ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងដំបូលព្រះវិហារ សមិទ្ធផល នានា និងពុទ្ធាភិសេក នៅក្នុងវត្តឥន្ទកោសី(ចុងកោះជ្រូក)

(កំពង់ចាម) :នៅព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធី បុណ្យឆ្លងដំបូលព្រះវិហារ សមិទ្ធផល នានា និងពុទ្ធាភិសេក នៅក្នុងវត្តឥន្ទកោសី(ចុងកោះជ្រូក) ស្ថិតក្នុងភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោកជំទាវ ឯកឧត្តម សៀងណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប។ ក្នុងពិធីនេះក៏មានការអញ្ជើញចូល រួមពីសំណាក់ឯកឧត្តមអនុប្រធានក្រុមការងារចុះស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមការ ងារចុះឃុំ ឯកឧត្តម លោកជំទាវជាសប្បុរសជនដែលបានអញ្ជើញមកពីទីជិត-ឆ្ងាយ លោកអភិបាល ស្រុក សមាជិកក្រុមប្រឹក្សាស្រុក ឃុំ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី និងបងប្អូនប្រជាពល រដ្ឋចំណុះជើងវត្តចំនួន ៤០០នាក់។

បន្ទាប់ពីលោកអភិបាលស្រុករាយការណ៍ជូនជ្រាបដោយសង្ខេបអំពីសមិទ្ធផលសំខាន់ៗដែលវត្តបានខិតខំកសាងកន្លងមក។
បន្ទាប់មក ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម និង ឯកឧត្តម សៀង ណាំ ក៏បានធ្វើការសំណេះសំណាលជាមួយបងប្អូនពុទ្ធិបរិស័ទពាក់ព័ន្ធបញ្ហាជីវភាព សន្តិសុខទូទៅ ការអភិវឌ្ឍមូលដ្ឋាន បញ្ហាកូវីដ-១៩ យុទ្ធនាការបោះឆ្នោត និងការទៅបំពេញសិទ្ធិជាពលរដ្ឋទៅបោះ ឆ្នោតនាពេលខាងមុខ។ មានមតិសំណេះសំណាលជាមួយបងប្អូនពុទ្ធិបរិស័ទ ឯកឧត្តមប្រធានក្រុមការងារ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមសមាជិករដ្ឋសភា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនពុទ្ធិបរិស័ទដែលមានវត្តមាននាពេលនេះ និងបងប្អូនទូទាំងខេត្ត ហើយបានជូនពរឲ្យជួបតែពុទ្ធិពរទាំង ៤ប្រការ។ ភ្ជាប់ជាមួយសមិទ្ធផលនេះ ឯកឧត្តមប្រធានក្រុមការងារបានថ្លែង អំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តមប្រធានក្រុមការងារចុះឃុំ សហ ការី លោកអភិបាលស្រុក ឃុំ និងសប្បុរសជនដែលបានបរិច្ចាគថវិការួមគ្នាកសាងឡើងទុកសម្រាប់គោរពបូជាទៅតាមប្រពៃណី ព្រះពុទ្ធសាសនា។ កាយវិការដែលប្រកបដោយស្មារតីទទួលខុសត្រូវ និងសិល្ប:នៃការចែករំលែកនេះ ពិតជាបានបង្ហាញពីការគិតគូយកចិត្តទុក ដាក់អំពីបញ្ហាជីវភាព សេចក្តីត្រូវការ រួមសុខ រួមទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលសកម្មភាពយ៉ាងសកម្មរបស់សមាជិកក្រុមការងារនេះ បានឆ្លើយតបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានលើកឡើងថាមន្រ្តីត្រូវចុះមូលដ្ឋានឲ្យបានជាប់ជាប្រចាំដើម្បីប្រមូលយកនូវរាល់បញ្ហា និងសេចក្តីត្រូវការចាំបាច់របស់បងប្អូន រួចធ្វើការដោះ ស្រាយជូនឲ្យបានទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព។

ឆ្លៀតយកឱកាសនៃការជួបជុំពុទ្ធបរិស័ទ ព្រះចៅអធិការ ព្រះសង្ឃ យាយជី តាជី និងអ៊ំ ពូ មីង បងប្អូន ឯកឧត្តមប្រធានក្រុមការងារក៏បានជម្រាបជូនអង្គពិធីផងដែរអំពីបញ្ហានយោបាយជាតិ និងអន្តរជាតិ បច្ចុប្បន្នភាពនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ការស្តារសេដ្ឋកិច្ចជាតិឡើងវិញស្របតាមគន្លងប្រក្រតីភាពថ្មី សកម្មភាពបង្កបង្កើនផល ព្រមជាមួយការផលិតស្បៀងប្រចាំថ្ងៃ និងជាពិសេសគុណសម្បត្តិដ៏ធំធេងរបស់រាជរដ្ឋាភិបាលដែលបានកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យមានសុខសន្តិភាព និងការរីកចម្រើនដែលមាននាពេលបច្ចុប្បន្ន។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ និងតាងនាមឲ្យបងប្អូនទូទាំងខេត្តកំពង់ចាម ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានខិត ខំតស៊ូលះបង់គ្រប់បែបយ៉ាងក្នុងការកសាង និងអភិវឌ្ឍប្រទេស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរជូនចំពោះសម្តេចដែលបានស្វែងរកជំនួយ និងជៀវវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ មកចាក់ជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ធ្វើឲ្យការគ្រប់ គ្រងស្ថានភាពនៃការរីករាលដាលជំងឺនេះបានល្អប្រសើរ ឈានទៅអនុញ្ញាតឲ្យបើកដំណើរការនូវរាល់សកម្មភាពសង្គមស្របតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ។ លោកក៏បានក្រើនរំលឹកបងប្អូនត្រូវទៅបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ខាងមុខជូនគណបក្សប្រជាជនដើម្បីអនាគតភ្លឺស្វាងរបស់យើង កូនចៅយើង និងប្រទេសជាតិយើងទទួលសុខសន្តិភាព និងទទួលបានការអភិវឌ្ឍថ្មីៗបន្តទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។