ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ៖ «រួមគ្នាបង្ការទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រឿងញៀន»

(កំពង់ចាម) :នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ៖ «រួមគ្នាបង្ការទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រឿងញៀន» ដែលបានរៀបចំ នៅស្រុកបាធាយ ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដមអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព ស្ថាប័នក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង តំណាងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រួ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ផងដែរ ។

ក្នុងឱកាសនោះឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តកំពង់ចាម បានបញ្ជាក់ថា ការជួបជុំគ្នានៅទីនេះ ដើម្បី ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងគោលបំណង ដើម្បី លុបបំបាត់ឲ្យអស់ នូវរាល់ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន តាមគ្រប់រូបភាព និងធ្វើឱ្យសម្រេចនូវគោលដៅអនុវត្ត ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល ។ ដូច្នេះ ដើម្បី ឈានទៅសម្រេចបាននូវគោលដៅ អនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៧ ឆ្នាំ២០២២ ក៏ដូចជា ការកសាងនូវសហគមន៍ និងជីវភាពសង្គម គ្មានគ្រឿងញៀន យើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ លើខ្លឹមសារ ៥ចំណុច ដូចមាននៅក្នុងសាលិខិត របស់ម្ដេច ដែលយើងទាំងអស់គ្នាគប្បីត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព ។ ជាមួយនោះ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួវពិនិត្យគ្រឿងញៀន ខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានដាក់ចេញនូវវិធានការណ៍ មួយចំនួន ដែលក្នុងនោះ ៖ ១-សម្រាប់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាការពារ ពិសេស ប៉ុស្តិ៍រដ្ឋបាលនគរបាល ត្រូវតាមដាន និងគ្រប់គ្រងឲ្យបានជាប់ នូវមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ នៅក្នុងសហគមន៍ និងឈនទៅដល់ការបង្ក្រាបនៅនឹងកន្លែង ឲ្យបានទាន់ពេលវេលា ឬចាត់វិធានការណ៍បង្ក្រាបឲ្យខាងតែបាន តាមដីការបស់តុលាការ ។ ២-សម្រាប់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមឲ្យបានសកម្ម ជាមួយនឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេស សូមចូលរួមចលនាប្រជាពលរដ្ឋ ឲ្យចូលរួមក្នុងសកម្មភាពនេះ ឲ្យបានច្រើន ។ ៣-សម្រាប់បងប្អូនប្រជាពលរដ្ឋ សូមយោគយល់ដល់សមត្ថកិច្ច ក្នុងការបំពេញនីតិវិធីបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយចូលរួមសហការ ក្នុងនាមជាប្រជាពលរដ្ឋល្អ ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើបន្ថែមដល់ អ៊ំ ពូ មីង បងប្អូន ប្រជាពលរដ្ឋយើង សូមចូលរួមទាំងអស់គ្នា បន្តទៀត ដើម្បី ភូមិ ឃុំ យើងមានសុវត្ថិភាព នោះគឺការរួមចំណែកអនុវត្តគោនយោបាយទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ផងដែរ។ មួយវិញទៀត នាបច្ចុប្បន្ននេះ ក៏មានគុណខិលខូចមួយចំនួន ជាមេខ្យល់ កំពុងប្រើល្បិចក៏ល្អទាញបងប្អូនយើង អោយលង់ខ្លួន ក្នុងឧបាយកលឆបោក តាមរយៈ ការលួងលោមឲ្យបងប្អូន ចេញទៅរកការងារធ្វើ នៅក្រៅប្រទេស ការរៀបអាពាហ៍ពិពាហ៍ ជាមួយជនបរទេស ដើម្បីបានចេញទៅរស់នៅក្រៅប្រទេស ។ ដែលទង្វើនេះ គឺជាអំពើជួញដូរមនុស្ស ហើយត្រូវបានហាមឃាត់ដោយច្បាប់ ។ ឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវ ដល់បងប្អូន កូនក្មួយទាំងអស់ សូមប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ចំពោះ ល្បិចកលទាំងនេះ ។ ប៉ុន្តែ បើបងប្អូនមានបំណងចេញទៅធ្វើការ ខាងក្រៅប្រទេស ក្រោមរូបភាពណាក៏ដោយ សូមដាក់ជាប់ខ្លួនជានិច្ច នូវលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ លេខទូរស័ព្ទស្ថានទូតខ្មែរ នៅប្រទេសនោះ និងលេខទូរស័ព្ទឪពុកម្ដាយ បងប្អូន ក្រុមគ្រួសារ ឬលេខទូរស័ព្ទអាជ្ញាធរភូមិ ឃុំរបស់ខ្លួន ។ សូមបងប្អូន កូនក្មួយ ចងចាំថា មានតែក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែមួយប៉ុណ្ណោះ ដែលអាចជួយរកការងារ នៅក្រៅប្រទេសបាន ដោយស្របច្បាប់ និងការធានាសុវត្ថិភាព៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។