ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ កត្តាសន្តិភាព គឺជាមូលដ្ឋានគ្រឹះចម្បងនិងសំខាន់បំផុតសម្រាប់ការកសាងទីក្រុងឆ្លាតមានភាពធន់និងមានចីរភាព

(ភ្នំពេញ) ៖សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព គឺជាមូលដ្ឋានគ្រឹះចម្បងនិងសំខាន់បំផុតសម្រាប់ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ASEAN MAYORS FORUM (AMF 2022) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋបាលមូលដ្ឋាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និងអន្តរជាតិ និងជាពិសេសពីប្រជាជនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ដែលស្ថិតនៅជាប់ផ្ទាល់ជាមួយប្រជាជន ត្រូវលើកកម្ពស់ការយល់ដឹង និងសមត្ថភាពក្នុងមូលដ្ឋានរបស់ខ្លួនក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចាប់ផ្តើមយកចិត្តទុកដាក់លើសេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។