ព័ត៌មានជាតិ

ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រកាសទទួលខុសត្រូវក្នុងការដាំដុះថែទាំ និងរៀបចំ “តំបន់ភ្នំតាម៉ៅ” ឱ្យប្រែក្លាយទៅជាឧទ្យានជាតិដ៏ស្រស់ត្រកាល..

(ភ្នំពេញ) :នាថ្ងៃទី១៨  ខែសីហា ឆ្នាំ២០២២
ខ្ញុំបាទ ឡេង ណាវ៉ាត្រា សូមគោរពលើកដៃសំពះ ពុកម៉ែបងប្អូនទាំងក្នុង និងក្រៅប្រទេស បន្ទាប់ពីរាជរដ្ឋាភិបាលបានលុបចោលគម្រោងអភិវឌ្ឈន៍តំបន់ទ្រនាប់ភ្នំតាម៉ៅភ្លាម និងបញ្ជាអោយផ្អាក ក្រុមហ៊ុនបាន ផ្អាកសកម្មភាពទាំងអស់ក្នុងពេលភ្លាមៗនោះ …តាមការណែនាំរបស់មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស
ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង
ដោយក្រុមហ៊ុនបានបញ្ជូនគ្រឿងចក្រសរុប113 គ្រឿង ដោយការយកចិត្តទុកដាក់ និងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃក្នុងការងារសំអាតនិងដាំដុះ ។

ថ្ងៃទី16នេះក្រុមហ៊ុនបានទទួលបទបញ្ជាពីរាជរដ្ឋាភិបាល ថ្មីបន្ថែមទៀត ដាំដុះ ថែទាំ និងរៀបចំអោយទៅជា ឧទ្យានជាតិ ក្រុមហ៊ុនសូមទទួលខុសត្រូវតាមបទបញ្ជាទាំងស្រុងរបស់ប្រមុខរាជរដ្ឋាភិបាល អ្វីដែលក្រុមហ៊ុនបានធ្វើ ក្រុមហ៊ុនត្រូវតែទទួលខុសត្រូវទាំងអស់ … !
ឆ្លៀតឱកាសនេះដែរខ្ញុំបាទសូមបំភ្លឺលើកយកសាច់រឿង និងគោលបំណងខ្លះៗមុនពេល ប្រមុខរាជរដ្ឋាភិបាលបានលុប ជូនពុកម៉ែបងប្អូនអោយបានជ្រាបថា
ក្រុមហ៊ុនទទួលសិទ្ធិក្នុងការវិនិយោគគោលបំណង នោះគឺអោយបងប្អូនមិនទាន់មានលំនៅដ្ឋាន អាចទិញគម្រោងនេះបានត្រឹម៣០ដុល្លារ ទៅ៦០ដុល្លារក្នុងមួយខែ ដែលបញ្ចុះរហូត61%ផ្ដល់ជូនប្រជាពលរដ្ឋទូទាំងប្រទេសអាចមានឱកាសមានលំនៅឋានទាំងអស់គ្នា និងបង្កើត សួនឧស្សាហកម្ម តំបន់ទេសចរណ៍ ផ្លូវ ទឹក ភ្លើង ដែលនៅជិតព្រលានយន្ដហោះអន្តរជាតិថ្មី ផ្ដល់ឱកាសអោយបងប្អូនទទួលបានផលចំណេញពីក្រុមហ៊ុន។

