ព័ត៌មានជាតិ

សិស្សសាលាកូនលោកវេជ្ជបណ្ឌិត​១រូប ជួបគ្រោះថ្នាក់ចរាចរណ៍​ស្លាប់ ​នៅតាម​ផ្លូវ QMI

(ភ្នំពេញ) ៖​ រថយន្ត​ទ្រុង​ឃ្លុប​បិទ​ជិត​មួយ​គ្រឿង​ពុំ​ដឹង​ថា​អ្នកបើកបរ​ប្រញាប់​ទៅ​ណា​ ឬ​ស្រវឹង​ទាំង​ថ្ងៃ​នោះ​ទេ បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​បាន​កៀរ​ក្មេង​ប្រុស​សិស្សសាលា​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ បណ្ដាល​ឲ្យ​ដួល​រួច​បែ.កក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ។ ​បន្ទាប់​មក​រថយន្ត​បង្ក​នេះ​ពុំ​បាន​ឈប់​ទទួលខុសត្រូវ​នោះ​ទេ បាន​ព្យាយាម​បើក​រត់គេច​ចម្ងាយ​ប្រមាណ​ជិត​១​គីឡូម៉ែត្រ​ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ឃាត់​បាន​ទាំង​រថយន្ត​និង​មនុស្ស​។

​ហេតុការណ៍​ខាងលើនេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើងកាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ​QMI កែង​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។

ក្មេង​ប្រុស​ដែល​រង​គ្រោះ​​រហូតបាត់បង់ជីវិត​​ឈ្មោះ មុំ ម៉ា​ជូ​លី អាយុ​១៤​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ មាន​ទីលំនៅ​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មាន​ឪពុក​ឈ្មោះ មុំ សុផល មុខរបរ​ជា​វេជ្ជបណ្ឌិត​ និង​ម្តាយ​ឈ្មោះ ប៊ុ​ន រ៉ា​ឌី​កា មុខរបរ​ជា​គ្រូពេទ្យ​ ។
Picture

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី​១​គ្រឿង​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CM-4236 តែ​ម្នាក់ឯង​ដោយ​មាន​ស្ពាយ​កា​តាប​រៀន​១​ផង ធ្វើ​ដំណើរ​តាម​ផ្លូវ​QMI ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។​ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្តទ្រុង​ឃ្លុប​បិទ​ជិត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 3G-32632 បើក​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​នោះ​លឿន​ ដោយ​ពុំ​ដឹង​ជា​ប្រញាប់​ទៅ​ណា​ ឬ​ស្រវឹងទាំង​ថ្ងៃ​នោះ​ទេ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​មក​បាន​វ៉ា​ជែង​ម៉ូតូ​ក្មេង​ប្រុស​រង​គ្រោះ​ពីក្រោយ​រួច​កៀរ​ បណ្ដាល​ឲ្យ​ខ្ទា.ត​ចូល​ក្រោម​កង់​រថយន្ត​កិ.ន​ជន​រង​គ្រោះ​បែ.ក​ខ្ទេ.ច​ក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ​បន្ទាប់​មក​រថយន្ត​បង្ក​ខាងលើ​បាន​ព្យាយាម​បើក​រត់គេច​តាម​ផ្លូវជាតិ​លេខ​៤ ឆ្ពោះទៅ​ខាង​ស្ពាន​អាកាស​ចោម​ចៅ ប៉ុន្តែ​ខណៈ​ពេល​ទៅ​ដល់​ដល់​មុខ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​នេះ​ឃាត់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​តែ​ម្ដង ។​ បន្ទាប់​មក​បាន​ប្រគល់​ជូន​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​នាំ​យក​ទៅ​រក្សា​ទុក​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។