ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២

(ភ្នំពេញ) :នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ.ស.ច.គ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំ លោកជំទាវ មឺន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច. គ បានអានរបាយការណ៍សរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២។

លោកជំទាវបានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងក្នុង ឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន១.៦០៩នាក់ បណ្តាលឱ្យស្លាប់៩៤២នាក់ និងរបួស២.២៣៥នាក់ ធ្ងន់ចំនួន១៤២៩នាក់ ។ចំពោះមូលហេតុគ្រោះថ្នាក់រួមមានល្មើសល្បឿន ៣៨% បើកបរមិនគោរពសិទ្ធិ ២៤% មិនប្រកាន់ស្តាំ ១១% វ៉ាជែង១១% បត់១០% ស្រវឹង៣% កត្តាយានយន្ត២% និងងងុយ ១%ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន ៨១% (៧៥៩/៩៤២នាក់)មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៧៤% (៥៥៨/៧៥៩នាក់ )។

ជាមួយគ្នានេះដែរ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើសេចក្តីរាយការណ៍បទអន្ដរាគមន៍ពិស្តារ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆមាសទី១ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅទូទាំងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ និងអង្គពិធីជ្រាបផងដែរ។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គ.ស.ច.គ បានឯកភាពលើរបាយការណ៍ដែលបានធ្វើសេចក្តីរាយការណ៍ដោយ លោកជំទាវ មឺន មាណវី ព្រមទាំងអបអរសាទរចំពោះការខិតខំប្រឹងប្រែងកន្លងមក នូវបទអន្តរាគមន៍របស់ អភិបាលរងរាជធានីភ្នំពេញ និងអភិបាលខេត្តព្រះសីហនុ។ ចំពោះការងារទិសដៅសម្រាប់ឆមាសទី២ ក្នុងឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានលើកឡើងថា ជាទិសដៅនឹងបន្ដយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅតាមរាជធានី-ខេត្ត ទាំង២៥ ចែកស្ទីកឃ័រចំណាំងផ្លាត និងមួកសុវត្ថិភាពដល់អ្នកបើកបរទោចចក្រយានយន្ដទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច. គ បានសម្តែងនូវការកោតសរសើរដល់កងកម្លាំងចរាចរណ៍ផ្លូវគោក មន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន កងរាជអាវុធហត្ថ មន្ត្រីតុលាការ មន្ត្រីក្រសួងសា្ថប័ន្ធពាក់ព័ន្ធនានា ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលបានខិតខំយ៉ាងសកម្មក្នុងការបំពេញកិច្ចការសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងចូលរួមគោរពប្រតិបត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ធ្វើឱ្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រេចបានលទ្ធផលល្អប្រសើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែណការទស្សវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ.ស.ច. គ។

ក្នុងនោះផងដែរសម្តេចក្រឡាហោម បានសម្តែងនូវការកោសរសើរចំពោះសកម្មភាព កសាងសមិទ្ធផលផ្លូវថ្នល់ ការសាងសង់ផ្លូវល្បឿនលឿន ផ្លូវឯកទិស ផ្លូវជនបទ ការជួសជុលនិងកែលម្អផ្លូវជាតិ ផ្លូវរាជធានីខេត្ត បម្រើដល់ការចរាចរណ៍កាន់តែសុវត្ថិភាព និងបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

សម្តេចក្រឡាហោម ស ខេង បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំ លើស្មារតី បទពិសោធន៍ និងកិច្ចខិតខំប្រឹងប្រែងទទួលខុសត្រូវពីគ្រប់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងអាចសម្រេចបានជោគជ័យក្នុងការបង្ការ ទប់ស្កាត់ ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី២ ឆ្នាំ២០២២ ក៏ដូចជាការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរជាលំដាប់៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។