ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ

(ភ្នំពេញ) :នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រើនរូបទៀត។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ត្រូវបានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ត្រាស់បង្គាប់តែងតាំងជាអគ្គាធិការ នៃអគារធិការដ្ឋានក្រសួងមហាផ្ទៃ ជំនួស ឯកឧត្តម អ៊ីវ លាង ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ឯកឧត្តម អ៊ីវ លាង បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពការងារនៃ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។ បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការនៃអគ្គលេខធិការដ្ឋានក្រសួងមហាផ្ទៃ បានអញ្ជើញអានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងឯកឧត្តម អ៊ីវ លាវ ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។

បន្ទាប់ពីបានទទួលព្រះរាជក្រឹត្យ និងត្រា ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ បានថ្លែងអំណរព្រះរាជគុណព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី ដែលបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតែងឯកឧត្តមជាអគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។

ឯកឧត្តម ក៏បានសម្ដែងការដឹងគុណជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានផ្ដល់សេចក្ដីទុកចិត្តមកលើឯកឧត្តម និងបានថ្លែងអរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គាធិការដ្ឋានទាំងមូលដែលបានផ្ដល់សេចក្ដីទំនុកចិត្ត និងការគាំទ្រមកលើឯកឧត្តមទាំងរយៈពេលកន្លងមក និងនាឱកាសចូលកាន់មុខតំណែងថ្មីនេះ។

ឯកឧត្តម បានប្ដេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ គោលនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងការណែនាំចង្អុលបង្ហាញរបស់សម្ដេចក្រឡាហោម ដើម្បីពង្រឹងនិងគ្រប់គ្រងឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ប្រកាន់គុណសម្បត្តិ៤យ៉ាង រួមមានឆន្ទៈម្ចាស់ការ មនសិការវិជ្ជាជីវៈ និងគណនេយ្យភាព ព្រមទាំងពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងរបៀបរបបការងារឈរលើទស្សនៈសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ គោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងការលើកទឹកចិត្ត។

អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងសេចក្ដីរីករាយ និងចូលរួមអបអរសាទរចំពោះឯកឧត្តម អ៊ីវ លាង ដែលបានចូលកាន់មុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អតីតអគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដែលបានចូលកាន់មុខតំណែងជាអគារធិការនៃអគារធិការដ្ឋានក្រសួងមហាផ្ទៃ។ សម្ដេច ក៏បានថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ សម្ដេចប្រមុខរដ្ឋស្ដីទី និងសម្ដេចតេជោនាយករដ្ឋមន្រ្តី ដែលបានទូលថ្វាយ និងត្រាស់បង្គាប់តែងតាំងមុខតំណែងជូនឯកឧត្តមទាំងពីរ។

សម្ដេចក្រហាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថាអគ្គាធិការដ្ឋាន ជាអង្គភាពគាំទ្រដល់ការអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ក្រសួងមហាផ្ទៃឱ្យកាន់តែល្អប្រសើរ ហើយពីដំណាក់កាលមួយទៅដំណាក់កាលមួយ តែងតែមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំអគ្គាធិការដ្ឋានជាមួយ និងការអភិវឌ្ឍរីកចម្រើន និងមានការតម្រង់ទិសការងារកាន់តែត្រឹមត្រូវនិងច្បាស់លាស់ សំដៅគាំទ្រដល់កិច្ចការនានារបស់ក្រសួង ដើម្បីឱ្យមន្រ្តីនិងយន្តការនានារបស់ក្រសួងបានបំពេញការងារ និងភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់។

មានប្រសាសន៍ដល់ឯកឧត្តម អ៊ីវ លាង ដែលចូលកាន់មុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាមុខតំណែងអនុរដ្ឋលេខាធិការ គឺជាតំណែងជាន់ខ្ពស់មួយ និងចាំបាច់ត្រូវតែមានការយល់ដឹងឱ្យបានត្រឹមត្រូវហើយចៀសវាងការយល់ឃើញមិនសមស្របណាមួយដែលនាំឱ្យប៉ះពាល់ដល់មុខតំណែង និងតួនាទីដ៏សំខាន់នេះ។ សម្ដេច បានបន្ថែមថាកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីឱ្យទទួលបានជោគជ័យ គឺជាកិច្ចការដ៏សំខាន់សម្រាប់គ្រប់មុខតំណែងទាំងអស់។ ក្រៅពីមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានបន្ថែមថាឯកឧត្តម អ៊ីវ លាង ក៏បានបំពេញកិច្ចការផ្សេងទៀតដែរ ពិសេសកិច្ចការកសាងកម្លាំងនយោបាយ និងកិច្ចការសង្គមកិច្ច រួមទាំងការកសាងសមិទ្ធផលនានានៅក្នុងមូលដ្ឋានដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានប្រគល់ភារកិច្ចឱ្យទទួលខុសត្រូវ បន្ថែមលើភារកិច្ចរដ្ឋ។ ចំណែកឯកឧត្តម ឯម វិចិត្រ វិញ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថាថ្នាក់ដឹកនាំក្រសួងបានមូលមតិគ្នាគាំទ្រ និងមានជំនឿជឿជាក់ថាឯកឧត្តមនឹងអាចបំពេញភារកិច្ចថ្មីនេះឱ្យទទួលបានជោគជ័យ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ទៀតថាក្រសួងមហាផ្ទៃមានភារកិច្ចធំៗ២ គឺទី១ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈដែលជាកិច្ចការដ៏មានសារៈសំខាន់និងមានយន្តការគាំទ្រដូចជាអគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងពន្ធនាគារជាដើម។ ចំណែកភារកិច្ចធំទី២ គឺកិច្ចការរដ្ឋបាលមូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះអគ្គាធិការដ្ឋាននេះ ក៏មានភារកិច្ចស្នូលដើម្បីគាំទ្រដល់ការងារធំៗទាំងពីរខាងលើដែរ ពោលគឺទាំងការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចការរដ្ឋបាលមូលដ្ឋាន។

