ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ) :នៅស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការអបអរសាទរចំពោះលោកជំទាវ ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគីផ្តល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិ ៤ឆ្នាំ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមបានជម្រាបលោកជំទាវដោយសង្ខេបអំពីសក្តានុពលកសិកម្មកម្ពុជា ដែលមិនគ្រាន់តែផលិតបានគ្រប់គ្រាន់ និងលើសពីតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ ទោះជាយ៉ាងណា សក្តានុពលនៃផលិតកម្មកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅមានកម្រិត ដែលទាមទារឲ្យមានការចូលរួម និងគាំទ្រពីដៃគូអភិវឌ្ឍន៍ ពិសេសវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស។ ករណីនេះ នៅចំពោះមុខលោក ជំទាវ ឯកឧត្តមរដ្ឋមន្ដ្រីបានអំពាវនាវ និងស្វាគមន៍វិនិយោគិនតួកគីដើម្បីពិនិត្យលទ្ធភាពវិនិយោគលើវិស័យកសិកម្មកម្ពុជានាពេលអនាគត់។ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានស្នើលោកជំទាវជួយពិនិត្យ ពិចារណា ធ្វើការជំរុញការអនុវត្តការងារដែលបានចែងនៅក្នុងឯកសារអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាតាំងពីឆ្នាំ២០១៨ ដើម្បីចាប់ផ្តើមអនុវត្ត ក្នុងគោលបំណងធ្វើការផ្លាស់ប្តូរ ចែករំលែកបទ​ពិសោធន៍ចំណេះដឹង ជាពិសេសលើការធ្វើទំនើបកម្មកសិកម្ម អភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា។

លោកជំទាវ Ulku Kocaefe បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីសម្រាប់ជំនួប នាពេលនេះ និងបានផ្តល់ព័ត៌មានសំខាន់ៗទាក់ទងនឹងសក្តានុពលនៃវិស័យកសិកម្មកម្ពុជា។
លោកជំទាវបានលើកឡើងថា វិស័យកសិកម្មគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ ការអភិវឌ្ឍវិស័យកសិកម្មគឺជាគោលការណ៍គ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរគឺជាអាទិភាពឈានមុខគេ ដោយសារវិស័យកសិកម្មកម្ពុជាមានសក្តានុពល មានទឹកគ្រប់គ្រាន់ និងផលិតផលមួយចំនួន ផលិតលើសពីតម្រូវការក្នុងស្រុក និងត្រូវការបច្ចេកវិទ្យាកែច្នៃវត្ថុធាតុដើមសំខាន់ៗដើម្បីធ្វើការនាំចេញ។ ដូច្នេះ សម្រាប់អាណត្តិ ៤ឆ្នាំ នៃបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា លោក ជំទាវថានឹងជំរុញ និងគាំទ្រឲ្យកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរចាប់ផ្តើមដំណើរការដើម្បីឈានទៅសម្រេចបានផ្លែផ្កាតាមការរំពឹងទុក។ ករណីនេះ លោកជំទាវ បានឯកភាពថាទី១- ត្រូវខិតខំប្រឹងប្រែងចាប់ផ្តើមអនុវត្ត MOU ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨ ទី២- ភាគីទាំងពីរអាចរៀបចំកិច្ចប្រជុំតាមអនឡាញមួយជំហានដំបូងជាមួយក្រុមការងារជំនាញនៃក្រសួងទាំងពីរ ដោយគួរលើកយកអនុវិស័យសំខាន់ៗមួយចំនួន យកមកពិភាក្សា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្មនៃប្រទេសយើងទាំងពីរ មុននឹងមានដំណើរអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម និងព្រៃឈើ តួកគី ដែលជាឱកាសសម្រាប់ភាគីទាំងពីរជួប ពីភាក្សាគ្នាលម្អិតបន្ថែម លើប្រធានបទសំខាន់ៗយោងតាមអនុស្សារណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខា កន្លងទៅ ដើម្បីឈានដល់ការអនុវត្តឲ្យបានពេញលេញនូវរាល់ការងារដែលបានឯកភាពគ្នា នាពេលដ៏ខ្លីខាងមុខនេះ។

នាឱកាសនេះ ភាគីទាំងពីក៏បានលើកយកប្រធានបទសំខាន់ៗមកពីភាក្សាគ្នាផងដែរ ទាក់ទង÷

– វិបត្តិនៃការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់វិស័យកសិកម្ម
– បញ្ហាសន្តិសុខស្បៀងនៅទូទាំងពិភពលោក បណ្តាលមកពីការប្រែប្រួលអាកាសធាតុ កូវិដ ១៩ និងវិបត្តិសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន
– ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា
– ការលើកកម្ពស់សិទ្ធិ និងសេរីភាពរបស់ស្រ្តីក្នុងវិស័យកសិកម្ម
– ការបញ្ជូននិស្សិត និងមន្រ្តីជំនាញទៅធ្វើកម្មសិក្សា និងទស្សនៈកិច្ចសិក្សា នៅប្រទេស តួកគី។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាក្នុងអាណត្តិការទូតរបស់លោកជំទាវ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងអាចលេចចេញរូបរាង្គ ផ្លែផ្កាដូចការរំពឹងទុក ហើយបានជូនពរលោកជំទាវ ឲ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។