ព័ត៌មានជាតិ

ប្រយ័ត្ន ! ចាប់ពីថ្ងៃ១៧ ដល់២៣ សីហាកម្ពុជារងសម្ពាធទាបធ្វើឲ្យមានភ្លៀងលាយឡំខ្យល់ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​២៣ សីហា​ខាង​មុខ​នេះ កម្ពុជា​បាន​រង​សម្ពាធ​ទាប ប្រទេស​ជិតខាង​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​លាយឡំ​នឹង​បា​តុ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ព្យាករ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២២ របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​១៦ ខែសីហា បាន​ឲ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ( ITCZ ) អូស​បន្លាយ​កាត់​លើ​ភាគ​ខាងជើង​ប្រទេស​ថៃ , ឡាវ , វៀតណាម ភ្ជាប់​ទៅ​នឹង​សម្ពាធ​ទាប សកម្ម​មួយ​នៅ​ភាគ​ខាងលើ​សមុទ្រ​ចិន​ខាងត្បូង​រួម​ជាមួយនឹង​ខ្យល់មូសុង​និរតី​បក់​ពី​មធ្យម​ទៅ​បង្គួរ ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣-២៥ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣២-៣៤​អង្សា​សេ​។​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ក្នុង​នោះ​ក៏​មាន ច្រើន​ដោយ​អន្លើ និង​លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

បរិមាណ​ទឹក ភ្លៀង​ដែល​នឹង​អាច​ធ្លាក់​បន្តបន្ទាប់​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ភូមិសាស្ត្រ​មួយ​ចំនួន​នៃ​ខេត្តកំពង់ធំ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​សារ​ជា​ថ្មី ។ ចំណែក​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២-២៤​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-៣៣​អង្សា​សេ​។​នឹង​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​ពី តិច​ទៅ​ទៅ​បង្គួរ និង​ច្រើន​ដោយ​អន្លើ​លាយឡំ​ទៅ​ដោយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

បរិមាណ​ទឹកភ្លៀង​ដែល​ធ្លាក់​ជា​បន្តបន្ទាប់​នោះ នឹង​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង នៅ​ក្នុងភូមិ​សាស្ត្រ មួយ​ចំនួន​នៃ​បណ្តា​ខេត្ត​មាន​ជា​អាទិ៍ ៖ ខេត្តព្រះវិហារ ស្ទឹង​ត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​ខេត្តឧត្តរមានជ័យ​។ ដោយឡែក​តំបន់​មាត់សមុទ្រ មាន សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៣-២៥​អង្ស​សេ និង សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ អង្សា​សេ​។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។