សម្ដេចក្រឡាហោម បានផ្ដល់អនុសាសន៍ណែនាំឱ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ បន្តភារកិច្ចដែលឯកឧត្តម អ៊ីវ លាង ធ្លាប់បានបំពេញកន្លងមកដើម្បីគាំទ្រដល់ការងារស្នូលធំៗទាំងពីរខាងលើ ហើយជាមួយគ្នានេះ សម្ដេចក៏បានឱ្យដឹងដែរថាថា្នក់ដឹកនាំក្រសួងមហាផ្ទៃ នឹងសម្រេចនាពេលខាងមុខដើម្បីប្រគល់តួនាទីនិងការទទួលខុសត្រូវក្នុងក្រសួងមហាផ្ទៃ ជូនឯកឧត្តម អ៊ីវ លាងក្នុងឋានៈជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានបន្តសង្កត់ធ្ងន់អំពីការខិតខំប្រមូល និងទទួលយកសំណើរសំណូមពរ និងក្ដីកង្វល់នានារបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ ទោះមានប្រភពចេញពីប្រជាពលរដ្ឋផ្ទាល់ ឬចេញពីប្រព័ន្ធផ្សព្វផ្សាយ និងមកតាមច្រកណាក៏ដោយ។ សម្ដេចបានណែនាំឱ្យឯកឧត្តមអគាធិការថ្មី និងឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុក បង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឱ្យបានលឿន រហ័ស និងប្រកបដោយប្រសិទ្ធភាព ដ្បិតមានបណ្ដឹង សំណើរ សំណូមពរជាច្រើនទៀតនៅមិនទាន់បានដោះស្រាយចប់នៅឡើយ។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថារាល់បណ្ដឹង សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ឬសាធារណៈមតិ គឺជាកញ្ចក់ដ៏ភ្លឺថ្លាសម្រាប់មន្រ្តីឆ្លុះមើលបញ្ហាដើម្បីកែលម្អរ។ សម្ដេច បានបន្តថាប្រសិនបើករណីណាមួយមិនមែនជារឿងពិត មន្រ្តីមានសមត្ថកិច្ចក៏អាចបោះបង់ចោលឬបំភ្លឺថាវាមិនមែនជាការពិតនោះទេ ប៉ុន្តែប្រសិនបើបញ្ហានោះគឺជាបញ្ហាពិត មន្រ្តីមានសមត្ថកិច្ចត្រូវខិតខំដោះស្រាយឱ្យអស់ពីលទ្ធភាព មិនត្រូវកប់ទុកបញ្ហាចោលឡើយ។ សម្ដេច បន្ថែមថាព្រោះហេតុដូច្នេះហើយបានជាសម្ដេចណែនាំប្រមូលបញ្ហាទាំងអស់នោះមកពិនិត្យមើលដើម្បីដឹងថាពិតឬមិនពិត និងមានវិធានការដោះស្រាយ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍អំពីកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែលនៅក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងចំនួន១១៧ករណី។ សម្ដេច បានសង្កត់ធ្ងន់ថារាល់កិច្ចប្រតិបត្តិការត្រូវតែប្រកាន់យកគោលការណ៍សំខាន់ៗ៣ គឺសង្គ្រោះជនរងគ្រោះ បង្ក្រាបទីតាំងខុសច្បាប់ និងផ្ដន្ទាទោសជនល្មើស។ សម្ដេច បានមានប្រសាសន៍ជាថ្មីទៀតថាបញ្ហាជួញដូរមនុស្សជាបញ្ហាដែលអន្តរជាតិយកចិត្តទុកដាក់ ហើយកម្ពុជាក៏ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាដែរ៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។