ព័ត៌មានជាតិ

កម្ពុជាផ្តល់វ៉ាក់សាំង Sinovac ចំនួន២០ម៉ឺនដូសជូនដល់រដ្ឋាភិបាលឡាវ

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់វ៉ាក់សាំងស៉ីណូវ៉ាក់ចំនួន២០ម៉ឺនដូស ជូនដល់រដ្ឋាភិបាលឡាវ ដើម្បីបង្ការជម្ងឺកូវីដ១៩។ ពីធីប្រគល់-ទទួលវ៉ាក់សាំងនេះបានធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ករបស់ឡាវ ដោយមានការចូលរួមដោយ ឯកឧត្តម អ៊ុច បូរឹទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេស តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានប្រគល់ជូន​ ឯកឧត្តមបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត (Bounfeng Phommalaysith) រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណ:កម្មការ ការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៃប្រទេសឡាវ។

ការផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនរដ្ឋាភិបាលឡាវនៅពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ដ៏ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា។ ការផ្ដល់វ៉ាក់សាំងជូនរដ្ឋាភិបាលឡាវនៅពេលនេះ នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនឡាវ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។

កាលពីពេលកន្លងទៅ​ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានបរិច្ចាគបរិក្ខាការពារជំងឺកូវីដ១៩ ជូនប្រទេសមួយចំនួនផងដែរតាមលទ្ធភាពជាក់ស្ដែង ដូចជា ប្រទេសមីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ វៀតណាម និងប្រទេសនេប៉ាល់ជាដើម៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។