ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន៖ ការពង្រឹងសមត្ថភាព និងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ជនមានពិការភាពគឺជាកត្តាចាំបាច់!

(ភ្នំពេញ) ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា ដោយជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍ឱ្យកាន់តែប្រសើរឡើង។

ថ្លែងនៅក្នុងឱកាសទិវា «ជនមានពិការភាពកម្ពុជាលើកទី២៤
និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកកម្ពស់សហគ្រិនភាពសម្រាប់ជនមានពិការភាពគឺជាកិច្ចការមួយដ៏សំខាន់ដែលអាចផ្តល់ និងបង្កើនឱកាសដល់ជនមានពិការភាពចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចដើម្បីលើកកម្ពស់ជីវភាពរបស់ខ្លួននិង គ្រួសារ ក៏ដូចជាការចូលរួមក្នុងការអភិវឌ្ឍក្នុងសង្គមឱ្យកាន់តែមានភាពប្រសើរឡើង។

លោកជំទាវ បានគូសបញ្ជាក់ថា៖ «ដើម្បីឱ្យជនមានពិការភាពអាចចូលរួមក្នុងសង្គម សេដ្ឋកិច្ចបានពេញលេញនិងទូលំទូលាយ ការពង្រឹង សមត្ថភាពនិងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ជនមានពិការភាពគឺជាកត្តាចាំបាច់និងមិនអាចខ្វះបាន។ ក្នុងន័យនេះ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ មានកាតព្វកិច្ចធានាឱ្យបាននូវការធ្វើបរិយាបន្នសម្រាប់ ជនមានពិការភាព ក្នុងការទទួលបានការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ភាពជាម្ចាស់ការលើការគ្រប់គ្រង ធនធានហិរញ្ញវត្ថុ សិទ្ធិចូលរួមក្នុងការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ដើម្បីឱ្យជនមានពិការភាពគ្រប់រូបមាន ឱកាសពេញលេញទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទិដ្ឋភាពនយោបាយ»។

យ៉ាងណាមិញ លោកជំទាវ ម៉ែន សំអន កត់សម្គាល់ថា ថ្វីត្បិតតែកន្លងមករាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងលើវិស័យសុខុមាលភាព ជនមានពិការភាពយ៉ាងណាក៏ដោយ ក៏ជនមានពិការភាពនៅមានឧបសគ្គជាច្រើនទៀតត្រូវប្រឈមរួមមាន ដូចជា ឧបសគ្គផ្នែកបរិស្ថានរូបវន្ត ឧបសគ្គក្នុងការបម្លាស់ទី និងឧបសគ្គក្នុងការទំនាក់ទំនង។

លោកជំទាវ បានថ្លែងថា៖ «យើងត្រូវតែយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងទាំងអស់គ្នា ក្នុងការដោះស្រាយបញ្ហានិងលុបបំបាត់ការរើសអើងលើជនមានពិការភាពដែលជាកិច្ចការដ៏មានសារៈសំខាន់ចំពោះមុខ ដើម្បីបន្តជំរុញដល់ការអភិវឌ្ឍវិស័យពិការភាព ឱ្យបានខ្លាំងក្លានិងមានប្រសិទ្ធភាពខ្ពស់ ដែលទាមទារឱ្យមានកិច្ចប្រតិបត្តិការបន្ត ដើម្បីឈានទៅសម្រេចបាន នូវគោលបំណងកំណត់ផែនទីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការធានាឱ្យសុខុមាលភាពរបស់ជនមានពិការភាព មានចំណូលដូចជនទូទៅ តាមសេចក្តីប្រាថ្នានិងការខិតខំរបស់រាជរដ្ឋាភិបាលដែលប្រែក្លាយឋានៈរបស់កម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

លោកជំទាវ បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័នរដ្ឋ ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិនិងសមត្ថភាព ឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង ឱ្យមានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។

ជាមួយគ្នានេះ លោកជំទាវ ក៏បានណែនាំឱ្យបន្តរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈសម្រាប់ជនមានពិការភាព គ្រប់ប្រភេទដូចជា ការរៀបចំចំណតយានយន្តពិសេសសម្រាប់ជនមានពិការភាព ការធ្វើជម្រាល ការបំពាក់ឧបករណ៍ ធ្នាក់ដៃ ទ្វារ បន្ទប់ទឹកជនមានពិការភាព ការដាក់ស្លាកសញ្ញានានា នៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌ កន្លែងលេងកីឡា កន្លែងកម្សាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាព និងមធ្យោបាយដឹកជញ្ជូន។ល។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម វង សូត បានថ្លែងថា ទោះបីមានការខកខានរៀបចំទិវាជនមានពិការភាពរយៈពេល៣ឆ្នាំដោយសារការរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែក្រសួងបានរៀបចំការចុះសួរសុខទុក្ខ និងនាំយកអំណាយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដើម្បីចែកជូនដល់ជនមានពិការភាពនៅតាមសមាគម មជ្ឈមណ្ឌល និងអង្គការមិនមែនរដ្ឋាភិបាលនានា។

បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ស្ថាប័នរដ្ឋចំនួន ៣៧ បានជ្រើសរើសជនមានពិការភាពចូលបម្រើការងារសរុបចំនួន ៣ ៧៤៨នាក់។ ជាមួយគ្នានេះ ជនមានពិការភាពចំនួន ៥ ៨៣៩នាក់បានចូលបម្រើការងារក្នុងវិស័យឯកជនចំនួន ២៩១សហគ្រាស ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ។

គូសបញ្ជាក់ថា ជនមានពិការភាពនៅកម្ពុជាដែលគិតត្រឹមអាយុ ៥ឆ្នាំឡើងទៅ សរុបចំនួន ៦៩ម៉ឺននាក់ ស្មើនឹង ៤,៩ភាគរយនៃចំនួនប្រជាជនសរុប។ មូលហេតុចម្បងៗដែលនាំឱ្យមានពិការភាព គឺបណ្តាលមកពីជំងឺកង្វះអាហារូបត្ថម្ភ តំណពូជ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អំពើហិង្សា គ្រោះមហន្តរាយ ចាស់ជរា និងមូលហេតុផ្សេងៗទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។