ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តបានចែកអំណោយដល់គ្រួសារក្រីក្រ ចាស់ជរា និងជនពិការក្នុងឱកាសចម្រើនព្រះជន្មព្រះមហាវិមលធម្ម ពិន សែម

(សៀមរាប) ៖កាលពីព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០២២ នៅក្នុងវត្តរាជបូណ៌ រដ្ឋបាលខេត្តសៀមរាប បានរៀបចំ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មប្រគេនដល់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈ ថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភាក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ គម្រប់ ៨៣ ឈានចូល ៨៤ព្រះវស្សា នាឱកាសនេះដែរ ក៏បានរៀបចំចែកអំណោយជូនដល់គ្រួសារ (ក្រ១.ក្រ២ )ចាសជរា ជនពិការ ចំនួន៣៨៤គ្រួសារ ក្រោមអធិបតីភាពរបស់ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទផងដែរ។

បន្ទាប់ពីលោកគ្រូអាចារ្យ បានធ្វើការរៀបចំតាមប្រពៃណីនៃព្រះសម្មាសម្ពុទ្ធ និងព្រះសង្ឃសូត្រព្រះបរិតរួចមក ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា ព្រះកិត្តិនាម របស់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភាក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ល្បីរន្ទឺ សុះសាយ ហើយត្រូវបានទទួលស្គាល់ពីប្រជាពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ការប្រារព្វឡើងនេះ គឺដើម្បីសម្តែងនូវការរំលឹកនឹកនូវគុណូបការៈ និងគុណសម្បតិ្តយ៉ាងច្រើនឥតគណនា របស់ព្រះអង្គមកលើសិស្សគណ គ្រប់អង្គ/រូប ជាពិសេសព្រះអង្គបានលះបង់ និងថ្វាយខ្លួនបម្រើនព្រះពុទ្ធ សាសនាអស់មួយជីវិត ទើបថ្ងៃនេះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកជំទាវ ឯកឧត្តម លោកស្រី អស់លោក បានរៀបចំនូវអំណោយ សម្រាប់ធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋយើង នាពេលនេះប្រកប សេចក្តីជ្រះថ្លាក្រែលែង និងដើម្បីបានរួមចំណែកបំពេញបុណ្យកុសល ជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពុទ្ធបរិស័ទនាពេលនេះ ។

ស្ថិតក្នុងវរកាលដ៏ប្រពៃថ្លៃថ្លាឧត្តុង្គឧត្តមនេះ ឯកឧត្តម ទៀ សីហា បានឧទ្ទិសបួងសួងកុសល្យផលបុណ្យ ដែលយើងទាំងអស់គ្នាបានធ្វើទាំងអម្បាមាណ ប្រគេនថ្វាយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភាក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ សូមឲ្យព្រះគ្រូមានសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ព្រះធម៌ដល់សិស្សគណគ្រប់ៗអង្គ/នាក់ បានសិក្សាក្រេបជញ្ជក់នូវចំណេះដឹង ក្នុងវិស័យព្រះពុទ្ធសាសនានៃយើង ដែលជាសាសនារបស់រដ្ឋ។ ដើមី្បចូលរួមក្នុងពិធីចម្រើនព្រះជន្ម ឯកឧត្តម បានប្រគេននូវគ្រឿងឧបភោគបរិភោគ មានអង្គរ ៥០០គក្រ , ទឹកក្រូច ១០កេស , ទឹកសុទ្ធ ២០កេស , ទឹកត្រី ១០យួរ , ទឹក ស៊ីអ៊ីវ ១០យួរ ,ត្រីខ ៥កេស ,ទឹកដោះគោ ១កេស, តែ ៥គក្រ , ស្ករស ១០គក្រ និងបច្ច័យ ៥លានរៀល និង សាខាកាកបាទ ក្រហមខេត្ត ថវិកា ២លានរៀល សរុប ៧លានរៀល ។

មានសង្ឃដីកានោះដែរ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ក៏បានផ្តល់នូវពុទ្ធឱវាទល្អៗជាច្រើន ដើមី្បជាត្រីវិស័យ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង ពុទ្ធបរិស័យ យកទៅប្រតិបត្តិនៅក្នុងខ្សែជីវិត និង បម្រើការងារជូនប្រជាពលរដ្ឋ ប្រកបដោយសច្ចធម៌បរិសុទ្ធ សំដៅឆ្ពោះទៅការកសាងប្រទេសជាតិ ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ។ ព្រះអង្គក៏បានមានសង្ឃដិកាបញ្ជាក់អំពីផ្លូវបុណ្យ និង ផ្លូវបាប ដែលកើតឡើងដោយអំពើរបស់យើងរាល់គ្នា ហើយផ្លូវបុណ្យ គឺកើតឡើងពី ចិត្តរបស់យើង ហើយផ្លូវបាបក៏កើតចេញពីអំពើអាក្រក់របស់យើងផងដែរ ។ ដូច្នេះផ្លូវបុណ្យ ផ្លូវបាប គឺស្ថិតនៅជុំវិញខ្លួនរបស់ យើងនៅគ្រប់ដង្ហើមចេញចូលនៃយើង ។
អំណោយដែលបានចែកជូនដល់បងប្អូនទាំង ៣៨៤គ្រួសារ ដោយមួយគ្រួសារទទួលបានឃីត១កញ្ចប់មានភួយ ,មុង , ក្រម៉ា , សារុង ,ខ្នើយ និង ថវិកា ៤ម៉ឺនរៀល និងរៀបចំអាហារជូនផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។