ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន បានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញទៅចូលរួមក្នុងវេទិកាអន្តរជាតិស្តីពី “សុវត្ថិភាពម្ហូបអាហារ”

តបតាមការអញ្ជើញពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO, United Nation Industrial Development Organization) និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល (លិខិតលេខ: ៨០០ សជណ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២) នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញទៅចូលរួមក្នុងវេទិកាអន្តរជាតិស្តីពី “សុវត្ថិភាពម្ហូបអាហារ”។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តមអគ្គនាយកអង្គការ UNIDO និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធមួយចំនួនទៀត ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅប្រទេសអូទ្រីស និងប្រទេសប៉ែលហ្សិច។

យោងតាមកម្មវិធីដែលបានរៀបចំឡើងដោយអង្គការ UNIDO សម្រាប់ឯកឧត្តមរដ្ឋមន្រ្តី និងសហការី មានដូចខាងក្រោម ÷

I. នៅប្រទេសអូទ្រីស ÷

ក- ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ គណៈប្រតិភូ ត្រូវចេញដំណើរទៅដល់ទីក្រុង Vienna
ខ- ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នឹងទៅកាន់ទីស្នាក់ការកណ្តាលរបស់អង្គការ UNIDO ដែលឯកឧត្តមរដ្ឋមន្ដ្រី និងសហការីមានកម្មវិធីដូចខាងក្រោម ÷

១- ពេលព្រឹក នឹងអញ្ជើញចូលរួមក្នុងវេទិកាស្តីពី “សុវត្ថិភាពចំណីអាហារ”។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រីនឹងថ្លែងសុន្ទរកថាទៅកាន់អង្គវេទិកាអំពី “សុវត្ថិភាពចំណីអាហារ” នៅកម្ពុជា។

២- ពេលរសៀល ជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម Gerd Muller អគ្គនាយកអង្គការ UNIDO និងក្រុមការងារជំនាញរបស់ UNIDO មួយចំនួនទៀត។ នាឱកាសនេះ ភាគីកម្ពុជានឹងលើកយកប្រធានបទសំខាន់ៗចំនួនពីរមកពិភាក្សាគឺ ÷ ១) អាទិភាពចម្បងក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងសុវត្ថិភាពចំណីអាហារនៅកម្ពុជា ជាពិសេសការកែច្នៃផលិតផលជលផល។ ២) កាលានុវត្តភាពសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអង្គការ UNIDO នាពេលអនាគត។

គ- ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលរបស់អង្គការ UNIDO ដែលមានកម្មវិធីដូចខាងក្រោម ÷

១- ពេលព្រឹក ÷ ជួបប្រជុំពិភាក្សាការងារជាមួយលោក Dejene Tezera មន្រ្តីទទួលបន្ទុកនាយកដ្ឋាន SDG Innovation and Economic Transformation, នាយកផ្នែកអភិវឌ្ឍន៍កសិ-ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ, លោក Ali Badarneh នាយកផ្នែកសុវត្ថិភាពម្ហូប អាហារ និងប្រព័ន្ធម្ហូបអាហារ និងក្រុមជំនាញ UNIDO មួយចំនួនទៀត។ កម្មវត្ថុនៃជំនួបនេះគឺដើម្បីផ្លាស់ប្តូរទស្សនទានស្តីពីការអនុវត្តកម្មវិធី UNIDO សម្រាប់ភាពជាដៃគូប្រទេស (Programme Country Partnership, PCP)។ ការកសាងសមត្ថភាពមន្រ្តីជំនាញក្នុងវិស័យកសិកម្ម ដោយមានការគាំទ្រពីអង្គការ UNIDO និងដំណើរឆ្ពោះទៅរកការពង្រីកគម្រោង PCP ក្នុងវិស័យកសិកម្មកម្ពុជានាពេលអនាគត។

I. នៅប្រទេសប៊ែលហ្សិក ÷

ក- ថ្ងៃទី០៥ តុលា ឆ្នាំ២០២២ បន្តដំណើរចេញពីទីក្រុង Vienna ទៅកាន់ទីក្រុង Brussel
ខ- ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីមានកម្មវិធីដូចខាងក្រោម ÷

១- ពេលព្រឹក មានរៀបចំប្រជុំពិភាក្សាការងារបច្ចេកទេសស្តីពី ” ការនេសាទខុសច្បាប់ គ្មានការ អនុញ្ញាត និងគ្មានរបាយការណ៍ (Illegal, Unreported or Unregulated Fishing, IUU” ជាមួយអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងនេសាទ (DG MARE)។

២- ពេលរសៀល បន្តដំណើរទៅទស្សនាកំពង់ផែក្នុងក្រុងប៊្រុសសែល និងសហគ្រាសកែច្នៃអាហារ/ផលនេសាទ។

គ- ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីមានកម្មវិធីដូចខាងក្រោម ÷

១- ពេលព្រឹក បនតជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវ Charlina Vicheva អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងជលផល (Director General, Directorate-General for Marine Affairs and Fisheries, DG MARE)។

២- ពេលរសៀល បន្តជួបប្រជុំពិភាក្សាការងារបច្ចេកទេសជាមួយ DG SANTE អំពី “កម្មវិធីជាតិតាមដានសំណល់ បសុឱសថ និងសារធាតុគីមីក្នុងវារីវប្បកម្ម, National Residue Monitoring Program” ។

៣- ម៉ោង ១៥:០០ នឹងជួបប្រជុំ និងពិភាក្សាការងារជាមួយឯកឧត្តមអគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហារ (DG SANTE) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។

៤- នៅរសៀលថ្ងៃទី០៧ តុលា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ដ្រីនឹងដឹកនាំគណប្រតិភូធ្វើមាតុភូមិនិវត្តន៍។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។