ព័ត៌មានជាតិ

ជំនួបគួរសម្តែងការគួរសមរវាងកឧត្តម អភិបាលខេត្តជាមួយប្រធានសមាគមខ្មែរ-ចិនខេត្តសៀមរាប

(សៀមរាប) ៖ ថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យលោក ហ៊ុយ គឹមហ៊ួរ ប្រធានសមាគមខ្មែរ-ចិនខេត្តសៀមរាប និងសហការី ចូលជួបសម្តែងការគួរសម និងជូនពរដល់ឯកឧត្តម អភិបាលខេត្ត និងមន្រ្តីរាជការរដ្ឋបាលខេត្តសៀមរាបទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

លោក ប្រធានសមាគមខ្មែរ-ចិនខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តដែលចំណាយពេលដ៏មានតម្លៃ ដែលអនុញ្ញាតឱ្យប្រតិភូចូលរួមជួបសំណេះសំណាល និងសម្តែងការគួរសមនាពេលនេះ និងសូមជូនពរ ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងមន្រ្តីរាជការរដ្ឋបាលខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូល ព.ស២៥៦៨ សូមមានកម្លាំងមាំមួនផ្លូវកាយ ផ្លូវចិត្ត ប្រាជ្ញាស្មារតី និងបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗថែមទៀតដើម្បីជាទីសង្ឃឹម និងជាជម្រកដ៏ត្រជាក់ត្រជុំសម្រាប់បងប្អូនអាជីវកករ កសិករ អ្នកវិនិយោគទុក ក៏ដូចជាពលរដ្ឋទូទៅក្នុងខេត្តទាំងមូល ដើម្បីឈានទៅរកភាពចម្រុងចម្រើន សេចក្តីសុខក្សេមក្សាន្ត ការអភិវឌ្ឍ និងវឌ្ឍនភាពសង្គមរបស់យើងប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តុង្គឧត្តម ក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះ លោក ប្រធានសមាគមខ្មែរ-ចិនខេត្ត និងសហការី ដែលបានចំណាយពេលមកជូនពរដល់រូប ឯកឧត្តម និងមន្រ្តីរាជការរដ្ឋបាលខេត្ត ក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូល ព.ស២៥៦៨ ។ កាយវិការនេះ ជាការបញ្ជាក់ពី ទឹកចិត្តស្រឡាញ់ គាំទ្ររបស់បងប្អូនសមាជិកសមាជិកាសមាគមខ្មែរ-ចិនទាំងអស់ ចំពោះ ឯកឧត្តម និងមន្រ្តីរាជការរដ្ឋបាលខេត្ត និងជាការលើកទឹកចិត្តបន្ថែមទៀតដើម្បីខិតខំបំពេញតួនាទីក្នុងការបម្រើសេវាសាធារណៈឱ្យបានរិតតែល្អទ្វេឡើងថែមទៀត និងសូមរួមគ្នាអភិវឌ្ឍសង្គមរបស់យើងឱ្យបានរីកចម្រើនសម្រាប់ខ្លួនយើង និងកូនចៅរបស់យើងតជំនាន់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។