ហេតុផលទាំងនេះ ទើបស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាលក៏សម្រេចចិត្តឲ្យអភិវឌ្ឍ ដោយគិតផលប្រយោជន៍ជាតិ។
កន្លងមកមានមតិមួយចំនួនតែងតែបំភ្លើសការពិត ថាខ្ញុំមកពីនេះមកពីនោះ ធ្វើការនេះធ្វើការនោះ ធ្វើអោយអ្នកនេះធ្វើឲ្យអ្នកនោះ ជាការលាបពណ៌ ដ៏សាហាវ ។
ខ្ញុំផ្ដល់ប្រវត្តិខ្លះៗជូន ពុកម៉ែបងប្អូន ខ្ញុំចាប់កំណើតក្នុងនៅភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានឪពុក ឈ្មោះ ឡុង យឿន មុខរបរជាអ្នករែកដី ម្ដាយឈ្មោះ ប៉ែន ងឿន បានស្លាប់ចោលនៅពេលដែលខ្ញុំទៅធ្វើពលករនៅប្រទេសកូរ៉េបានពីរឆ្នាំ។ បងប្អូនខ្ញុំមាន៥នាក់ គ្រួសារខ្ញុំក្ររហូតរកបាយហូបមិនគ្រប់ ចំណែកខ្ញុំជួយរែកដីឪពុកខ្ញុំតាំងពីអាយុ 12 ឆ្នាំដើម្បីដោះស្រាយការហូបចុក ហើយក៏មិនមានឱកាសទទួលបានការអប់រំខ្ពស់នោះដែរ។
មកដល់ពេលនេះទោះខ្ញុំមានជីវភាពសមរម្យ ខ្ញុំតែងតែបរិច្ចាគលះបង់ ជួយសង្គមជួយអ្នកជុំវិញខ្លួន ខ្ញុំមិនដែលមានចេតនាណាមួយ ធ្វើអោយប៉ះពាល់ទៅដល់ប្រយោជន៍ជាតិឡើយ។
ខ្ញុំពិតជាពិបាកបន្តទទួលយកការចោទប្រកាន់ ដែលជាការចោទប្រកាន់ ដ៏អាក្រក់បំផុត។
ក្រុមហ៊ុនមានបុគ្គលិករាប់ពាន់នាក់ បុគ្គលិកមានប្រពន្ធមានកូនមានឪពុកម្តាយ ដែលគាត់បានចំណូលពីក្រុមហ៊ុនដើម្បីផ្គត់ផ្គង់គ្រួសារទាំងស្រុង។ ក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំក្រុមហ៊ុន ខ្ញុំមិនអាចអោបដៃឈរមើល ការប៉ះពាល់ និងបង្កការលំបាកដល់អង្គភាពក្រុមហ៊ុនទាំងមូលឡើយ។
វាអយុត្តិធម៌ខ្លាំងណាស់ចំពោះខ្ញុំ ដែលជាយុវជនម្នាក់ និងបុគ្គលិកក្រុមហ៊ុនទាំងមូលតែងតែប្រឹងប្រែងជួយសង្គមលះបង់គ្រប់បែបយ៉ាង ហើយទទួលបានមកវិញនូវការប្រមាថ និងការចោទប្រកាន់ដ៏អាក្រក់នេះជាការឈឺចាប់បំផុត ទោះបីរឿងនេះមិនមែនជាការពិត មិនទាន់ឈានទៅដល់ការអនុវត្តច្បាប់ណាមួយក៏ដោយ ប៉ុន្ដែវាជាការលាបពណ៌ ដ៏អាក្រក់ ជាការបំផ្លាញដល់កិត្តិយសខ្ញុំក្រុមគ្រួសារ និងក្រុមហ៊ុនរបស់ខ្ញុំ ។
ខ្ញុំសូមបដិសេដ3ចំណុច និងមិនបន្តអោយបងប្អូនមួយចំនួនតូចចោទប្រកាន់ទៀតឡើយ
1. ចោទខ្ញុំថាកាប់ឈើលក់ ប្រសិនបើស៊ើបអង្កេត សិក្សាឃើញថាខ្ញុំបានលក់ឈើ១មីលីម៉ែត្រ ខ្ញុំសុខចិត្តដើរចូលគុក
2. ការចោទប្រកាន់ថាលាងលុយខ្វក់ វាជាការចោទប្រកាន់ស្មើនឹងបទឧក្រិដ្ឋអន្តរជាតិដ៏អាក្រក់
3 មានអ្នកនៅពីក្រោយ
ចាប់ពីពេលនេះតទៅបងប្អូនដែលចោទប្រកាន់ ដោយគ្មានមូលហេតុ ដោយគ្មានភស្តុតាង ធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុនធ្ងន់ធ្ងរនោះក្រុមហ៊ុនមិនអាចនៅស្ងៀមឡើយ។
អ្វីដែលខ្ញុំបានធ្វើ ខ្ញុំទទួល អ្វីដែលខ្ញុំមិនបានធ្វើ ខ្ញុំក៏មិនទទួល ព្រោះខ្ញុំមានកាតព្វកិច្ចថែទាំ ទទួលខុសត្រូវជោគវាសនាបុគ្គលិករាប់ពាន់អ្នក ។
ចុងក្រោយខ្ញុំ សូមអភ័យទោសនូវពាក្យសម្ដីលើសលួសណាមួយចំពោះពុកម៉ែបងប្អូន ខ្ញុំបាទសូមលើកដៃសំពះគោរពលា៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។