ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង

(បាត់ដំបង) ​៖នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសំឡូត ដែលជាអតីតទឹកដីសមរភូមិសង្គ្រាមចុងក្រោយមួយ សម្រាប់ការខិតខំបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេច បានសមិទ្ធផលនានាជាច្រើន និងបានថ្លែងបង្ហាញការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះ អតីតយុទ្ធជន និងនិវត្តជនទាំងអស់ក្នុងស្រុកដែលតស៊ូលះបង់ ធ្វើពលិកម្មយ៉ាងលំបាកចូលរួមនាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីការប្រជែងភូមិសាស្រ្តនយោបាយ និងវិបត្តិសង្គ្រាម ព្រមទាំងបញ្ជាក់អំពីស្ថានភាពផ្ទៃក្នុងប្រទេស ដែលក្រុមប្រឆាំងជ្រុលនិយមនៅតែបន្តប៉ុនប៉ងបំផ្លាញសន្តិភាព។ យ៉ាងណាក៏ដោយ សម្ដេចបន្ថែមថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមពី មន្ត្រីរាជការ កងកម្លាំង មានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពល ក្នុងនោះរួមទាំងក្នុងស្រុកសំឡូតផងដែរ ដែលធ្វើឱ្យប្រទេសជាតិអាចជម្នះបាននូវបញ្ហាប្រឈមនានាជាសាកល រួមទាំងជំងឺកូវីដ-១៩ ព្រមទាំងទប់ស្កាត់បាននូវរាល់ឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម រក្សាបានសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។

សម្ដេចបានបន្តមានប្រសាសន៍អំពីសមិទ្ធផលនានា ដែលកើតចេញពីមូលដ្ឋាននៃការខិតខំប្រឹងប្រែងថែរក្សាសុខសន្តិភាព ក្នុងនោះមានដូចជាការបន្តអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិសេសការរៀបចំការបោះឆ្នោតជាទៀងទាត់ ការដាក់ចេញគោលនយោបាយពង្រឹងសេដ្ឋកិច្ចជាតិ ធានាការផ្ដល់សេវាសាធារណៈ និងការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងនោះក៏មានការអភិវឌ្ឍធនធានមនុស្ស ផ្លូវគមនាគមន៍ ទឹកស្អាត និងប្រព័ន្ធធារាស្ត្រ និងការតបណ្ដាញអគ្គិសនី។ សម្ដេចក៏បានគូសបញ្ជាក់អំពីស្នាដៃនៃការដឹកនាំកិច្ចប្រជុំអាស៊ាន និងការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ២០២៣ ផងដែរ។

ក្រៅពីនេះ សម្ដេចក្រឡាហោម បានស្នើសុំអង្គពិធីបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាពជាអាទិភាព ដើរទន្ទឹមគ្នានឹងការខិតខំថែរក្សាសន្តិសុខ សណ្ដាប់សាធារណៈ និងការបន្តការងារជាប្រក្រតីតាមតួនាទី និងភារកិច្ច។ សម្ដេចក៏បានស្នើឱ្យបន្តរួមគ្នាជំរុញគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ព្រមទាំងប្ដេជ្ញាចិត្តរួមគ្នាធ្វើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីរួមគ្នារក្សាស្ថេរភាពជាតិ និងការអភិវឌ្ឍតាមគន្លងប្រជាធិបតេយ្យ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។