ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ដឹកនាំប្រជុំពិភាក្សាការងាររៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នៅខេត្តសៀមរាប

(សៀមរាប) : ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប ។

ក្នុងកិច្ចប្រជុំពិភាក្សានោះដែរ ក៏មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលខេត្តសៀមរាប គឺលោក អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ។

ជាមួយគ្នានោះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ លើការងារផ្សព្វផ្សាយស៊ីហ្គេម ភូមិបេតិកភណ្ឌវប្បធម៌ និងគុនល្បុក្កតោ ព្រមទាំងអញ្ជើញចុះពិនិត្យមើលទីតាំងរៀបចំការងារទាំងបីនេះផងដែរ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមាន ៣៨ប្រភេទកីឡា ៣៥៦វិញ្ញាសា និងប្រតិភូចូលរួមពីរាជធានី ខេត្តទាំង២៥ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបចំនួន ៥ ០៤៩នាក់ (ក្នុងនោះប្រតិភូ គ្រូបង្វឹក ៨១៨នាក់ និងកីឡាករ កីឡាការិនី ៤ ២៣១នាក់)៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។