ដើម្បីបង្ខិតសេវាសង្គមកិច្ច គាំពារកុមារឲ្យដល់សហគមន៍ ជាពិសេសយកចិត្តទុកដាក់ចំពោះកុមាររងគ្រោះ និងងាយរងគ្រោះ កុមារត្រូវបានគេបោះបង់ កុមារដែលទទួលរងអំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់រូបភាពនិងពង្រឹងការបញ្ជ្រាបចូលបញ្ហានៃការរំលោគបំពានកុមារគ្រប់រូបភាព ជាពិសេស តាមប្រព័ន្ធអនឡាញ ទៅក្នុងវេទិកាសាធារណៈ នៃគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដើម្បីឲ្យមាតា បិតា អាណាព្យាបាល អាជ្ញាធរ សមត្ថកិច្ច បានយល់ជ្រួតជ្រាប និងបង្កើនកិច្ចការពារកុមារក្នុងគ្រួសារ និងសហគមន៍ ជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជនដែលផ្តល់សេវាអ៊ីនធើណិត ណែនាំអ្នកប្រើប្រាស់ឧបករណ៍ចែកចាយអ៊ីនធើណិត ដែលមានសុវត្ថិភាពចំពោះកុមារ និងតាមដានភាពប្រែប្រួលប្រសើរឡើងនៃការយល់ដឹងរបស់សហគមន៍ ក្នុងកិច្ចការពារកុមារពីភាពរងគ្រោះ ដោយការរំលោភបំពានតាមប្រព័ន្ធអនឡាញ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។