ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវអគារសាលាបឋមសិក្សាឈើទាល ស្ថិតនៅឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង

(បាត់ដំបង) ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវអគារសាលាបឋមសិក្សាឈើទាល ស្ថិតនៅឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលស្រុកបាណន់ បានធ្វើរបាយការណ៍ឱ្យដឹងថាអគារសិក្សាថ្មីដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានដំណើរការសាងសង់កាលខែកក្កដា ឆ្នាំ២០២២ និងបញ្ចប់ការសាងសង់កាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយចំណាយថវិកាសាងសង់អស់ប្រមាណ១៦ម៉ឺន២ពាន់ដុល្លារសហរដ្ឋអាមេរិក ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសម្ដេចក្រឡាហោម និងក្រុមការងារចុះមូលដ្ឋានស្រុកបាណន់។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ដែលបានរម្លាំងសាមគ្គីគ្នាគាំទ្រ និងអភិវឌ្ឍន៍ស្រុកបាណន់។

សម្ដេចបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណងនិងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ដើម្បី ឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។

សម្ដេចបន្ថែមថា ព្រោះហេតុដូច្នេះហើយ ទើបក្នុងរយៈពេល៤៤ឆ្នាំកន្លងមកនេះ ចាប់តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩មក គណបក្សប្រជាជនកម្ពុជា បានប្រមូលផ្ដុំកម្លាំងមហាសាមគ្គីជាតិ និងដឹកនាំប្រទេស សម្រេចបានជោគជ័យដ៏ ធំធេង បង្កើតបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ និងប្រជាជន។

ផ្អែកលើមូលដ្ឋាននៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ក៏បានជម្រាបជូនអង្គពិធីអំពីស្នាដៃរបស់រាជដ្ឋាភិបាលក្នុងរយៈពេល៥ឆ្នាំមកនេះ ដូចជាការថែរក្សាសុខសន្តិភាព និងការពាររាល់សមិទ្ធផលជាតិ, ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ, ការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ការលើកកម្ពស់ជីវភាពកម្មករនិយោជិត, និងការអនុវត្តនយោបាយការបរទេសជាដើម។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ សូមត្រៀមអត្តសញ្ញាបណ្ណ និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា និងសូមគ្រប់តួអង្គរួមគ្នាធ្វើឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។