ព័ត៌មានជាតិ

រថយន្តដឹកទំនិញធុនធំបុកហ្វូងគោដើរឆ្លងផ្លូវបណ្តាលអោយងាប់គោ៧ក្បាលនៅ នៅស្រុករលាប្អៀរ !

(កំពង់ឆ្នាំង) :យ៉ាងហោចណាស់មានសត្វគោ៧ក្បាលបានងាប់ និង១ក្បាលរបួសធ្ងន់បាក់ជើងក្រោយទាំង២ ដោយសាររថយន្តធុនធំ១គ្រឿង បានបុកកិនពីលើពេញទំហឹង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៨៖១៥ នាទីព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥ ចំណុចមុខក្លោងទ្វារចូលវត្តធម្មវ័ន ក្នុងភូមិត្រពាំងអញ្ចាញ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរ នៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កខាងលើនេះម៉ាកហ៉ីយ៉ាន់ដាយភ្លៅ៥ ពាក់ស្លាកលេខភ្នំពេញ 3C-0474 បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុ ក៏បានបុកហ្វូងគោមួយហ្វូងដែលកំពុងឆ្លងកាត់ផ្លូវ បណ្ដាលឱ្យគោ៧ក្បាលបានងាប់នៅកន្លែងកើតហេតុ និង១ក្បាលទៀតរបួសធ្ងន់បាក់ជើងក្រោយទាំង២។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្ត យកមកកាន់អធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំ រឿងចាត់ការតាមនីតិវិធី។ ដោយឡែក នៅកន្លែងកើតហេតុសមត្ថកិច្ចបានសម្រួលចរាចរណ៍ និងធ្វើកំណត់ហេតុប្រគល់សត្វគោដែលងាប់ និងរងរបួសជូនប្រជាពលរដ្ឋជាពលរដ្ឋជាម្ចាស់គោវិញ និងបានណែនាំឲ្យម្ចាស់គោទាំង ៣-៤នាក់ ដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុពួកគាត់បានកាន់ទង់ក្រហម គ្រវីជាសញ្ញាសុំឲ្យរថយន្តបើកបរលើផ្លូវជាតិបន្ថយល្បឿន ឬឈប់សុំឲ្យគោឆ្លងកាត់សិន។ ប៉ុន្តែក្នុងពេលនោះរថយន្តបង្កហេតុខាងលើមិនបានបង្អង់ល្បឿន ឬឈប់នោះទេ គឺបានបើកក្នុងល្បឿនលឿនវ៉ារថយន្តតូច ១គ្រឿងនៅពីមុខ ហើយក៏បានបុកហ្វូងគោដែលកំពុងឆ្លងផ្លូវជាតិបណ្ដាល ឲ្យមានគ្រោះថ្នាក់តែម្ដង។

ករណីខាងលើនេះ ប្រជាពលរដ្ឋសំណូមពរដល់មន្ទីរសាធារណការខេត្ត ដាក់ផ្លាកសញ្ញាគោឆ្លងកាត់ផ្លូវត្រង់ចំណុចខាងលើនេះឡើងវិញផង ព្រោះថាពីមុននៅចំណុចនេះ មានផ្លាកសញ្ញាគោឆ្លងផ្លូវចំនួន២ផ្ទាំង ប៉ុន្តែថ្មីៗនេះត្រូវបានគេដកចេញពេលជួសជុលផ្លូវជាតិ។ ការដាក់ផ្លាកសញ្ញានេះឡើងវិញ ដើម្បីជាដំណឹងដល់អ្នកបើកបរយន្តគ្រប់ប្រភេទសុំឲ្យប្រុងប្រយ័ត្ននិងបន្ថយល្បឿន កន្លែងសត្វគោឆ្លងកាត់ ដើម្បីចៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុ នៅពេលក្រោយទៀត៕សហការ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។