ព័ត៌មានជាតិ

របូតក្បាលរុំម៉ាណេ ហ្គាស ខណៈកំពុងបញ្ចូលហ្គាស បង្កជាអគ្គិភ័យ ផ្ទុះភាយដល់ផ្ទះប្រជាពលរដ្ឋរងបួសធ្ងន់ស្រាល៧នាក់ !

(ភ្នំពេញ)  មនុស្សប្រុសស្រីចំនួន០៧នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីរបូតក្បាលរុំម៉ាណេ ហ្គាស បណ្ដាលឲ្យផ្ទុះឆ្លងផ្លូវ ឆាបឆេះផ្ទះប្រជាពលរដ្ឋ រងការខូចខាត និងរថយន្ត ម៉ូតូកង់៣ផងដែរ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៤០នាទី រសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្បែរផ្សារបឹងបៃតង ភូមត្រពាំងស្វាយ តាមបណ្ដោយផ្លូវលេខ១៩២៨ មូលដ្ឋានសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរថយន្តដឹកស៉ីទែនហ្គាស បានចូលផ្ទេរហ្គាស មិនដឹងជាហេតុអ្វី ស្រាបតែរបូតក្បាលរុំម៉ាណេ ហ្គាស បណ្ដាលឲ្យផ្ទុះឆ្លងផ្លូវ ត្រូវអ្នកជិះម៉ូតូរ៉ឺម៉ក កំពុងជិះតាមបណ្តោយផ្លូវ ជិះម៉ូតូ និងម្ចាស់រងរបួសធ្ងន់ធ្ងរ។ បន្ថែមទៀតនោះកម្លាំងផ្ទុះហ្គាសបានខ្ទាតមកចំផ្ទះធ្វើម៉ូតូនិងរថយន្ត បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅ ជួយអន្តរាគមន៍បាញ់ពន្លត់ ប៉ុន្តែដោយទំហំនៃការឆាបឆេះ ធំលឿនផងនោះ ធ្វើឲ្យកម្លាំងអាជ្ញាធរជំនាញបង្កានិងពន្លត់អគ្គិភ័យលំបាកក្នុងការជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា តែយ៉ាងណា អគ្គិភ័យមិនបានរាលដាលដល់ការាសសាំងក្បែរនោះឡើយ។

តាមប្រភពពីមន្រ្តីជំនាញបានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យបណ្ដាលឲ្យមនុស្សប្រុសស្រីចំនួន០៧នាក់ រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ។

លោក វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ម្ចាស់ទីតាំងការាសហ្គាសមាន ឈ្មោះ ប៉ែន ភារិទ្ធ ភេទប្រុស អាយុ៦៩ ឆ្នាំ រងរបួសធ្ងន់ធ្ងរ។ លោកនាយការិយាល័យ បានឲ្យដឹងថា ក្នុងហេតុការណ៍នេះបណ្ដាលឲ្យមនុស្សប្រុសស្រីរងរបួស០៧នាក់ ក្នុងនោះ ប្រុស០៦នាក់ និងស្រីម្នាក់ របួសធ្ងន់ទាំងអស់។

លោក នាយការិយាល័យបានបន្តឲ្យដឹងថា ក្នុងប្រតិបត្តិការនេះរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន២២គ្រឿង កម្លាំងនគរបាលបានប្រើប្រាស់ រថយន្តរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន១២ គ្រឿង រថយន្តទីក្រុង ជ្រោយចង្វាចំនួន៧គ្រឿង រថយន្តស្រាបៀ កម្ពុជាចំនួន១គ្រឿង និងរថយន្តកងរាជអាវុធហត្ថ ចំនួន២គ្រឿងអត់បានប្រើប្រាស់។

ចំពោះមូលហេតុកម្លាំងអាជ្ញាធរជំនាញកំពុងធ្វើការស្រាវជ្រាវ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។