ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំព្រឹត្តិការណ៍ឆ្នាំថ្មី ព្រៃវែង

នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំព្រឹត្តិការណ៍ឆ្នាំថ្មី ព្រៃវែង ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្តជាច្រើននាក់ទៀត ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង (B) នៃសាលាខេត្តព្រៃវែង។

ស្របពេលរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ និងបើកទំព័រថ្មីនៃសេដ្ឋកិច្ចលើគ្រប់វិស័យ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរៀបចំព្រឹត្តិការណ៍ឆ្នាំថ្មី ព្រៃវែង នាពេលថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃ១៧ មេសា ឆ្នាំ២០២២។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានឯកភាពជាគោលការណ៍លើការបង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.​២៥៦៥ សម្រាប់រៀបចំចាត់ចែងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឱ្យកាន់តែមានភាពអធិកអធមជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាបណ្តាប្រជាពលរដ្ឋមកពីភ្នំពេញ និងខេត្តជិតខាង មកលេងកំសាន្ត ដោយមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារ ត្រៀមលក្ខណៈរួចជាស្រេច ក្នុងការបង្ការការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ដោយមិនត្រូវភ្លេចដាច់ខាតគឺវិធានការសុខាភិបាល ៣ការពារ និង៣កុំ ធ្វើយ៉ាងណាធានាដល់សុខុមាលភាពភ្ញៀវទេសចរ មិនមានផលប៉ះពាល់ពីបញ្ហាកូវីដ-១៩ ក្រោយមកទស្សនា ឆ្នាំថ្មី ព្រៃវែង ឆ្នាំ២០២២។

ជាមួយគ្នានេះ ឯកឧត្តម ជា សុមេធី បានលើកឡើងថា សមាសភាពរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងជួរគណៈកម្មការ និងអនុគណៈកម្មការ គឺមានតួនាទីភារកិច្ចរៀបចំប្រារព្វពិធីបុណ្យ និងជម្រុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សាធារណៈជន លើពិធីសែនព្រេន ពូនភ្នំខ្សាច់ និងបង្កើតល្បែងប្រជាប្រិយ បង្កបរិយាកាសរីករាយ ស្របតាមទំនៀមទំលាប់ប្រពៃណីខ្មែរ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបចំសោភ័ណភាព អនាម័យក្នុងទីប្រជុំជនជាដើម។ល។

សូមជម្រាបផងដែរថា ឆ្នាំថ្មី ព្រៃវែងឆ្នាំនេះ ក្រៅពីការរៀបចំពិធីសាសនា និងការលេងល្បែងប្រជាប្រិយខ្មែរមួយចំនួន ក៏នឹងមានការរៀបចំស្តង់ពិព័រណ៍លើឧបករណ៍ សម្ភារ ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុកគ្រប់បណ្តាមន្ទីរអង្គភាពក្រុង-ស្រុកទាំងអស់ ក៏ដូចជាម្ហូបអាហារផ្សេងៗជាច្រើនយ៉ាង។

លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវផែនការមួយចំនួន ទៅដល់រដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំសម្អាត តុបតែងលម្អ រំលេចដោយបដា ទង់ជាតិ ទង់ ក្អែប ទង់ជ្វាលា អមដោយពន្លឺភ្លើង​ពណ៌​តាមដងផ្លូវ ទីប្រជុំជន និងត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នអំពីអគ្គីភ័យ គ្រឿងផ្ទុះ ហាមមិនឱ្យលេងល្បែង ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិ និងផ្ទុយពីប្រពៃណីជាតិខ្មែរខណៈដែលកងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវបង្កើតកិច្ចការពារធានាសន្តិសុខឱ្យបានល្អប្រសើរ។

សារជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងការចូលរួមផ្សព្វផ្សាយ និងទាំងការចូលរួមអនុវត្តលើការងារ បរិស្ថាន អនាម័យស្អាត និងសេចក្តីថ្លៃថ្នូ និងសូមប្រសិទ្ធពរជ័យជូនអង្គពិធីទាំងមូល ទទួលបាននូវពរជ័យ សិរីមង្គល បវរសួស្តីរ វិបុលសុខគ្រប់ប្រការ ដល់គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ស្ថាប័ន អង្គភាពជុំវិញខេត្តផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។