ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅកំណាត់ផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ !

(ព្រះសីហនុ) : នៅវេលាម៉ោង ៨៖១៥នាទី នាទីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចស្រុកព្រៃនប់បានឲ្យដឹងថា គ្រោះថ្នាក់បានកើតឡើងរវាងម៉ូតូម៉ាក HONDA WAVE ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1U-5944 ទិសដៅពីកើតទៅលិចអ្នកបើកបរឈ្មោះ ឃុន មាន អាយុ៥២ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិសំរុងក្រោម ឃុំសំរុង និងរថយន្ដម៉ាក TOYOTA HIGHLANDER ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AV -1030 ទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ។

តាមសេចក្តីរាយការណ៍ ពេលមកដល់ចំណុចខាងលើរថយន្ត បានបុកម៉ូតូខាងមុខផ្នែកខាងស្ដាំ ហើយរថយន្ដជ្រុលទៅបុករថយន្ដ១គ្រឿងទៀត ដែលចតក្បែរចិញ្ចើមផ្លូវម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-9197 មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ។

គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យឲ្យអ្នកបើកបរម៉ូតូ HONDA WAVE ស្លាប់នៅកន្លែងកើតហេតុ។ សាកសពត្រូវបានសាច់ញាតិមកទទួលយក ដើម្បីធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង (រថយន្ដ និងម៉ូតូ) បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ជាបណ្ដោះអាសន្ន។

ដោយឡែកអ្នកបើកបររថយន្ដម៉ាក HIGHLANDER បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ ជុំវិញករណីខាងលើសមត្ថកិច្ចជំនាញ នឹងបន្តដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕សហការី

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។