ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ស.ស.យ.ក. គឺជាវេទិកាទូលំទូលាយ និងជាអង្គការយុវជនដ៏ធំមួយដែលអនុញ្ញាតឱ្យគ្រប់កោសិកានៃសង្គមកម្ពុជា អាចចូលរួមដោយមិនប្រកាន់និន្នាការក្នុងកិច្ចការងារស្ម័គ្រចិត្ត

(ភ្នំពេញ) ៖នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំង​ប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានបូកសរុបសមិទ្ធផលការងារសំខាន់ៗជាច្រើនសន្ធឹកសន្ធាប់ដែលក្រុមគ្រួសារ ស.ស.យ.ក. សម្រេចបានក្នុងរយៈពេលកន្លងមក និងបន្តលើកទិសដៅ «យុវជនដើម្បីបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» ដោយទាំងនេះពិតជាបានឆ្លុះបញ្ចាំងនូវស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ និងការបេ្តជ្ញាចិត្តខ្ពស់ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។

ឯកឧត្តម បាបគូសបញ្ជាក់ថា ស.ស.យ.ក. គឺជាវេទិកាទូលំទូលាយ និងជាអង្គការយុវជនដ៏ធំមួយដែលអនុញ្ញាតឱ្យគ្រប់កោសិកានៃសង្គមកម្ពុជា អាចចូលរួមដោយមិនប្រកាន់និន្នាការក្នុងកិច្ចការងារស្ម័គ្រចិត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមសម្រាប់កម្ពុជា។ មួយវិញទៀត វេទិកាមួយនេះក៏បានផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយក្នុងការកសាងសមត្ថភាព តាមរយៈការចូលរួមធ្វើការងារជាក្រុម ទាំងក្នុងវិស័យ​នយោបាយ វប្បធម៌ មនុស្សធម៌ ដោយបានផ្សារភ្ជាប់កាន់តែជិតស្និទ្ធជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។ និងសូមលើកទឹកចិត្តក្នុងការបន្តស្មារតី ឆន្ទៈ និងសកម្មភាពដ៏ថ្លៃថ្លានេះ ដែលជាមូលដ្ឋានប្រកបដោយឥទ្ធិពលជាវិជ្ជមាន ក្នុងការអប់រំផ្នត់គំនិត និងឥរិយាបទរបស់យុវជន ដើម្បីឱ្យក្លាយជាប្រជាពលរដ្ឋល្អក្នុងសង្គម និងមានសមត្ថភាពស័ក្តិសមជាធនធានបន្តវេនយ៉ាងសំខាន់សម្រាប់ជាតិទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ក្រោមបាវចនា «ខែ្មរតែមួយ អនាគតតែមួយ» និង «ខ្មែរធ្វើបាន» ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា រំលឹកដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានចាប់ផ្ដើមបង្កើតឡើង ហើយពេលនោះយុវជនយើងជំនាន់មុនដែលជាថ្នាក់ដឹកនាំនាពេលបច្ចុប្បន្ននេះ បានជម្នះរាល់ឧបសគ្គដើម្បីរៀបចំនូវមហាសន្និបាតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដោយជោគជ័យ និងបានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការរៀបចំរចនាសម្ព័ន្ធអង្គការចាត់តាំង ដើម្បីដឹកនាំអនុវត្តឈានទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ព្រមទាំងដឹកនាំស្តារ កសាង និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនលូតលាស់លើគ្រប់វិស័យរហូតសព្វថ្ងៃ។ ស្មារតីអមតៈ ២ ធ្នូ គឺជាស្មារតីនៃការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន មករួបរួមគ្នា ដើម្បីសម្រេចនូវបុព្វហេតុរួម ជូនមាតុភូមិ និងប្រជាជន។ គំរូពលិកម្មដ៏ឧត្តុងឧត្តមទាំងនេះ គឺជាមរតកមិនអាចកាត់ថ្លៃសម្រាប់យុវជនជំនាន់បច្ចុប្បន្នក្នុងនាមជាយុវជនបន្តវេន ដូច្នេះយើងត្រូវបន្តថែរក្សានូវសមិទ្ធផលដែលយុវជនជំនាន់មុនសម្រេចបាន ហើយបង្កើនសមិទ្ធផល និងស្នាដៃវិជ្ជមានថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបម្រើប្រជាជន ថែរក្សាសុខសន្តិភាព និងចូលរួមចំណែកទាំងអស់គ្នាបន្តដឹកនាំនាវាកម្ពុជាទៅកាន់វឌ្ឍនភាព និងសុភមង្គលជានិច្ចនិរន្តរ៍។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវដល់យុវជន ស.ស.យ.ក ទាំងអស់ឲ្យ បន្តយកចិត្តទុកដាក់លើទិសដៅលើការងារសំខាន់ៗ​ជាអាទិភាពមួយចំនួន រួមមានជាអាទិ៍៖ ការពង្រឹង និងពង្រីកខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ, ការកសាងចលនាយុវជនឱ្យចូលរួមអភិវឌ្ឍសង្គមជាតិមួយដ៏ទំនើប រស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរ ប្រកបដោយគុណធម៌ សីលធម៌ មនសិការស្នេហាជាតិ ស្មារតីទទួលខុសត្រូវ និងសុខភាពកាយសម្បទារឹងមាំ, ការបន្តការពារ និងថែរក្សាកេរតំណែលរបស់រៀមច្បងជំនាន់មុន ដែលជាថ្នាក់ដឹកនាំបច្ចុប្បន្ន ទាំងការរំដោះប្រជាជនចេញពីរបបកាប់សំលាប់ប៉ុលពត និងការបញ្ចប់សង្រ្គាមជាង៥០០ឆ្នាំ ដោយបានកសាងសន្តិភាពតាមរយៈការនាំមកនូវឯកភាពជាតិ និងឯកភាពទឹកដីពេញលេញ, ការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងការលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិលើឆាកអន្តរជាតិ។ល។ ជាមួយគ្នានេះ ក៏សូមបន្តជំរុញស្មារតីសេ្នហាជាតិមាតុភូមិរបស់យុវជនឱ្យមានភាពប្រាកដនិយម មានទឹកចិត្តទូលំទូលាយ ស្វាហាប់ ហ្មត់ចត់ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំដោយប្រកាន់យកអភិក្រម «ការសិក្សាពេញមួយជីវិត» ដើម្បីអាចបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងចូលរួមបំផុសទឹកចិត្តស្មារតីដល់យុវជនដទៃទៀតក៏ដូចជាសាធារណជន ឱ្យស្រលាញ់ជាតិមាតុភូមិ វប្បធម៌សន្តិភាព ការផ្សព្វផ្សាយអំពីអត្តសញ្ញាណជាតិ គុណតម្លៃជាតិ ការលើកស្ទួយសម្រស់កម្ពុជា និងកិត្យានុភាពជាតិ។ លើសពីនេះ ក៏សូមបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងល្អជាមួយអង្គការយុវជន និងយុវជនបណ្តាប្រទេសនានាលើសកលលោកផងដែរ ដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាពសាកល៕

ប្រភព៖ ក្រសួងព័ត៌មាន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។