ព័ត៌មានជាតិ

ល្បែងកាស៊ីណូភ្នំដិន បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង!

អ្នកធ្លាប់ចូលទៅដល់ក្នុងកាស៊ីណូភ្នំដិន បានឲ្យដឹងថា ល្បែងបញ្ជល់មាន់ វង់បៀ អាប៉ោង យូគី ក្នុងកាស៊ីណូភ្នំដិន ដំណើរការយ៉ាងពេញទំហឹង ហើយពលរដ្ឋខ្មែរសម្រុកចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់។ សម្រាប់ការបញ្ជល់មាន់គូពិសេសមានដាក់ដើមថាន់ចាប់ពី2000ដុល្លា ទៅ3000ដុល្លា ឬច្រើនជាងនេះ ហើយល្បែងអាប៉ោង បៀ​យូគី ក៏ស៊ីសងក្នុងទឹកលុយច្រើនៗដែរ ដោយម្ចាស់កាស៊ីណូអាចប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋកំពុងព្រួយបារម្ភយ៉ាងខ្លាំងទៅលើបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ កើតឡើងគួរឲ្យភ័យខ្លាច។

ប្រជាពលរដ្ឋបានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញជាបន្ទាន់ចំពោះករណីម្ចាស់កាស៊ីណូភ្នំដិននៅច្រកភ្នំដិន បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងពេញបន្ទុក។ ដោយហេតុថាលោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ បណ្ដោយឲ្យម្ចាស់កាស៊ីណូភ្នំដិន ធ្វើអ្វីៗតាមអំពើចិត្តក្នុងខណៈដែលប្រជាពលរដ្ឋនៅឃុំទន្លាប់ ស្រុកគិរីវង្ស ខេត្តតាកែវ ព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម។ ប្រជាពលរដ្ឋសង្ស័យថាប្រហែលមានការបើកដៃពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចខេត្តតាកែវ ទើបម្ចាស់កាស៊ីណូភ្នំដិន ហ៊ានប្រព្រឹត្តបំពានច្បាប់បើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង ដោយគ្មានញញើតអ្វីទាំងអស់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។